ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិតឆ្លងដែន​ប្រទេស​អាស៊ី​ចំនួន ៣ មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ ២០២៦

2 ម៉ោង មុន

ប្រទេស​សិង្ហ​បុរី ៖ យោង​តាម​របាយការណ៍​ចុង​ក្រោយបង្អស់​របស់ Henley អំពី​ស​ន្ទ​ស្សន៍​លិខិត ឆ្លងដែន​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក បង្ហាញ​ថា ចំណាត់ថ្នាក់​កំពូល​ទាំង ៣ ត្រូវ​បាន​កាន់កាប់​ដោយ​ប្រទេស​នៅ​អាស៊ី​ទាំងអស់…

ប្រទេស​សិង្ហ​បុរី ៖ យោង​តាម​របាយការណ៍​ចុង​ក្រោយបង្អស់​របស់ Henley អំពី​ស​ន្ទ​ស្សន៍​លិខិត ឆ្លងដែន​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក បង្ហាញ​ថា ចំណាត់ថ្នាក់​កំពូល​ទាំង ៣ ត្រូវ​បាន​កាន់កាប់​ដោយ​ប្រទេស​នៅ​អាស៊ី​ទាំងអស់ ដោយ​សិង្ហ​បុរី​ឈរ​កំពូល​តារាង តាម​ពីក្រោយ​ដោយ​ជប៉ុន និង​កូរ៉េ​ខាងត្បូង​នៅ​ចំណាត់ថ្នាក់​លេខ ២ ស្ទួន​។

ពលរដ្ឋ​សិង្ហ​បុរី​កំពុង​រីករាយ​នឹង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស និង​ដែនដី​ចំនួន ១៩២ ដោយ​មិន​តម្រូវ​ទិដ្ឋាការ នៅ​ក្នុង​ចំណោម​ប្រទេស និង​ដែនដី​សរុប​ចំនួន ២២៧ លើ​ពិភពលោក​។ ចំណែក​ជប៉ុន និង​កូរ៉េ​ខាងត្បូង ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ ២ ស្ទួន ដោយ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​ចំនួន ១៨៨ ដោយ​មិន​តម្រូវ​ទិដ្ឋាការ​។

ប្រទេស​នៅ​អឺរ៉ុប​ចំនួន ៥ ជាប់​ចំណាត់ថ្នាក់​លេខ ៣ ស្ទួន រួម​មាន ដា​ណឺ​ម៉ាក លុ​ច​សំបួ អេ​ស្ប៉ា​ញ ស៊ុ​យ​អែ​ត និង​ស្វី​ស ដែល​អាច​ធ្វើ​ដំណើរ​ទៅ​គោលដៅ​ចំនួន ១៨៦ ដោយ​មិន​តម្រូវ​ទិដ្ឋាការ​។ ចំណាត់ថ្នាក់​លេខ ៤ ក៏​ជា​ប្រទេស​នៅ​អឺរ៉ុប​ផង​ដែរ រួម​មាន អូ​ទ្រី​ស បែ​ល​ហ្ស៊ិ​ក ហ្វាំ​ង​ឡង់ បារាំង អា​ល្លឺ​ម៉​ង់ ក្រិ​ក អៀរ​ឡង់ អ៊ី​តា​លី ហូ​ឡង់ និង​ន័​រ​វែ​ស ទៅ​កាន់​គោលដៅ​ចំនួន ១៨៥ ។ ចំណែក​ចំណាត់ថ្នាក់​លេខ ៥ ជាមួយ​គោលដៅ​ចំនួន ១៨៤ រួម​មាន​ប្រទេស​ហុង​គ្រី ព័រ​ទុ​យ​ហ្គា​ល់ ស្លូ​វ៉ា​គី ស្លូ​វេ​នី និង​អា​រ៉ាប់​រួម​។

ចំណាត់ថ្នាក់​លេខ ៦ រួម​មាន ក្រូ​អាស៊ី សាធារណរដ្ឋ​ឆែក អេ​ស្តូ​នី ម៉ា​ល់តា នូ​វែ​ល​សេ​ឡង់ និង​ប៉ូ​ឡូញ ជាមួយ​គោលដៅ ១៨៣​។ ចំណាត់ថ្នាក់​លេខ ៧ រួម​មាន អូស្ត្រាលី ឡេ​តូ​នី លិច​តិ​ន​ស្តា​ញ និង​ចក្រភព​អង់គ្លេស ជាមួយ​គោលដៅ ១៨២​។ កា​ណា​ដា អ៊ី​ស្លង់ និង​លី​ទុ​យ​អា​នី ជាប់​ចំណាត់ថ្នាក់​លេខ ៨ ជាមួយ​គោលដៅ ១៨១ ដ្បិត​ម៉ា​ឡេ​ស៊ី​ជាប់​នៅ​ចំណាត់ថ្នាក់​លេខ ៩ ដោយ​មាន ១៨០ គោលដៅ ខណៈ​ដែល​សហរដ្ឋអាមេរិក​ជាប់​នៅ​ចំណាត់ថ្នាក់​លេខ ១០ ជាមួយ​គោលដៅ ១៧៩​។

បើ​តាម​លោក Misha Glenny នាយក​វិទ្យាស្ថាន​មនុស្ស​សាស្ត្រ​ទីក្រុង​វី​យែ​ន (Vienna) ប្រទេស​អូ​ទ្រី​ស បាន​លើក​ឡើង​ថា ឥទ្ធិពល​លិខិតឆ្លងដែន​ឆ្លុះ​បញ្ចាំង​ដោយ​ផ្ទាល់​ពី​កម្រិត​នៃ​ស្ថិរភាព​នយោបាយ អានុភាព​ការទូត និង​សមត្ថភាព​នៅ​ក្នុង​ការ​ផ្លាស់​ខ្លួន​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ​។

សូម​ជម្រាប​ថា ស​ន្ទ​ស្សន៍​លិខិតឆ្លងដែន Henley គឺជា​ចំណាត់ថ្នាក់​សកល​របស់​ប្រទេស​នានា យោង​តាម​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​លិខិតឆ្លងដែន​ធម្មតា​របស់​ប្រទេស​ទាំងនោះ សម្រាប់​ពលរដ្ឋ​របស់​ពួក​គេ​។ ចាប់តាំងពី​ធ្វើ​បច្ចុប្បន្នភាព​ស​ន្ទ​ស្សន៍​លិខិតឆ្លងដែន​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៨ រហូត​មក​ទល់​ពេល​នេះ Henley បាន​ធ្វើ​ស​ន្ទ​ស្សន៍​លិខិតឆ្លងដែន​ប្រទេស និង​ដែនដី​សរុប​ចំនួន ១៩៩ លើ​ពិភពលោក​ជា​រៀង​រាល់​ឆ្នាំ តាម​រយៈ​ចំនួន​ដែល​លិខិតឆ្លងដែន​ទាំងនោះ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស និង​ដែនដី​ផ្សេង ដោយ​មិន​តម្រូវ​ទិដ្ឋាការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ