សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ក្នុងអំឡុងពេលអាកាសធាតុត្រជាក់ ស្បែករបស់យើងត្រូវការការថែទាំពិសេសជាចាំបាច់ ប៉ុន្តែមានទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលយើងតែងតែធ្វើដោយមិនដឹងខ្លួន ហើយវាគឺជាមូលហេតុចម្បងដែលរំខានដល់តុល្យភាព និងសុខភាពស្បែក។
ជាដំបូង ការងូតទឹកក្តៅខ្លាំង ឬងូតទឹកយូរពេក ទោះបីវាផ្តល់ភាពស្រស់ថ្លាក៏ដោយ ប៉ុន្តែកម្ដៅខ្លាំងនឹងលាងសម្អាតប្រេងធម្មជាតិ (Sebum) ដែលជារបាំងការពារស្បែក ធ្វើឱ្យស្បែកទៅជាស្ងួត តឹង និងរមាស់។ ទន្ទឹមនឹងនេះ ការសម្អាតស្បែកញឹកញាប់ពេក ជាពិសេសការប្រើសាប៊ូដែលមានកម្រិត pH ខ្លាំង ក៏អាចបំផ្លាញរបាំងការពារស្បែកពីធម្មជាតិផងដែរ។ ការប្រើប្រាស់ផលិតផលថែរក្សាស្បែក ឬសាប៊ូបោកខោអាវដែលមានក្លិនក្រអូបខ្លាំង ឬសារធាតុគីមីប្រមូលផ្តុំ កាន់តែបង្កឱ្យមានប្រតិកម្មអាឡែស៊ី ឬកន្ទួលលើស្បែកដែលកំពុងស្ងួតស្រាប់។
ក្រៅពីកត្តាផលិតផល បរិស្ថានជុំវិញក៏ដើរតួនាទីយ៉ាងសំខាន់។ ការស្ថិតនៅក្នុងបរិយាកាសស្ងួតអស់រយៈពេលយូរ មិនថាជាខ្យល់ត្រជាក់នៅខាងក្រៅ ឬខ្យល់ចេញពីម៉ាស៊ីនកម្តៅក្នុងបន្ទប់ សុទ្ធតែធ្វើឱ្យស្បែកបាត់បង់សំណើមយ៉ាងឆាប់រហ័ស។ បន្ថែមពីនេះ ការស្លៀកសម្លៀកបំពាក់ដែលមានវាយនភាពរដុប ដូចជាអាវរោមចៀមដែលប៉ះផ្ទាល់នឹងស្បែក ក៏អាចបង្កឱ្យមានការរលាក និងកន្ទួលរមាស់ផងដែរ។ ទម្លាប់តូចតាចទាំងនេះ ប្រសិនបើអ្នកមិនប្រុងប្រយ័ត្នទេ វានឹងបណ្តាលឱ្យស្បែកស្ងួត ប្រេះ របក និងឈានទៅដល់ការរលាកស្បែកធ្ងន់ធ្ងរ ជាពិសេសចំពោះមនុស្សវ័យចំណាស់។
សូមបញ្ជាក់៖ នេះគ្រាន់តែជាការចែករំលែកចំណេះដឹងសុខភាពបឋមប៉ុណ្ណោះ។ បើមានបញ្ហាសុខភាពខុសធម្មតា សូមស្វែងរកការប្រឹក្សាពីគ្រូពេទ្យជំនាញ ដើម្បីសុវត្ថិភាព និងការព្យាបាលទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ