រាជធានីភ្នំពេញ ៖ ក្រោយពីដឹកជញ្ជូនចប់ យុវជន១ក្រុមអង្គុយជុំគ្នាលេងហ្គេម ស្រាប់តែត្រូវក្មេងស្ទាវ១ក្រុម ជិះម៉ូតូមកឈប់ដេញកាប់ផ្អើលពេញផ្លូវ ព្រមទាំងកាប់បំផ្លាញម៉ូតូ៤គ្រឿងថែមទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវលេខ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីក្រុមយុវជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់យប់ ពួកគាត់តែងតែមកអង្គុយនៅទីនេះជាក្រុម ប្រមាណ៤ទៅ១០ម៉ូតូ ដើម្បីសម្រាកជជែកគ្នា និងលេងហ្គេមក្នុងទូរស័ព្ទកម្សាន្តជុំគ្នា បន្ទាប់ពីពួកគាត់បញ្ចប់ការងារដឹកជញ្ជូនទំនិញ ឬអាហារអោយភ្ញៀវរួចរាល់ ។
យុវជនរងគ្រោះបានបន្តទៀតថា លុះកំពុងអង្គុយលេងសុខៗ ស្រាប់តែមានក្រុមក្មេងស្ទាវ មានគ្នីគ្នាជិត១០ម៉ូតូ បានចូលមកសម្លុត ទាញកាំបិតដេញកាប់ ព្រមទាំងយកដុំថ្មដេញគប់ពួកគាត់ ធ្វើឲ្យពួកគាត់ភិតភ័យនាំគ្នារត់ចោលម៉ូតូអស់ ។ បន្ទាប់ពីធ្វើសកម្មភាពដេញកាប់មិនបានសម្រេច ក្រុមក្មេងស្ទាវបង្ក បាននាំគ្នាបំផ្លាញម៉ូតូរបស់ជនរងគ្រោះ ដោយកាប់ និងវាយបំបែកផ្នែកខាងក្រៅ បង្កអោយខូចខាតម៉ូតូរហូតដល់ទៅ៤គ្រឿង ក្នុងនោះម៉ូតូ NEX ចំនួន៣គ្រឿង និងម៉ូតូហុងដាឌ្រីម១គ្រឿង ។
បន្ទាប់ពីកាប់រួច ពួកគេបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ទៅ ដោយបន្សល់ទុកនូវកាំបិតផ្គាក់អត់មានដង និងដុំថ្ម នៅកន្លែងកើតហេតុ ។ ក្នុងនោះក្រុមយុវជនរងគ្រោះបានបន្ថែមថា ពួកគេមិនដែលមានទំនាស់ជាមួយនរណានោះទេ មិនដឹងថាមូលហេតុអ្វីបានជាក្រុមជនបង្កដេញកាប់ពួកគាត់ទៅវិញ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបាននាំខ្លួនក្រុមយុវជនរងគ្រោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបានបឹងកក់ទី១ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធី ៕










ចែករំលែកព័តមាននេះ