ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ប្រើ «​អាវុធ​រដូវរងា​» វាយប្រហារ​លើ​ប្រព័ន្ធ​ថាមពល​អ៊ុយ​ក្រែ​ន​ចំ​ពេល​សីតុណ្ហភាព-១៥​អង្សា​សេ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ និង​ដាច់​ភ្លើង​ទ្រង់​ទ្រាយ​ធំ

2 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​ថ្ងៃ​ទី​១៣ មក​រា កងទ័ព​រុ​ស្ស៊ី​បន្ត​វាយប្រហារ​ខ្លាំងក្លា​លើ​អ៊ុយ​ក្រែ​ន ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤​នាក់​នា​ពេល​យប់ ហើយ​បណ្ដាល​ឲ្យ​មានការ​ដាច់​ភ្លើង​ពេល​រដូវរងា ចំណែក​នាវា​ដឹក​ប្រេង​ក្រិ​ក​២​គ្រឿង​រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ក្នុង​សមុទ្រ​ខ្មៅ ។ កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​ប្រកាស​ថា…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​ថ្ងៃ​ទី​១៣ មក​រា កងទ័ព​រុ​ស្ស៊ី​បន្ត​វាយប្រហារ​ខ្លាំងក្លា​លើ​អ៊ុយ​ក្រែ​ន ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤​នាក់​នា​ពេល​យប់ ហើយ​បណ្ដាល​ឲ្យ​មានការ​ដាច់​ភ្លើង​ពេល​រដូវរងា ចំណែក​នាវា​ដឹក​ប្រេង​ក្រិ​ក​២​គ្រឿង​រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ក្នុង​សមុទ្រ​ខ្មៅ ។

កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​ប្រកាស​ថា តំបន់​ក្រុង​គៀវ ក្រុង​ខា​គៀវ ក្រុង​ហ្សា​ប៉ូ​រី​ហ្ស៊ី​យ៉ា និង​ក្រុង​ឌី​នី​ប្រូ​ប៉េ​ក្រូ​វ​ស្ក៍ រង​ការ​វាយប្រហារ​នា​ពេល​យប់ ដោយ​គ្រាប់​មី​ស៊ី​ល​២៥​គ្រាប់ និងដ្រូ​ន​២៩៣​គ្រឿង ។ ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​បែប​នេះ​របស់​រុ​ស្ស៊ី​ធ្វើ​ឡើង​៤​ថៃ្ង បន្ទាប់​ពី​ការ​វាយប្រហារ​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ក្នុង​សារ​មួយ​នា​វេលា​ល្ងាច​ទទួលស្គាល់​ថា ថ្ងៃ​ទី​១៣ មក​រា ក៏​ជា​ថ្ងៃ​ដ៏​លំបាក​បំផុត​មួយ​ដែរ ដោយ​លោក​គូសបញ្ជាក់​ថា ការ​វាយប្រហារ​ដ៏​ខ្លាំង​មួយ​របស់​រុ​ស្ស៊ី​កើត​មាន​ឡើង ជាមួយ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដល់​១៨​គ្រាប់ នៅ​មិន​ទាន់​គិតដល់​បណ្ដា​ដ្រូ​ន​ប្រយុទ្ធ​ផង​ទេ ។ ដ្រូ​ន​អត្តឃាត​SHAHID​អ៊ី​រ៉​ង់​៦៤​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់ ។

ព្រឹក​ថ្ងៃ​ទី​១៣ មក​រា ពេល​ដែល​សីតុណ្ហភាព​ត្រជាក់​ខ្លាំង ធ្លាក់​ដល់​១៥​អង្សា​សេ​ក្រោម​សូន្យ រុ​ស្ស៊ី​បាន​វាយប្រហារ​ផ្នែក​ថាមពល​អ៊ុយ​ក្រែ​ន ដើម្បី​ឲ្យ​មនុស្ស​រង​ការ​ដាច់​ភ្លើង ទឹក​និង​ឧបករណ៍​កម្ដៅ ។
តាម​អភិបាល​តំបន់​ក្រុង​ខា​គៀវ​ថា ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​នៅ​ទីនោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤​នាក់ និង​របួស​៦​នាក់ ។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​បរិហារ​ការ​វាយប្រហារ​នោះ​ថា គ្មាន​គោលដៅ​យោធា​ណាមួយ​ឡើយ ដោយ​វាយ​ចំ​ឃ្លាំង និង​បណ្ដា​ទីតាំង​ថាមពល បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​រយ​ពាន់​គ្រួសារ​រង​ការ​ដាច់​ភ្លើង​នៅ​តំបន់​ក្រុង​គៀវ ។

ក្រសួង​ថាមពល​អ៊ុយ​ក្រែ​ន​រៀបរាប់​ពី​ការ​ដាច់​ភ្លើង​ថ្មី​ក្នុង​រដ្ឋធានី​គៀវ​និង​តំបន់​ជុំវិញ​មក​ពី​ការ​វាយប្រហារ​លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​អ​គ្កិ​ស​នី ក្នុង​ពេល​ដែល​លក្ខខណ្ឌ​ឧតុនិយម​កំពុង​អាក្រក់​បំផុត ។ ក្នុង​ទីក្រុង​នោះ ដែល​សីតុណ្ហភាព​ធ្លាក់​ត្រជាក់​ដល់​រវាង​ពី​៧ ទៅ​១៥​អង្សា​សេ​ក្រោម​សូន្យ គេ​ឃើញ​មនុស្ស​ម្នា​នាំ​គ្នា​ដើរ​ទាំង​ងងឹត ទៅ​ហាង​ទំនិញ​រក​ទិញ​របស់​ប្រើប្រាស់​ហូប​ចុក ដោយ​ហាង​មួយ​ចំនួន​នៅ​ដំណើរការ​ដោយ​ប្រើ​អា​គុយ​សម្រាប់​បំភ្លឺ ។

នៅ​ក្រុង​កំពង់​ផែ​អូ​ដេ​សា​ជាប់​សមុទ្រ​ខ្មៅ មនុស្ស​ជាង​៤៧.០០០​គ្រួសារ​រង​ការ​ដាច់​ភ្លើង មក​ពី​រុ​ស្ស៊ី​វាយប្រហារ​ទីតាំង​ថាមពល​២​កន្លែង ។ ចំណែក​មនុស្ស​៦​នាក់​រង​របួស ក្នុង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​២​លើក លើ​កណ្ដាល​ក្រុង​អូ​ដេ​សា​ប៉ះ​ចំ​បណ្ដា​អគារ​ជន​ស៊ី​វិល ។ រីឯ​ការ​វាយប្រហារ​នៅ​តំបន់​ក្រុង​ឌី​នី​ប្រូ​ប៉េ​ក្រូ​វ​ស្ក៍ បណ្ដាល​ឲ្យ​នារី​ម្នាក់​និង​បុរស​ម្នាក់​រងរបួស​។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​អះអាង នា​ថ្ងៃ​ទី​១៣ មក​រា ថា កងទ័ព​ខ្លួន​វាយប្រហារ​តែ​លើ​បណ្ដា​គោលដៅ​ទាក់ទិន​នឹង​កងទ័ព​អ៊ុយ​ក្រែ​ន ដែល​ក៏​វាយប្រហារ​ដែរ លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​រុ​ស្ស៊ី ។ ក្រសួង​នោះ​និយាយ​ថា ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ កងទ័ព​អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​រោងចក្រ​ផលិត​ដ្រូ​ន​មួយ​នៅ​ណូ​វ៉ូ​តា​ហ្គា​ន​រ៉ូ​ស ក្នុង​តំបន់​ព្រំដែន​រ៉ូ​ស្តូ​វ ព្រមទាំង​លើ​គោលដៅ​យោធា​ជា​ច្រើន​ស្ថិត​ក្នុង​ដែនដី​អ៊ុយ​ក្រែ​ន​ដែល​រុ​ស្ស៊ី​កាន់កាប់ ។

រីឯ​នាវា​ដឹក​ប្រេង​ក្រិ​ក​២​គ្រឿង​១​គ្រឿង​ដោត​ទង់ជាតិ​ម៉ា​ល់តា និង​១​គ្រឿង​ទៀត​ដោត​ទង់ជាតិ​លី​បេ​រី​យ៉ា រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​២​គ្រឿង​នៅ​ជិត​កំពង់​ផែ​រុ​ស្ស៊ី​ណូ​វ៉ូ​រ៉ូ​ស​ស៊ី​អ៊ី​ស្ក៍​នៅ​សមុទ្រ​ខ្មៅ តែ​មិន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ឡើយ ។ អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១២ មក​រា នៅ​អ​.​ស​.​ប បាន​បរិហារ​រុ​ស្ស៊ី ដែល​វាយប្រហារ​អ៊ុយ​ក្រែ​ន ដោយ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជំនាន់​ចុង​ក្រោយ​ORECHNIK មាន​សមត្ថភាព​នុយ​ក្លេអ៊ែ​រ ដោយ​ថា​នោះ​ជា​ការ​បង្កើន​គ្រោះថ្នាក់​មិន​អាច​ពន្យល់​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ