ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជិត ១​ពាន់​ក្បាលដី ត្រូវ​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះ​ស្រ​ឡាយ

11 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦ លោក សរ សុ​ពុ​ត្រា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង…

ខេត្តស្ទឹងត្រែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦ លោក សរ សុ​ពុ​ត្រា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង អមដំណើរ​ដោយ​លោក សាយ ព្រលឹង សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​) ចំនួន ៩៦១​ក្បាលដី ជូន​ដល់​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ស្មា​កោះ និង​ភូមិ​កាំ​ង​ដែក​។ ពិធី​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​សិលា​រតនា​រាម ស្ថិត​ក្នុង​ឃុំ​កោះ​ស្រ​ឡាយ ស្រុក​សៀម​បូក ។

លោក សរ សុ​ពុ​ត្រា បាន​លើក​ឡើង​ថា ការ​ផ្ដល់​បណ្ណ​កម្មសិទ្ធិ​នា​ពេល​នេះ គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ។ លោក​បាន​បញ្ជាក់​ថា រយៈពេល​ជាង​ពាក់កណ្តាល​អាណត្តិ​កន្លង​ទៅ​នេះ រាជរដ្ឋាភិបាល​បាន​ធានា​យ៉ាង​រឹង​មាំ​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​លើ​គ្រប់​វិស័យ ។

លោក​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់​ថា​៖ «​វិញ្ញាបនបត្រ ដែល​បងប្អូន​ទទួល​បាន​នៅ​ថ្ងៃនេះ គឺជា​ឯកសារ​គតិ​យុ​ត្ត​ដ៏​មាន​សារៈសំខាន់​បំផុត ដែល​បញ្ជាក់​ពី​សិទ្ធិ​ស្របច្បាប់​ជា​ម្ចាស់​លើ​ក្បាលដី​។ ចាប់ពី​ពេល​នេះ​តទៅ បងប្អូន​នឹង​មាន​សុវត្ថិភាព​ក្នុង​ការ​កាន់កាប់ ប្រើប្រាស់ អាស្រ័យ​ផល និង​មាន​សិទ្ធិ​ចាត់ចែង​ដីធ្លី​របស់​ខ្លួន​បាន​យ៉ាង​ទូលំទូលាយ​តាម​ផ្លូវច្បាប់​» ។

បច្ចុប្បន្នភាព នៃ​ដីធ្លី និង​ស្ថិតិ​ការ​ចែក​បណ្ណ ក្នុង​ខេត្ត​យោង​តាម​របាយការណ៍​ពី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត សម្រាប់​ភូមិ​ស្នា​កោះ និង​ភូមិ​កាំ​ង​ដែក ក្រុមការងារ​វាស់វែង​សម្រេច​បាន​សរុប​១,៤៩៧​ក្បាលដី​។ ក្នុង​នោះ បណ្ណ​ដែល​ត្រូវ​ចែក​ជូន​នា​ពេល​នេះ​មាន​ចំនួន ៩៦១​បណ្ណ (​កម្មសិទ្ធិឯកជន ៩៣៩​ក្បាលដី និង​ដី​សាធារណៈ​របស់​រដ្ឋ ២២​ក្បាលដី​) ។

ដោយឡែក ចំពោះ​ក្បាលដី​ដែល​មិន​ទាន់​អាច​ចេញ​បណ្ណ​បាន​ចំនួន ៥៣៦​ក្បាលដី​ទៀត​នោះ គឺ​ដោយសារ​៖១. ក្បាលដី​ស្ថិត​ក្នុង​ផែនទី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ របស់​ក្រសួងកសិកម្ម ។ ២. ម្ចាស់​ក្បាលដី​មួយ​ចំនួន​ខកខាន មិន​បាន​ចូលរួម​បំពេញ​ទិន្នន័យ​ជាមួយ​មន្ត្រី​ជំនាញ​។

គួរ​បញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ នៅ​ទូ​ទាំង​ខេត្តស្ទឹងត្រែង រដ្ឋបាល​ខេត្ត​បាន​ប្រកាស​តំបន់​វិនិច្ឆ័យ​បាន​ចំនួន ១១១ ភូមិ (​ក្នុង​ចំណោម ១៣៧​ភូមិ​សរុប​)​។ ក្នុង​នោះ រដ្ឋបាល​សុរិយោដី​បាន​ចេញ​បណ្ណ​កម្មសិទ្ធិ​សរុប​ចំនួន ៣៧,៨៩២​បណ្ណ និង​បាន​ចែក​ជូន​ដល់​ដៃ​ប្រជាពលរដ្ឋ​រួច
រាល់​ចំនួន ៣១,៤០៩​បណ្ណ​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ