ឆ្នាំ២០២៥កម្ពុជា បណ្តេញជនបរទេសជាង១ម៉ឺន៣ពាន់នាក់បន្ទាប់ពីរកឃើញប្រព្រឹត្តិបទល្មើស
រាជធានីភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងថា ក្នុងឆ្នាំ២០២៥ ទើបតែកន្លងផុតទៅ កម្ពុជា…
រាជធានីភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងថា ក្នុងឆ្នាំ២០២៥ ទើបតែកន្លងផុតទៅ កម្ពុជា…
រាជធានីភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងថា ក្នុងឆ្នាំ២០២៥ ទើបតែកន្លងផុតទៅ កម្ពុជា បានបណ្ដេញជនបរទេសជាង១៣,០០០នាក់ ចេញពីប្រទេសបន្ទាប់ពីរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ ។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃឧត្តមសេនីយ៍ឯក សុខ វាសនា បានលើកឡើងថា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបណ្ដេញជនបរទេសចំនួន១៣,៥៥៧នាក់ ស្មើ៦៦សញ្ជាតិ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ មានការកើនឡើង ៧,៧០៥នាក់ស្មើនឹង៥៦,៨៣% ។
បើតាមឯកឧត្តម បានលើកឡើងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងអន្តោប្រវេសន៍ បានចូលរួមចំណែកយ៉ាងសកម្មដល់ការធានា សន្តិសុខ និងសុវត្ថិភាពសង្គម តាមរយៈកិច្ចខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសលើការត្រួតពិនិត្យដំណើរចេញ-ចូលប្រទេស , ការគ្រប់គ្រងវត្តមានជនបរទេសនៅផ្ទៃក្នុងប្រទេស , ការងារគ្រប់គ្រងពលករបរទេស , ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួននោះ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការស្រាវជ្រាវស៊ើបអង្កេតស្វែងរកឧក្រិដ្ឋជនបរទេសដែលចូលមកសំងំលាក់ខ្លួន និងជនបរទេសដែលបានលួចចូលស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងកម្ពុជាយ៉ាងមានប្រសិទ្ធភាព។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ទន្ទឹមនេះអគ្គនាយកដ្ឋាន បានខិតខំបង្កើនការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាព ជំនាញដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ការរៀបចំកែសម្រួលរចនាសម្ព័ន្ធ តួនាទីភារកិច្ច និងបានរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀតពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ ដើម្បីឱ្យស្របនឹងស្ថានភាព និងការវិវត្តរីកចម្រើនរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្នផងដែរ។
ព្រមជាមួយនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងបន្ថែមទៀតថា អគ្គនាយកដ្ឋាន ក៏បានរៀបចំកសាងប្រព័ន្ធបច្ចេកវិទ្យាជាច្រើនសម្រាប់បម្រើដល់កិច្ចការអន្តោប្រវេសន៍ ដែលកាន់តែបង្កភាពងាយស្រួល និងឆាប់រហ័សដល់ការងារជំនាញប្រចាំថ្ងៃ និងប្រកបដោយសុវត្ថិភាពខ្ពស់ ដើម្បីសំដៅធានានូវការបំពេញតួនាទីជាសេនាធិការជូនក្រសួងមហាផ្ទៃ ប្រកបដោយការទទួលខុសត្រូវ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានរៀបចំផែនការយុទ្ធសាស្តរយៈពេល០៥ឆ្នាំ (២០២៥- ២០២៨) ដើម្បីធ្វើជាផែនទីចង្អុលផ្លូវ សំដៅចូលរួមចំណែក អនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ដូចមានចែងក្នុងយុទ្ធសាស្ត្រទី២ «ការពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម» នៃផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ (២០២៥-២០២៨) ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៥គឺ ៖
ទី១៖ ពង្រឹងការគ្រប់គ្រងការចូលចេញ និងឆ្លងកាត់នៅតាមច្រកទ្វារគ្រប់ប្រភេទ និងលើកកម្ពស់សេវាផ្តល់ទិដ្ឋាការ។
ទី២៖ ពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត ជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន ជនបរទេសជាអ្នកវិនិយោគឯកជន អ្នកប្រកបមុខរបរ និងហត្ថពលករបរទេស។
ទី៣៖ ពង្រឹងការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
ទី៤៖ ពង្រឹងសមត្ថភាពអគ្គនាយកដ្ឋាន និងសមត្ថភាពមន្ត្រីអន្តោប្រវេសន៍
ទី៥៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ អន្តរជាតិ ដើម្បីផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ សំដៅបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសអន្តោប្រវេសន៍ និងឧក្រិ.ដ្ឋកម្មឆ្លងដែននានា ៕
ចែករំលែកព័តមាននេះ