រាជធានីភ្នំពេញ ៖ កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលកម្ពុជា បានស្នើរៀបចំឡើងនៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ត្រូវបានភាគីថៃ ឆ្លើយតប និងស្នើលើកពេលសាជាថ្មី ជាលើកទី២ ដោយលើកហេតុផល រង់ចាំនីតិវិធីផ្ទៃក្នុង ។
បើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឲ្យដឹងថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ ដែលកម្ពុជា បានស្នើរៀបចំឡើងនៅសប្តាហ៍ទី២ ឬសប្ដាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ត្រូវបានភាគីថៃឆ្លើយតប និងស្នើលើកពេលសាជាថ្មី ជាលើកទី២ ដោយលើកហេតុផលរង់ចាំនីតិវិធី ផ្ទៃក្នុង ដើម្បីតែងតាំងសមាសភាពថ្មី នៃគណៈកម្មការ-JBC ភាគីថៃ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃថ្មី ត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតសភានៅដើមខែកុម្ភៈ នាពេលខាងមុខ ។
ក្នុងអំឡុងពេលរង់ចាំ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីពន្លឿន ការអនុវត្តការងារលើដីជាក់ស្ដែង ដែលបានឯកភាពគ្នា នាពេលកន្លងមក ស្របតាមខ្លឹមសារ នៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ IBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ភាគីកម្ពុជា បានស្នើសាជាថ្មី ទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារដូចខាងក្រោម ៖
១- ស្នើចាត់បញ្ចូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) នៃភាគីទាំងពីរ ចុះលើដីជាក់ស្ដែងឡើងវិញ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 និងបង្គោលលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ ក្រុមវាស់វែងចម្រុះ នៃភាគីទាំងពីរ នឹងធ្វើការទំនាក់ទំនងគ្នាផ្ទាល់ ដើម្បីកំណត់ពេលវេលានិងទីតាំងជាក់លាក់ នៃការចុះលើដីជាក់ស្តែង ។
សូមគូសបញ្ជាក់ផងដែរថា ក្រុមវាស់វែងចម្រុះ នៃភាគីទាំងពីរកម្ពុជា-ថៃ បានចាប់ផ្ដើមធ្វើការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ 42-47 កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 52-59 កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយត្រូវបានផ្អាក កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយសារសង្គ្រាមឈ្លានពានមកលើអធិបតេយ្យ និង បូរណភាពទឹកដីកម្ពុជា ។
២- ស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះ នៃភាគីទាំងពីរ ចុះធ្វើការលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញ នូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមពិតប្រាកដ ដែលភាគីទាំងពីរបានឯកភាពគ្នា ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមគូសបញ្ជាក់ឡើងវិញថា ការចាត់បញ្ចូនក្រុមវាស់វែងចម្រុះ ដើម្បីបន្តចុះធ្វើការលើដីជាក់ស្តែងនេះ គឺធ្វើឡើងស្របតាមនីតិវិធី និងបែបបទការងារ (Technical Instruction) ដែលបានឯកភាពគ្នា និងស្របតាមខ្លឹមសារ នៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី នាពេលកន្លងមក។ ក្នុងស្មារតីនេះ នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម Anutin Charnvirakul ក៏បានលើកឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដូចមានចុះផ្សាយក្នុង សារព័ត៌មាន The Nation Thailand ថា ៖ “ក្នុងអំឡុងពេលរដ្ឋាភិបាលចាំផ្ទះ (…) កិច្ចប្រជុំរបស់គណៈកម្មការ JBC ថៃ-កម្ពុជា មិនអាចធ្វើបានទេ ដោយហេតុថា អាណត្តិរបស់ប្រធានគណៈកម្មការ JBC បានបញ្ចប់ ជាមួយនឹងអាណត្តិរបស់រដ្ឋាភិបាលទៅហើយ។ (…) ប៉ុន្តែ ក្រុមការងារកម្រិតបច្ចេកទេស នៅបន្តអនុវត្តការងាររបស់ខ្លួនដដែល» ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មី ដល់ជនរួមជាតិ និងសាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការ ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែន មិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ជាមួយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង តាមបណ្ដោយព្រំដែន និងមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាល តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ៕




ចែករំលែកព័តមាននេះ