រាជធានីភ្នំពេញ ៖ ធុងសំរាមចំនួន១០០ធុង ត្រូវបានក្រុមហ៊ុន វឌ្ឍនៈ បាននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ទៅតាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីរួមគ្នាធ្វើឱ្យរាជធានីភ្នំពេញ មានសោភណ្ឌភាព អនាម័យ និងបរិស្ថានល្អ ។
ពិធីប្រគល់ ទទួលអំណោយខាងលើបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ ក្រោមវត្តមានលោក ឆាយ វីរៈ និងលោកស្រី តិមា វិច្ឆិកាល អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន វឌ្ឍនៈ នៅសាលារាជធានីភ្នំពេញ ។
លោក ឆាយ វីរៈ និងលោកស្រី តិមា វិច្ឆិកាល ក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន វឌ្ឍនៈ ដែលបាននាំយកធុងសំរាមមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅដាក់តាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ។
នៅព្រឹកថ្ងៃដដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញពិតិត្យធុងសំរាមខាងលើ និងទីតាំងទទួលអំណោយ ។
បើតាមការណែនាំរបស់លោក ឃួង ស្រេង ធុងសំរាមទាំង១០០ធុងជាអំណោយរបស់ក្រុមហ៊ុន វឌ្ឍនៈ នេះ នឹងយកទៅដាក់នៅតាមមាត់ទន្លេ សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា មានសោភណ្ឌភាព អនាម័យ និងបរិស្ថានល្អ ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ កន្លងមកនេះ សប្បុរសជន ក៏បានប្រគល់ធុងសំរាម ចំនួន៣០០ធុង ជូនរដ្ឋបាលរាជធានីភ្នំពេញ ម្តងរួចហើយដែរ ក្នុងគោលបំណងរួមគ្នា ដើម្បីធ្វើឱ្យរាជធានីភ្នំពេញរបស់យើងមានអនាម័យ និងបរិស្ថានល្អ ៕




ចែករំលែកព័តមាននេះ