ខេត្តមណ្ឌលគិរី ៖ ដើម្បីបង្កើនទំនុកចិត្តនិងធានានូវសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យជូនប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦កន្លងទៅ អាជ្ញាធរខេត្តបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួនជិត១០០គ្រួសារ ។ ពិធីនេះត្រូវបានរៀបចំឡើងនៅស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិស្រែអុី-ណុំភំ ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ។
លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត មានប្រសាសន៍ថា ការចែកប័ណ្ណកម្មសិទ្ធិនាពេលនេះ
គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ចៀសវាងការកើតមានជម្លោះ និងជួយឱ្យដីធ្លីមានតម្លៃសេដ្ឋកិច្ចស្របច្បាប់ ។ នៅពេលទទួលបានប័ណ្ណកម្មសិទ្ធិជាផ្លូវការហើយ បងប្អូនប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការ កាន់កាប់ អាស្រ័យផល លក់ដូរ បន្តមរតក ឬប្រើប្រាស់ជាដើមទុន សម្រាប់ដាក់បញ្ចាំនៅធនាគារដើម្បីពង្រីកអាជីវកម្មផ្សេងៗ ដែលជាផ្នែកមួយក្នុងការលើកកម្ពស់ជីវភាពគ្រួសារ ។
លោកអភិបាលរងខេត្ត ក៏បានដាស់តឿនដល់បងប្អូនដែលទទួលបានប័ណ្ណកម្មសិទ្ធិរួច ត្រូវរក្សាទុកដាក់ឱ្យបានហ្មត់ចត់ និងបន្តចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាការពារធនធានធម្មជាតិ និងបរិស្ថាននៅក្នុងតំបន់សហគមន៍ឱ្យបានគង់វង្ស ។
លោក លឹម ចាន់សុភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ការចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៧១គ្រួសារ ស្មើនឹង១២៦ប័ណ្ណ នៅភូមិស្រែអុីនេះគឺជាភូមិចុងក្រោយគេក្នុងយុទ្ធនាការចុះវាស់វែងដីលក្ខណៈជាប្រព័ន្ឋសម្រាប់ក្រុងសែនមនោរម្យ ។ សម្រាប់បងប្អូនដែលមានឈ្មោះក្នុងបញ្ជី អាចស្នើសុំដកយកប័ណ្ណកម្មសិទ្ធិពីមន្ត្រីជំនាញនៅរៀងរាល់ម៉ោងធ្វើការ ដោយគ្រាន់តែចំណាយលើការបង់ពន្ធចូលរដ្ឋទៅតាមទំហំផ្ទៃដី និងប្រភេទដីរបស់បងប្អូនប៉ុណ្ណោះ ។
ប្រជាពលរដ្ឋនៅភូមិស្រែអុី សង្កាត់រមនា ដែលទទួលបានប័ណ្ណកម្មសិទ្ធិនាឱកាសនោះ បានសម្ដែងនូវក្ដីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំសម្របសម្រួល បំពេញបែបបទ និងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ ដើម្បីសេចក្តីសុខសាន្តក្នុងការរស់នៅ និងការបង្កបង្កើនផល ។
គួរបញ្ជាក់ថា ប្រតិបត្តិការចុះបញ្ជីដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិក្នុងខេត្តមណ្ឌលគិរី កំពុងត្រូវបានរដ្ឋបាលខេត្តជំរុញយ៉ាងសកម្ម ដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបាន ១០០% ទូទាំងខេត្ត ៕





ចែករំលែកព័តមាននេះ