ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្តន្ទាទោស​អតីត​ថៅកែ​បុរី ម៉​ន ដា​នី ដាក់​ពន្ធនាគារ​ ១ឆ្នាំ ពី​បទ​ហិ​ង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​សុចរិត តែ​នៅ​ជាប់​បណ្តឹង​ច្រើន​ទៀត​

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦នេះ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​ជនជាប់ចោទ​អតីត​ថៅកែ​បុរី ម៉​ន ដា​នី…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦នេះ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​ជនជាប់ចោទ​អតីត​ថៅកែ​បុរី ម៉​ន ដា​នី ដាក់​ពន្ធនាគារ​កំណត់​ ១ឆ្នាំ ដោយ​ជាប់ចោទ​ពី​បទ​.​ប្រើ​អំពើ​ហិ​ង្សា​លើ​ជន​រង​គ្រោះជា​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ។

សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

សមាសភាព​ចូលរួម​ពិធី​ប្រកាស​សាលក្រម​មានលោក ទីវ គឹ​ម​ពិសាល ចៅក្រម​ជំនុំជម្រះ និង​លោក លី គី​ម​ស៊ា​ន ព្រះរាជអាជ្ញា​រង ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយចំពោះ​មុខ​ជនជាប់ចោទ​ឈ្មោះ ម៉​ន ដា​នី ភេទ​ស្រី អាយុ​៤០ឆ្នាំ អតីត​ថៅកែ​បុរី ម៉​ន ដា​នី និង​មេធាវី​ការពារ​ក្តី ​ដោយ​អាណត្តិ ព្រមទាំង​មេធាវី​ការពារ​ក្តី​ឲ្យ​ភាគី​ខាង​ដើមបណ្តឹង​ផង​ដែរ ។

សាលក្រម​បាន​បញ្ជាក់​ថា អតីត​ថៅកែ​បុរី ម៉​ន ដា​នី ជាប់ចោទ​ពី​បទ​.​ប្រើ​អំពើ​ហិង្សា ទៅ​លើ​អ្នកកាន់កាប់​អចលនវត្ថុ ដោយ​សុចរិត ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ដែល​សំណុំរឿង​នេះ​ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើ​កស​វនា ការ​កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥ ដោយ​បាន​កំណត់​យក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦ ជា​ប្រកាស​សាលក្រម ។

សូម​រម្លឹក​ថា ៖ កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ ២០២៥ កន្លង​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ថៅកែ​បុរី ម៉​ន ដា​នី មួយ​សំណុំរឿង​ដែរ ដោយ​ដាក់​ពន្ធនាគារ​កំណត់​ ១ឆ្នាំ និង​តម្រូវ​ឲ្យ​ប្រាក់​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី ករណី​ចេញ​សែក​ស្អុយ​ប្រមាណ​ ៥ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

សំណុំរឿង​ព្រហ្មទណ្ឌ​ខាងលើ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥ ពាក់​ពន្ធ​ថៅកែ​បុរី ម៉​ន ដា​នី ចាយ​សែក​ស្អុយ​ប្រមាណ​៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​សវនាការ​នោះ​បាន​ធ្វើ​ឡើងជា​សា​ធារណៈ និង​ដឹកនាំ​ដោយ​លោក ទីវ គឹ​ម​ពិសាល ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សវនាការ​បាន​ធ្វើការ​សាកសួរ​ដេញ​ដោល​ទៅ​លើ​ជនជាប់ចោទ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង តាម​បណ្តឹង​ចោទប្រកាន់​ពីរ​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ ​ពោល​គឺ​ចាយ​សែក​ស្អុយ ​ដែល​មាន​សាច់ប្រាក់​ប្រមាណ​៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក។ ក្នុង​សវនាការ​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ ម៉​ន ដា​នី បាន​បញ្ជាក់​ថា បណ្តឹង​ទឹកប្រាក់​ ៥ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ កូនក្តី​បាន​សង​ទៅ​ដើមបណ្តឹង​ចំនួន​ ៣ម៉ឺន​ដុល្លារ​រួច​ហើយ នៅ​សល់​តែ​ ២ម៉ឺន​ដុល្លារ​ទេ និង​សន្យា​សង​ជា​បន្តបន្ទាប់ ដូច្នោះ​មិន​គួរ​ត្រូវ​ប្តឹង​ទៀត​ឡើយ គួរតែ​ទុក​ពេល​ឲ្យ​កូនបំណុល​រក​ប្រាក់​ដោះ​រំ​លោះ​ទៅ​តាម​លទ្ធភាព ។

សូម​បញ្ជាក់​ទៀត​ថា អតីត​ថៅកែ​បុរី ម៉​ន ដា​នី មាន​ទីលំនៅ​ផ្ទះ លេខ​បេ​៤៨ ផ្លូវ​បេតុង ភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៥ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ ចាប់ខ្លួន​នៅ​ច្រកព្រំដែន​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ ខណៈ​ថៅកែ​ស្រី ម៉​ន ដា​នី កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ទីនោះ ដែល​ការ​ចាប់ខ្លួន​នោះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​ពេល​ចាប់ខ្លួន​ហើយ​សមត្ថកិច្ច​ក៏​បញ្ជូន​ជនជាប់ចោទ​ទៅ​តុលាការ​តាម​នីតិវិធី លុះ​នៅ​ថ្ងៃ​ទី១៨ ខែមករា ឆ្នាំ​២០២៥ ចៅ​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​អតីត​ថៅកែ​បុរី ម៉​ន ដា​នី ដាក់​ពន្ធនាគារ​(ម​២) ព្រៃ​ស​បណ្តោះអាសន្ន ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ថៅកែ​បុរី ម៉​ន ដា​នី នៅ​ជាប់​បណ្តឹង​ជា​ច្រើន​ករណី​ទៀត អាច​រហូត​ដល់​ទៅ​ជាង​៣០បណ្តឹង​ឯណោះ ពាក់​ព័ន្ធ​ករណី​ចេញ​សែក​ស្អុយ ​ឲ្យ​អតិថិជន​របស់​ខ្លួន ទិញ​លក់​គំរោង​បុរី ផ្ទះល្វែង ដែល​បណ្តឹង​ទាំង​អស់នោះ​តុលាការ​ នឹង​លើ​យក​មក​បើក​សវនាការ​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ