ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ថៃ បន្ត​អនុវត្ត​ការងារ​បោះបង្គោល​បណ្តោះអាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ 42-47 និង​បង្គោល​លេខ 52-59

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ កម្ពុជា​បាន​ស្នើ​ភាគី​ថៃ​បន្ត​អនុវត្ត​ការងារ​បោះបង្គោល​បណ្តោះអាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ 42-47 និង បង្គោល​លេខ 52-59 នៅ​កាលបរិច្ឆេទ​សម​ស្រប​ណាមួយ​ចន្លោះ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែមករា…

រាជធានី​ភ្នំពេញ ​៖ កម្ពុជា​បាន​ស្នើ​ភាគី​ថៃ​បន្ត​អនុវត្ត​ការងារ​បោះបង្គោល​បណ្តោះអាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ 42-47 និង បង្គោល​លេខ 52-59 នៅ​កាលបរិច្ឆេទ​សម​ស្រប​ណាមួយ​ចន្លោះ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​លើក​ឡើង​ថា កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC) កម្ពុជា​-​ថៃ ដែល​កម្ពុជា​បាន​ស្នើ​រៀបចំ​ឡើង​នៅ​ស​ប្តា​ហ៍​ទី​២ ឬ​ស​ប្តា​ហ៍​ទី​៣ ខែមករា ឆ្នាំ​២០២៦ នៅ​ខេត្ត សៀមរាប ត្រូវ​បាន​ភាគី​ថៃ​ឆ្លើយ​តប​ និង​ស្នើ​លើក​ពេល​សា​ជា​ថ្មី ជា​លើក​ទី​២ ដោយ​លើក​ហេតុផល​រង់ចាំ​នីតិវិធី ផ្ទៃក្នុង​ដើម្បី​តែងតាំង​សមាសភាព​ថ្មី​នៃ​គណៈកម្មការ​-JBC​ភាគី​ថៃ បន្ទាប់​ពី​គណៈរដ្ឋមន្ត្រី​ថៃ​ថ្មី​ត្រូវ​បាន​បង្កើត ឡើង ក្រោយ​ការ​បោះ​ឆ្នោត​សភា​នៅ​ដើមខែ​កុម្ភៈ​នា​ពេល​ខាង​មុខ​ ។

ថ្លែងការណ៍​បាន​លើក​ឡើង​ថា ក្នុងអំឡុងពេល​រង់ចាំ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ JBC នា​ពេល​ខាង​មុខ និង​ដើម្បី​ព​ន្លឿ​ន ការ​អនុវត្ត​ការងារ​លើ​ដី​ជាក់ស្តែង​ដែល​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក ស្រប​តាម​ខ្លឹមសារ​នៃ​កំណត់ហេតុ កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ JBC កម្ពុជា​-​ថៃ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ នៅ​ខេត្ត​ចន្ទ​បុរី ភាគី​កម្ពុជា​បាន​ស្នើ​សា​ជា​ថ្មី​ទៅ​ភាគី​ថៃ តាម​រយៈ​កំណត់​ទូត​ចុះ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៦ ដែល​មាន​ខ្លឹមសារ ដូច​ខាងក្រោម​ ៖

១- ស្នើ​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ (Joint Survey Teams) នៃ​ភាគី​ទាំង​ពីរ ចុះ​លើ​ដី​ជាក់ស្តែង​ឡើង​វិញ ដើម្បី​បន្ត​អនុវត្ត​ការងារ​បោះបង្គោល​បណ្តោះអាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ 42-47 និង បង្គោល​លេខ 52-59 នៅ​កាលបរិច្ឆេទ​សម​ស្រប​ណាមួយ​ចន្លោះ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦​។ ក្រុម​វាស់វែង​ចម្រុះ​នៃ​ភាគី​ទាំង​ពីរ​នឹង​ធ្វើការ​ទំនាក់ទំនង​គ្នា​ផ្ទាល់ ដើម្បី​កំណត់​ពេលវេលា​និង​ទីតាំង​ជាក់លាក់ នៃ​ការ​ចុះ​លើ​ដី​ជាក់ស្តែង​។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា ក្រុម​វាស់វែង​ចម្រុះ​នៃ​ភាគី​ទាំង​ពីរ​កម្ពុជា​-​ថៃ បាន​ចាប់ផ្តើម​ធ្វើការ​វាស់វែង​និង បោះបង្គោល​បណ្តោះអាសន្ន នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ 42-47 កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ និង​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ 52-59 កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ហើយ​ត្រូវ​បាន​ផ្អាក​កាលពី​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ដោយសារ​សង្គ្រាម​ឈ្លានពាន​មក​លើ​អធិបតេយ្យ​និង បូរណភាព​ទឹកដី​កម្ពុជា​។

២- ស្នើ​ចាត់​បញ្ជូន​ក្រុមការងារ​វាស់វែង​ចម្រុះ​នៃ​ភាគី​ទាំង​ពីរ​ចុះ​ធ្វើការ​លើ​ដី​ជាក់ស្តែង នៅ​កាលបរិច្ឆេទ សម​ស្រប​ណាមួយ​ចន្លោះ​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦ ដើម្បី​សាងសង់​ឡើង​វិញ​នូវ​បង្គោល ព្រំដែន​ចំនួន ១៥ តាម​គំរូ​ដើម​បង្គោល​ជំនាន់​បារាំង​នៅ​ទីតាំង​ដើម​ពិតប្រាកដ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​គូសបញ្ជាក់​ឡើង​វិញ​ថា ការ​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ​ដើម្បី បន្ត​ចុះ​ធ្វើការ​លើ​ដី​ជាក់ស្តែង​នេះ គឺ​ធ្វើ​ឡើង​ស្រប​តាម​នីតិវិធី និង​បែបបទ​ការងារ (Technical Instruction) ដែល​បាន​ឯកភាព​គ្នា និង​ស្រប​តាម​ខ្លឹមសារ​នៃ​កំណត់ហេតុ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ JBC កម្ពុជា​-​ថៃ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ នៅ​ខេត្ត​ចន្ទ​បុរី នា​ពេល​កន្លង​មក​។

ក្នុង​ស្មារតី​នេះ នាយក​រដ្ឋមន្ត្រី​ថៃ ឯកឧត្តម Anutin Charnvirakul ក៏​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ ដូច​មាន​ចុះ​ផ្សាយ​ក្នុង សារព័ត៌មាន The Nation Thailand ថា​៖ «​ក្នុងអំឡុងពេល​រដ្ឋាភិបាលចាំផ្ទះ (…) កិច្ចប្រជុំ​របស់​គណៈកម្មការ JBC ថៃ​-​កម្ពុជា មិន​អាច​ធ្វើ​បាន​ទេ ដោយហេតុ​ថា​អាណត្តិ​របស់​ប្រធាន​គណៈកម្មការ JBC បាន​បញ្ចប់ ជាមួយនឹង​អាណត្តិ​របស់​រដ្ឋាភិបាល​ទៅ​ហើយ​។ (…) ប៉ុន្តែ ក្រុមការងារ​កម្រិត​បច្ចេកទេស​នៅ​បន្ត​អនុវត្ត ការងារ​របស់​ខ្លួន​ដដែល​។

ឆ្លៀត​ក្នុង​ឱកាស​នេះ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​បញ្ជាក់​ជូន​សា​ជា​ថ្មី​ដល់​ជនរួមជាតិ និង សាធារណ​ជនជាតិ​-​អន្តរជាតិ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​កម្ពុជា ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។

ក្នុង​ន័យ​នេះ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC)​កម្ពុជា នឹង​បន្ត​អនុវត្ត​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ឱ្យ​បាន​ឆាប់​បំផុត​ជាមួយ​គណៈកម្មការ ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​ថៃ ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​តាម​បណ្តោយ​ព្រំដែន និង មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ក៏​អំពាវនាវ​ដល់​ជនរួមជាតិ និង​សាធារណជន​ទាំងអស់​មេត្តា ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​កម្ពុជា ដែល​ជា​និច្ចកាល តែង​ប្រកាន់ខ្ជាប់​នូវ​មនសិការ​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត ដោយ​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ​ជា​ធំ ជា​ពិសេស​ការ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ