ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​ បង្ហាញ​អារម្មណ៍​ពី​ឃើញច្បាស់ ​នូវ​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ជាតិ​រឹង​មាំ​រវាង​ខ្មែរ​ និង​ខ្មែរ​ ក្នុង​គ្រា​លំបាក

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​ធិ​បតី​ នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែន​ បាន​បញ្ជាក់​ថា ខ្ញុំ​ពិតជា​បានឃើញ​ច្បាស់ ​នូវ​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ជាតិ​រឹង​មាំ​រវាង​ខ្មែរ…

រាជធានី​ភ្នំពេញ ​៖ សម្តេច​ធិ​បតី​ នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែន​ បាន​បញ្ជាក់​ថា ខ្ញុំ​ពិតជា​បានឃើញ​ច្បាស់ ​នូវ​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ជាតិ​រឹង​មាំ​រវាង​ខ្មែរ ​និង​ខ្មែរ ក៏​ដូច​ជា​បានឃើញ​ច្បាស់​ នូវ​ការ​ឈឺចាប់​របស់​ជាតិ​យើង និង​របស់​ប្រជាជន​យើង ហើយ​ជា​ការ​ឈឺចាប់​មួយ ដែល​បាន​បំផុស​ នូវ​ទឹកចិត្ត​ស្នេហា​ជាតិ​ដ៏​ស្មោះត្រង់ ​។

សម្តេច​ធិ​បតី​ នាយក​រដ្ឋមន្ត្រី​ បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២​​៦​ថា ក្នុង​គ្រា​ដ៏​លំបាក ​ដែល​ប្រទេស​ជាតិ​យើង​បាន​ទទួល​រង​នូវ​សង្គ្រាម​ឈ្លានពាន​មក​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​, ខ្ញុំ​ពិតជា​បានឃើញ​ច្បាស់​ នូវ​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ជាតិ​រឹង​មាំ​រវាង​ខ្មែរ​និង​ខ្មែរ ក៏​ដូច​ជា​បានឃើញ​ច្បាស់​នូវ​ការ​ឈឺចាប់​របស់​ជាតិ​យើង និង​របស់​ប្រជាជន​យើង ហើយ​ជា​ការ​ឈឺចាប់​មួយ ដែល​បាន​បំផុស​នូវ​ទឹកចិត្ត​ស្នេហា​ជាតិ​ដ៏​ស្មោះត្រង់ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត​របស់​ប្រជាជន​នៅ​គ្រប់​ទិស​ទី​ ក្នុង​ការ​កសាង​ប្រទេស​ជាតិ​យើង​ឱ្យ​បាន​រឹង​មាំ​ ។

សម្តេច​ធិ​បតី​ បាន​លើក​ឡើង​ថា ​ជា​ការ​ពិត ការ​លំបាក​របស់​ជាតិ​នា​ពេល​នេះ គឺជា​ការ​លំបាក​របស់​ខ្មែរ​គ្រប់​រូប ប៉ុន្តែ គន្លឹះ​សំខាន់​របស់​ជាតិ​យើង​នា​ពេល​នេះ គឺ​យើង​ត្រូវ​ប្រែក្លាយ​ការ​លំបាក​របស់​ជាតិ និង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត​របស់​ខ្មែរ​គ្រប់​រូប​នា​ពេល​នេះ ឱ្យ​ក្លាយទៅជា​កម្លាំង​តស៊ូ​ដ៏​រឹង​មាំ​របស់​ជាតិ និង​គោលដៅ​ដ៏​ពិសិដ្ឋ​របស់​ជាតិ ពោល​គឺ​កា​រួម​សាមគ្គីភាព​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ការពារ​ជាតិ​មាតុភូមិ​ជាទី​ស្រឡាញ់​របស់​យើង និង​ធ្វើ​ឱ្យ​ជាតិខ្មែរ​យើង​បាន​រឹង​មាំ ស្រប​តាម​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ខ្មែរ​គ្រប់​រូប ​។

សម្តេច​បាន​បន្ថែម​ថា ​៖ “​ជាមួយ​គ្នា​នេះ និងចំពោះ​មុខ​នេះ យើង​មាន​ភាព​ចាំបាច់ ក្នុង​ការ​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​រួម​របស់​ជាតិ ដើម្បី​ពង្រឹង​សក្តានុពល​ជាតិ ​លើ​គ្រប់​វិស័យ និងលុប​បំបាត់​ភាព​អ​សកម្មភាព​ទាំងឡាយ ​ក្នុង​សង្គម​ជាតិ ដែល​ធ្វើ​ឱ្យ​ជាតិ​ចុះ​ខ្សោយ​”​។

សម្តេច​បាន​លើក​ឡើង​ថា សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សង្គម និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម គឺជា​អាទិភាព​មួយ ​នៃ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដើម្បី​ធានា​ការ​រស់នៅ​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ហើយ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គឺជា​ចំណុច​ដ៏​សំខាន់​នា​ពេល​នេះ បន្ថែម​ពីលើ​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​កិច្ចការ​អាទិភាព​សំខាន់​ៗ​របស់​ជាតិ​ផ្សេង​ទៀត​ ។

សម្តេច​លើក​ឡើង​ថា ​ដោយ​មើលឃើញ​ពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ចំពោះ​សង្គម​ជាតិ ដែល​បង្ក​ឡើង​ដោយ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ភាព​ស្មុគស្មាញ​ នៃ​ឧក្រិដ្ឋកម្ម​សម័យ​ទំនើប​មួយ​នេះ ដែល​មាន​បណ្តាញ​ប្រទាក់ក្រឡា​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​, រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា រហូត​ដល់​ដើម​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ចាត់វិធានការ​ជា​ច្រើន​លើ​ឧក្រិដ្ឋកម្ម​នេះ ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជា​ច្រើន​។

សម្តេច​បាន​បន្ថែម​ថា ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្នុង​ការ​កំណត់​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម គឺជា​កិច្ចការ​អាទិភាព​ក្នុង​របៀបវារៈ​នយោបាយ​របស់​ខ្លួន គឺ​ពុំ​មែន​ជា​ការ​ចៃដន្យ​ឡើយ ហើយ​ការ​ដាក់​ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់ និង​មុត​ស្រួច​ជា​បន្តបន្ទាប់​លើ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នា​ពេល​កន្លង​មក គឺជា​សក្ខីភាព​មួយ​នៃ​ការ​អនុវត្ត​ការ​ប្តេជ្ញា​ចិត្ត​ខាង​ន​យោ​បា​បាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​មួយ​នេះ ដែល​ជា​ក្តី​កង្វល់​រួម​របស់​កម្ពុជា តំបន់ និង​ពិភពលោក​។

សម្តេច​បាន​គូសបញ្ជាក់​ថា​៖”​ហេតុ​ដូច្នេះ ខ្ញុំ​ពិតជា​ចង់​ឃើញ​ណាស់​នូវ​ការ​ចូលរួម​ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត និង​ការ​លះបង់​ដើម្បី​ជាតិ ពី​គ្រប់​តួអង្គ​ដែល​មានការ​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស ការ​ចូលរួម​ពី​សំណាក់​ប្រជាជន​ខ្មែរ​យើង​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​និន្នាការ ក៏​ដូច​ជា​មន្ត្រីរាជការ អ​ជ្ញា​ធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​យើង​រួបរួម​គ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិខ្មែរ​សំដៅ​លុប​បំបាត់​នូវ​រាល់​បញ្ហា​អសកម្ម​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក៏​ដូច​ជា​ដើម្បី​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​ដ៏​ប្រពៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​”៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ