ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ពិសេសដល់គម្រោងចំនួន២៤ មានទឹកប្រាក់សរុបប្រមាណជា២០៨លានដុល្លារ ឲ្យដំណើរការវិនិយោគនៅក្នុងខេត្តនេះ ។
រូបតំណាងដោយAI
គម្រោងទាំងនេះត្រូវបានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អះអាងថា មានគម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន៨, គម្រោងថ្មីចំនួន១៥ និងគម្រោងពង្រីកចំនួន១ ដែលមានទុនវិនិយោគ សរុបប្រមាណ២០៨លានដុល្លារអាមេរិក និងប៉ាន់ស្មាន អាចបង្កើតការងារបានប្រមាណ៣១២០ កន្លែង ។
រូបតំណាងដោយAI
គម្រោងទាំង២៤នេះ មានជាអាទិ៍ រោងចក្រផលិត និងដំឡើងឧបករណ៍ចម្អិន, រោងចក្រផលិតប្រេងសម្រាប់ឧស្សាហកម្មកែច្នៃផលិតផលកៅស៊ូ, រោងចក្រផលិតសម្ភារៈពេទ្យ, គម្រោងរោងចក្រកែច្នៃម្សៅត្រី, អគារពហុមុខងារ និងអគារស្នាក់នៅរួម។ល។
សូមជម្រាបជូនថា ក្នុងអំឡុងឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន៤១២ ដែលមានទុនវិនិយោគសរុបប្រមាណ៧.៩៧១ លានដុល្លារ និង ប៉ាន់ស្មានអាចបង្កើតការងារជាង៥ម៉ឺននាក់ក្នុងនោះ, គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន១៩៤ គម្រោង, គម្រោងវិនិយោគថ្មី១៧៨ គម្រោង, គម្រោងពង្រីក២៥ គម្រោង និងគម្រោងវិនិយោគមានស្រាប់១៥ គម្រោង ៕
ចែករំលែកព័តមាននេះ