រាជធានីភ្នំពេញ ៖ ប៉ុន្មានថ្ងៃកន្លងទៅនេះប្រជាពលរដ្ឋទូទៅបានសម្ដែងការងឿងឆ្ងល់បន្ទាប់ពីបានឃើញសំណង់របងថ្មដីឡូត៌មួយកន្លែងស្ថិតនៅតាមផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានម្ចាស់ដីសាងសង់ជាប់ និងផ្លូវបេតុងតែម្ដង ដោយពុំបានទុកគម្លាត ឬទុកចិញ្ចើមផ្លូវនោះឡើយ ។ ប្រជាពលរដ្ឋក៏បានរិះគន់ដល់ម្ចាស់ដីនោះលោភលន់មិនទុកចិញ្ចើមផ្លូវសម្រាប់ថ្មើរជើង មិនតែប៉ុណ្ណោះពួកគាត់ក៏បានបន្ទោសដល់អាជ្ញាធរខណ្ឌ និងសង្កាត់បណ្ដែតបណ្ដោយឲ្យម្ចាស់ដីសង់របងស្រេចតែចិត្តអត់ចុះទៅពិនិត្យមើល ឬមានវិធានការទប់ស្កាត់សោះ ចំណែកសារព័ត៌មានមួយចំនួនក៏បានចុះផ្សាយអំពីរឿងនេះដែរ ។
ទាក់ទិនទៅនិងរឿងរ៉ាវខាងលើនេះ មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា នេះគឺជាការយល់ច្រឡំ ឬមិនដឹងរឿងពិតអំពីប្រវត្តិដី និងផ្លូវបេតុង ១ខ្សែនេះពីមុនមក ដែលតាមពិតទៅកាលពីដើមឡើយ ទីនោះពុំមានផ្លូវនោះទេ គឺមានតែប្រឡាយ និងខ្នងប្រឡាយប៉ុណ្ណោះ ។ លុះក្រោយមកម្ចាស់ដីនៅជាប់ប្រឡាយក្នុងនោះមានម្ចាស់ដីកំពុងសង់របងនេះផង បានបរិច្ចាកដីទទឹង៣ម៉ែត្រឲ្យអាជ្ញាខណ្ឌ និងសង្កាត់ដើម្បីសាងសង់ផ្លូវ ទើបអាជ្ញាធរសង់ផ្លូវបេតុងនេះឡើង ចំណែករបងដែលកំពុងសាងសង់នាពេលនេះ គឺសង់ក្នុងដីកម្មសិទ្ធិ ក្រោយពីបានបរិច្ចាកដីរួចប៉ុណ្ណោះ ។
ក្រោយពីមានរឿងបែបនេះកើតឡើងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏បានចេញសេចក្តីជូនដំណឹងមួយនៅលើផេកផ្លូវការរបស់ខ្លួនកាលពីល្ងាចថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ ដើម្បីស្រាយចម្ងល់ជូនសាធារណៈទាំងអស់ លែងឲ្យមានការងឿងឆ្ងល់ និងភាន់ច្រឡំ ឬក៏ដាក់បន្ទុកលើម្ចាស់ដី និងអាជ្ញាធរខណ្ឌនិងសង្កាត់តទៅទៀត ។
នៅក្នុងខ្លឹមសារនៃសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នោះបានបញ្ជាក់ដូច្នេះថា ៖ អំឡុងឆ្នាំ ២០១៩ នៅចំណុចទីតាំងខាងលើនេះ ពុំទាន់មានផ្លូវបេតុងសម្រាប់ធ្វើចរាចរណ៍ទៅមកនោះទេ ដោយមានតែផ្លូវលំខ្នងប្រឡាយ ដែលមានទទឹងប្រវែង ៣ម៉ែត្រពិបាកក្នុងការធ្វើដំណើរ និងមានសភាពតូចចង្អៀត ។ រដ្ឋបាលខណ្ឌបានឱ្យការិយាល័យជំនាញចុះសិក្សាដើម្បីស្ថាបនាផ្លូវលើទីតាំងនោះ ហើយក្រោយពីមានការសម្របសម្រួលរវាងរដ្ឋបាលខណ្ឌ និងម្ចាស់ដីកម្មសិទ្ធិដែលមានទីតាំងពាក់ព័ន្ធ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានទទួលការបរិច្ចាគដីមានទំហំទទឹងប្រវែង៣ម៉ែត្រ ពីម្ចាស់ដីកម្មសិទ្ធិដើម្បី ឱ្យរដ្ឋបាលខណ្ឌស្ថាបនាផ្លូវ ។
នៅអំឡុងឆ្នាំ ២០២០ រដ្ឋបាលខណ្ឌ បានលើកគម្រោងស្ថាបនាផ្លូវបេតុងនៅលើទីតាំងនោះ មានទំហំ ទទឹងប្រវែង ៥ម៉ែត្រ បណ្តោយប្រវែង ៦០០ម៉ែត្រ ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ផ្លូវបេតុង អមប្រឡាយទឹក ស្ថិតនៅភូមិព្រៃសាលា) ។ ចំពោះការសាងសង់របងថ្ម ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺម្ចាស់ទីតាំងបានសាងសង់ក្នុងដីកម្មសិទ្ធិស្របច្បាប់ ក្រោយការបរិច្ចាគដីដើម្បីស្ថាបនាផ្លូវបេតុងទុកជាប្រយោជន៍សាធារណៈ ៕









ចែករំលែកព័តមាននេះ