រាជធានីភ្នំពេញ ៖ លោក តុប ឈុនសុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឈ្មួញគ្រឿងញៀន២នាក់ ម្នាក់ឲ្យជាប់គុកអស់មួយជីវិត និងម្នាក់ជាប់ពន្ធនាគារ៣០ឆ្នាំ ។
ជនជាប់ចោទទាំង២នាក់ ម្នាក់ឈ្មោះ CHEN YAN CHENG (ឈិន យ៉ានឆេង) ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់ សាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន៥០០ លានរៀល ចំណែកខ្មែរម្នាក់ឈ្មោះ ជឿន វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ ដាក់ពន្ធនាគារចំនួន៣០ឆ្នាំ ពិន័យជាប្រាក់២០០លានរៀល ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនប្រមាណ៥០គីឡូក្រាម និងបទសម្អាតប្រាក់ ។ សាលក្រមបានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៣០នាទី កម្លាំងសមត្ថកិច្ចជំនាញ(ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ហុង គឹមសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះបើកប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ដែលមាន២គោលដៅ គោលដៅទី១-ស្ថិតនៅផ្លូវលេខ២៨៧ ក្បែរខុនដូ SKY31 សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងគោលដៅទីតាំងទី២-ស្ថិតនៅ បន្ទប់ខុនដូ SKY31 បន្ទប់លេខ១៣០៦ ជាន់ទី១៣ ផ្លូវលេខ២៨៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះកម្លាំងសមត្តកិច្ចជំនាញបានចាប់ខ្លួនជនម្នាក់ ឈ្មោះ CHEN YAN CHENG ភេទប្រុស ជនជាតិចិនតៃវ៉ាន់ និងចាប់យកវត្ថុតាងរួមមាន ៖
១-សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ៤០ ៥៦៦.១១ក្រាម ។
២-សារធាតុញៀនប្រភេទ កេតតាមីន (Ketamine) ទម្ងន់ ៣ ៦៩៤ក្រាម ។
៣-សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (MDMA) ទម្ងន់ ៣៤១៤,៣៩ក្រាម ។
៤-កញ្ឆាក្រៀម ទម្ងន់២៣០ក្រាម ។
សរុបរួមសារធាតុញៀនទាំងអស់មានទម្ងន់ ៤៧គីឡូក្រាម ៦៧៤.៥០ក្រាម និងចាប់យកសម្ភារៈកាំភ្លើងខ្លីចំនួន១ដើមផងដែរ ៕




ចែករំលែកព័តមាននេះ