ខេត្តព្រះសីហនុ ៖ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមជំនាញការនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន លើគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនាយប់ថ្ងៃទី១៤ ខែមករានេះ ។
កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយក្រុមជំនាញការជប៉ុន (JICA និង OCDI) ដឹកនាំដោយលោក KOICHI MIYAKE ។ ជំនួបនេះផ្តោតសំខាន់លើ ការរៀបចំផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកកម្រិតតំបន់។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំរបាយការណ៍បឋម និងផែនការសកម្មភាព (Workplan) សម្រាប់ការផ្តើមអនុវត្តគម្រោងរៀបចំផែនការមេ ការកំណត់នូវសមាសភាពស្ថាប័នពាក់ព័ន្ធក្នុងការបង្កើតក្រុមការងារជំនាញ (Working Group) ការងារត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី១ (1st JCC) និងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះសមាជិកអង្គប្រជុំ និងភាគីជប៉ុន ដែលបានមកធ្វើបទបង្ហាញពីការរៀបចំផែនការការងារគម្រោង និងការចុះទៅជួបប្រជុំផ្ទាល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលនូវធាតុចូលបន្ថែមក្នុងការរៀបចំផែនការមេ និងណែនាំឱ្យក្រុមជំនាញការនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស គួរពិនិត្យបន្ថែមលើការកំណត់វិសាលភាពនៃការរៀបចំផែនការមេនេះ, ការរៀបចំបង្កើត Working Group, ការកំណត់នូវរបៀបវារៈនៃកិច្ចប្រជុំ JCC និងកាលបរិច្ឆេទនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ក្នុងខែកុម្ភៈខាងមុខ ។
តាមរយៈកិច្ចប្រជុំនេះផងដែរ លោកជំទាវក៏បានបញ្ជាក់ដល់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អំពីការត្រៀមលក្ខណៈជានិច្ចរបស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការផ្តល់កិច្ចសហការបន្ថែមទៀត ធ្វើយ៉ាងណាជំរុញឱ្យការសិក្សាផែនការលម្អិតរបស់គម្រោងនេះមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស សំដៅឱ្យការសិក្សាទទួលបានលទ្ធផលផ្លែផ្កាស្របតាមផែនការដែលបានគ្រោងទុក ៕


ចែករំលែកព័តមាននេះ