ប្រទេសអ៊ីរ៉ង់ ៖ បាតុកម្មហិង្សាប្រឆាំងរដ្ឋអំណាចអ៊ីរ៉ង់ ពេលនេះ កំពុងក្លាយជាការបះបោរនយោបាយ ផ្ដួលរំលំរដ្ឋអំណាចអ៊ិស្លាមអ៊ីរ៉ង់ ដែលនាំឲ្យមានការបង្ក្រាបយ៉ាងខ្លាំងក្លា ។ មកទល់ពេលនេះ ការបង្ក្រាបបណ្ដាលឲ្យបាតុករស្លាប់កើនដល់យ៉ាងតិច៧៣៤នាក់ ហើយចាប់ពីថ្ងៃទី២៨ ធ្នូ មក ចំណែកមនុស្សច្រើនពាន់នាក់រងរបួស និងត្រូវចាប់ខ្លួន។
ក្រុងវ៉ាស៊ីនតោនបន្តធ្វើការគាបសង្កត់លើរបបអ៊ីរ៉ង់ ពេលដែលបាតុកម្មពុះកញ្ជ្រោលរងការបង្ក្រាបក្នុងថ្លុកឈាម ។ ពេលនេះ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានជម្រុញប្រជាជនអ៊ីរ៉ង់ឲ្យធ្វើបដិវត្ត្ន៍ដណ្ដើមអំណាច ។
លោកត្រាំកំរាមកំហែងកាន់តែខ្លាំង ដោយលោកអះអាងនាថ្ងៃទី១៣ មករា ថា សហរដ្ឋអាមេរិកនឹងមានប្រតិកម្មតបយ៉ាងខ្លាំងក្លាបំផុត ប្រសិនបើអាជ្ញាធរអ៊ីរ៉ង់ចាប់ផ្ដើមប្រហារជីវិតបណ្ដាមនុស្សដែលត្រូវចាប់ខ្លួនក្នុងបាតុកម្មដែលធ្វើឲ្យរង្គើរប្រទេសចាប់ពីថ្ងៃទី២៨ ធ្នូ មករា ។
លោកត្រាំថ្លែងទៅកាន់អ្នកកាសែតរបស់ទូរទស្សន៍CBS ម្នាក់ថា យើងនឹងធ្វើសកម្មភាពខ្លាំងក្លាបំផុត ប្រសិនបើអាជ្ញាធរអ៊ីរ៉ង់ប្រព្រឹត្តអំពើបែបនោះ ។ លោកលើកឡើងបែបនេះពេលអ៊ីរ៉ង់គ្រោងប្រហារជីវិតដោយការព្យួរករបណ្ដាមេខ្លោងបាតុកម្មដែលអាចចាប់ផ្ដើម ពីថៃ្ងទី១៤ មករា ទៅ ។ ការិយាល័យរដ្ឋអាជ្ញាក្រុងតេហេរ៉ង់ថ្លែងថា បាតុករក្នុងចំនួនដ៏ច្រើនមួយនឹងត្រូវកាត់ទោសពីបទធ្វើសង្គ្រាមប្រឆាំងព្រះជាម្ចាស់ ដែលការចោទប្រកាន់បែបនោះ ពិតជាការចោទប្រកាន់ធ្ងន់បំផុតនៅអ៊ីរ៉ង់ និងត្រូវមានទោសប្រហារជីវិត ។
ទោះបីជាមានការគំរាមកំហែងខ្លាំងផ្ទួនៗ ក៏ប្រធានាធិបតីអាមេរិក រហូតមកទល់ពេលនេះនៅតែរក្សាភាពមិនប្រាកដប្រជា លើបណ្ដាចេតនាជាក់ស្ដែងរបស់លោក ។ ម្យ៉ាងវិញទៀត រដ្ឋអំណាចអ៊ីរ៉ង់ហាក់ដូចជាប្រើបណ្ដាអ្នកគាំទ្រឲ្យលើកគ្នាធ្វើបាតុកម្មតបតវិញ ។ អ្នកគាំទ្រច្រើនរយពាន់នាក់ធ្វើបាតុកម្ម កាលពីថ្ងៃទី១២ មករា នៅទីលានធំមួយ កណ្ដាលក្រុងតេហេរ៉ង់ ។ ជាមួយការគំរាមកំហែងផ្ទួនៗរបស់លោកត្រាំពីការធ្វើអន្តរាគមន៍យោធាអាមេរិក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អះអាង កាលពីថ្ងៃទី១២ មករា ថា ប្រទេសលោកត្រៀមសង្គ្រាមតែក៏ត្រៀមចរចាដែរ ។
ជាមួយការប្រឈមដ៏ធំពុំធ្លាប់មាន តាំងពីការបង្កើតសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ពីឆ្នាំ១៩៧៩មក រដ្ឋអំណាចអ៊ីរ៉ង់ពេលនេះ ស្វែងរកក្ដាប់អំណាចក្នុងដៃវិញ ដោយអំពាវនាវដល់បណ្ដាអ្នកគាំទ្រឲ្យលើកគ្នាធ្វើបាតុកម្មតបតវិញតាមដងវិថីនានា ក្រោយពីកាត់ផ្ដាច់អ៊ីនធើរណេតទាំងស្រុងពីថ្ងៃទី៨ មករា មក ៕
ចែករំលែកព័តមាននេះ