រាជធានីភ្នំពេញ ៖ កម្ពុជា និងកូរ៉េ បានសម្លឹងឃើញពីភាពចាំបាច់នៃការបន្តបង្កើនកិច្ចសហ ប្រតិបត្តិការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងការផ្លាស់ប្តូរទស្សនកិច្ច ដើម្បីដកបទពិសោធន៍លើការងារស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច្ច័យទីតាំងបទល្មើស និងជំនាញថ្មីៗ បម្រើដល់ការងារនគរបាលជំនាញ ។
ការសម្លឹងឃើញរបស់កម្ពុជា និងកូរ៉េ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គូសបញ្ជាក់ក្នុងឱកាសទទួលជួបលោក KIM Chang Yong ឯកអគ្គរដ្ឋទូត កូរ៉េប្រចាំកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ។ ឈរលើកគោលការណ៍ផ្ដល់តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរកម្ពុជា-កូរ៉េ ឯកឧត្តម KIM Chang Yong បានជម្រាបលោក ឧបនាយករដ្ឋមន្ត្រីថា ភាគីកូរ៉េ នឹងបន្តបង្កើនកិច្ចសហការដ៏ល្អនេះ និងត្រៀមជួយគាំទ្រដល់ភាគីកម្ពុជាគ្រប់បែបយ៉ាង ជាពិសេសការងារបណ្តុះបណ្តាល ចែករំលែកបទពិសោធ និងឯកភាពទទួលរៀបចំទស្សនកិច្ច នាពេលខាងមុខ ជូនថ្នាក់ដឹកនាំ និងអង្គភាពជំនាញកម្ពុជា ដើម្បីដកពិសោធន៍ការងារសន្តិសុខ និងនគរបាល ។
រំលឹកដល់បទពិសោធន៍ កិច្ចសហប្រតិបត្តិការកន្លងមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការល្អ រវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-កូរ៉េ ដែលតែងតែផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកលើការងារ សន្តិសុខ ពិសេសក្រោយការបង្កើតក្រុមការងារចម្រុះកម្ពុជា-កូរ៉េ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ សម្រេចបានលទ្ធផលជាច្រើនក្នុងការងារបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយឧបត្ថម្ភគាំទ្រផ្តល់កិច្ចសហការជិតស្និទ្ធ និងផ្លាស់ប្តូរបទពិសោធន៍ល្អៗ សំដៅពង្រឹងសមត្ថភាពកងកម្លាំង សមត្ថកិច្ច ដើម្បីរួមចំណែកក្នុងការក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមសម្រាប់ប្រទេសទាំងពីរ និងតំបន់ ។
ជាការឆ្លើយតបឯកអគ្គរដ្ឋទូតកូរ៉េ បានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការ ជួយសម្របសម្រួលការងារ កិច្ចសហប្រតិបត្តិការល្អ និងទំនាក់ទំនងជិតស្និទ្ធរវាងក្រសួងទាំងពីរបង្កលក្ខណៈអំណោយផលដល់ការបំពេញបេសកកម្មពង្រឹងការអនុវត្តច្បាប់ សំដៅរួមចំណែកអនុវត្តសម្រេចបានដោយជោគជ័យនូវគម្រោង និងផែនការសហប្រតិបត្តិការ ដែលស្ថាប័ន ទាំងពីរបានផ្តួចផ្តើមនាពេលកន្លងមក ជាពិសេសការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ព លរដ្ឋកូរ៉េសម្រេចបានលទ្ធផលលើសការរំពឹងទុក៕
ចែករំលែកព័តមាននេះ