ខេត្តស្វាយរៀង ៖ មហាជនបានរិះគន់អាជ្ញាធរមានសមត្ថកិច្ចថា គ្មានការបង្ក្រាបក្រុមអ្នកញៀនល្បែងទេ បើកសង្វៀនបញ្ជល់មាន់យ៉ាងគគ្រឹកគគ្រេងនៅតាមមូលដ្ឋានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពសន្តិសុខជាពិសេសគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ នេះជាការលើកឡើងរបស់មហាជននៅរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ ស្ថិតនៅភូមិចំបក់កោង ឃុំកំពង់ចកស្រុករំដួល ។
មហាជនបានប្រាប់អ្នកសារព័ត៌មានយើងថា នៅដើមខែមករា ២០២៦ នេះ ក្រុមអ្នកញៀនល្បែងបានបើកសង្វៀនបញ្ជល់មាន់នៅតាមទួលក្នុងព្រៃឫស្សីនៅចុងភូមិចំបក់កោង យ៉ាងគគ្រឹកគគ្រេង ព្រឹកឡើងនាំគ្នាបើកឡាន ជិះម៉ូតូមកដាក់តាមផ្ទះប្រជាពលរដ្ឋរួចនាំគ្នាដើរតាមភ្លឺប្រឡាយទាំងហ្វូង ខ្លះស្ពាយមាន់ជល់ និងអ្នកខ្លះជិះម៉ូតូយកទៅទុកនៅក្នុងព្រៃ រួចយកមាន់ជល់ទៅជល់ចាក់ដាក់លុយរាប់រយដុល្លារ ហ៊ោរកញ្ច្រៀវគ្មានខ្លាចញញើតសមត្ថកិច្ចឡើយ ។
បើតាមអ្នកលក់ទឹកសុទ្ធ និងភេសជ្ជៈនៅទីតាំងបញ្ជល់នាន់បានប្រាប់អ្នកសារព័ត៌មានយើងថា ក្រុមអ្នកជល់មាន់គឺក្នុង ១សប្តាហ៌ជល់ ២ថ្ងៃ គឺជល់នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយការដាក់ភ្នាល់លុយគឺចាប់ពី ៣០ម៉ឺនរៀលដល់ ១លានរៀល ។ ប្រភពបន្ត ការបើកសង្វៀនជល់មាន់នេះរយៈពេល ២ខែមកហើយ មិនដែលឃើញសមត្ថកិច្ចមកហាមឃាត់ទេ ទំនងសមត្ថកិច្ចអត់ដឹងទើបគ្មានការបង្ក្រាប ។ ចំណែកក្រុមអ្នកញៀនល្បែងបញ្ជល់មានវិញគ្រាន់តែឃើញអ្នកសារព័ត៌មានចុះទៅដល់ថតយករូបភាព និងឡាយផ្ទាល់ក៏នាំគ្នាស្ពាយមាន់រត់គេចពីទីតាំងជល់មាន់ ខ្លះរត់ចូលព្រៃពួន អ្នកខ្លះជិះម៉ូតូគេចខ្លួនប្រសេចប្រសាច ។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកអធិការនគបាលស្រុករំដួលបានទេរហូតមកដល់រសៀលថ្ងៃទី១ ២ ខែមករា ២០២៦ នេះ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕









ចែករំលែកព័តមាននេះ