ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការ ​កងទ័ពកម្ពុជា សង្ឃឹម​ជឿជាក់​ថា ទៅ​ថ្ងៃ​អនាគត ​កងទ័ព​កម្ពុជា និង​ឡាវ នឹង​បន្ត​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​ នៃ​កង​យោធពលខេមរភូមិន្ទ​ បាន​មាន​ប្រសាសន៍​សង្ឃឹម​ជឿជាក់​ថា ទៅ​ថ្ងៃ​អនាគត​កងទ័ព​ប្រទេស​ទាំង​ពីរ​…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​ នៃ​កង​យោធពលខេមរភូមិន្ទ​ បាន​មាន​ប្រសាសន៍​សង្ឃឹម​ជឿជាក់​ថា ទៅ​ថ្ងៃ​អនាគត​កងទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា និង​ឡាវ នឹង​បន្ត​ពង្រឹងពង្រីក កិច្ច​សហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​គ្រប់​កម្រិត ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​, កិច្ចការ​សហប្រតិបត្តិការ​សង្គ្រោះ​គ្រោះ​មហន្តរាយ ក៏​ដូច​ជា​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រភេទ​ទ័ព​និង​ប្រភេទ​ទ័ព និង​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា ជាដើម​ ។

ការ​លើក​ឡើង​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​បែប​នេះ ក្នុង​ឱកាស​អនុញ្ញាត​ឱ្យ​ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​ឡាវ លោក​វរសេនីយ៍ឯក វី​ឡៃ​សន ស៊ី​ស៊ុម​បាត់ ដែល​បញ្ចប់​អាណត្តិ​ការងារ​របស់​ខ្លួន​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ជម្រាបលា នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៦ ដោយ​ក្នុង​នោះ ក៏​បាន​បង្ហាញ​វត្តមាន​ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​ឡាវ​ថ្មី គឺ​លោក​វរសេនីយ៍ឯក ឡា​ត់​សាក់​ឃុន វង្ស​ភោ​ស៊ី ដែល​ទើប​តែងតាំង​ជំនួស​ថ្មី ណែនាំ​ដល់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​មេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ​ផង​ដែរ នៅ​អគ្គ​បញ្ជាការដ្ឋាន ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ឡាវ ដែល​តែង​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​គ្រប់​កម្រិត ក៏​ដូច​ជា​ការ​ផ្តល់​អាហារូបករណ៍ ផ្លាស់​ប្ដូរ​ព័ត៌មាន​ចារកម្ម​ទៅ​វិញ​ទៅ​មក និង​ការ​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នានា​ ។

ឯកឧត្តម អគ្គមេបញ្ជាការ​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​យោធា​របស់​លោក​វរសេនីយ៍ឯក វី​ឡៃ​សន ស៊ី​ស៊ុម​បាត់ នៅ​កម្ពុជា​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​មកនេះ និង​បាន​ស្វាគមន៍​ចំពោះ លោក​វរសេនីយ៍ឯក ឡា​ត់​សាក់​ឃុន វង្ស​ភោ​ស៊ី ដែល​ទើប​ទទួល​បានការ​តែងតាំង​ថ្មី ជា​ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​ឡាវ​ប្រចាំ កម្ពុជា​ ។

ឯកឧត្តម​អគ្គមេបញ្ជាការ ក៏​បាន​ជម្រាប​ជូន​អំពី​បច្ចុប្បន្នភាព និង​កា​រវិ​វ​ឌ្ឍ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ព្រមទាំង​បាន​គូសបញ្ជាក់​ពី​ជំហរ​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ដោយ​អនុលោម​តាម​គោលការណ៍ និង​យន្តការ​ដែល​បាន​ឯកភាព​គ្នា​កន្លង​មក ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ និង​កសាង​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​។ ជាមួយ​គ្នា​នេះ លោក​វរសេនីយ៍ឯក វី​ឡៃ​សន ស៊ី​ស៊ុម​បាត់ បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​លោក និង​ប្រធាន​ការិយាល័យ​អនុព័ន្ធ​ថ្មី​ចូល​ជួប​សម្តែង​ការ​គួរសម ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ ដែល​បាន​ជួយ​សម្របសម្រួល គាំទ្រ​កន្លង​មក ធ្វើ​ឱ្យ​បេសកកម្ម​របស់​លោក​ទទួល​បាន​ជោគជ័យ​ ។

លោក​វរសេនីយ៍ឯក វី​ឡៃ​សន ស៊ី​ស៊ុម​បាត់ បាន​គូសបញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​នា​ពេល​កន្លង​មក មាន​ភាពល្អ​ប្រសើរ ក្នុង​នោះ​កិច្ចប្រជុំ​គណៈកម្មការ​សន្តិសុខ របៀបរៀបរយ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ បាន​ដំណើរការ​ល្អ ជា​ស្ពាន​នៃ​ចំណង​សាមគ្គីភាព មិត្តភាព ក្នុង​នាម​ប្រទេស​ជិតខាង ជា​អំណោយផល​ដល់​ការ​ផ្លាស់​ប្ដូរ​ទំនិញ​រវាង​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ