ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ក្រុង​ហូ​ជី​មិ​ញ​បង្ក្រា.ប​អាជីវកម្ម​ផលិត​មី​មាន​ជាតិ​គីមី បន្ទាប់​ពី​លក់​លើ​ទីផ្សារ​អស់​ពេល​១០​ឆ្នាំ​មក​ហើយ

3 ម៉ោង មុន

ប្រទេស​វៀតណាម ៖ អាជ្ញាធរ​ទីក្រុង​ហូ​ជី​មិ​ញ (Ho Chi Minh) បាន​បំបែកសំណុំរឿង​ស្តី​ពី​សុវត្ថិភាព​ចំណីអាហារ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ផលិត​មី​មួយ​កន្លែង ដែល​ប្រើ​សារធាតុ​គីមី​បង្ក​គ្រោះថ្នាក់ ដើម្បី​ផលិត​មី​មាន​ជាតិពុល​រាប់រយ​តោន​លក់​នៅ​លើ​ទីផ្សារ​។…

ប្រទេស​វៀតណាម ៖ អាជ្ញាធរ​ទីក្រុង​ហូ​ជី​មិ​ញ (Ho Chi Minh) បាន​បំបែកសំណុំរឿង​ស្តី​ពី​សុវត្ថិភាព​ចំណីអាហារ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ផលិត​មី​មួយ​កន្លែង ដែល​ប្រើ​សារធាតុ​គីមី​បង្ក​គ្រោះថ្នាក់ ដើម្បី​ផលិត​មី​មាន​ជាតិពុល​រាប់រយ​តោន​លក់​នៅ​លើ​ទីផ្សារ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VietNamNet, Dan Tri និង​គេហទំព័រ Man TV ចេញផ្សាយ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៦​។

អស់​រយៈពេល​១០​ឆ្នាំ​កន្លង​មក​ហើយ ដែល​អាជីវកម្ម​ឈ្មោះ Chau Phat ស្ថិត​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​បាន​ប្រើ​សារធាតុ​គីមី​ហាមឃាត់​មក​ផលិត​មី ដោយ​បាន​ចែកចាយ​ផលិតផល​មី​ពុល​រាប់រយ​តោន​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ទីផ្សារ​។

នៅ​ក្នុង​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៦ នាយកដ្ឋាន​ប៉ូលិស​សេដ្ឋកិច្ច​នៃ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​ប្រកាស​ថា ខ្លួន​បាន​ចាប់ផ្តើម​នីតិវិធី​ផ្លូវច្បាប់​ប្រឆាំង​នឹង​លោក វឿ​ង លឿង ទួន (Vuong Luong Toan) អាយុ ៤៥ ឆ្នាំ ពី​បទ​រំលោភ​លើ​បទ​ប្បញ្ញត្តិ​សុវត្ថិភាព​ចំណីអាហារ​។ បុរស​រូប​នេះ គឺជា​ម្ចាស់​អាជីវកម្ម Chau Phat ផលិត និង​លក់​មី ដែល​មា​នទី​តាំងនៅ​ផ្លូវ Luy Ban Bich សង្កាត់ Phu Thanh ទីក្រុង​ហូ​ជី​មិ​ញ​។

នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២៥ មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​បាន​ឆ្មក់​ចូល​រោងចក្រ Chau Phat ដោយ​ចាប់ខ្លួន​កម្មករ​ជា​ច្រើន​នាក់ ដែល​កំពុង​លាយ​សារធាតុ​គីមី​ចូល​ទៅ​ក្នុង​ម្សៅ​មី​ក្រោម​លក្ខខណ្ឌ​ការងារ​មិន​ស្អាត និង​គ្មាន​សុវត្ថិភាព​។ ជាមួយ​គ្នា​នោះ អាជ្ញាធរ​ក៏​បាន​រឹបអូស​មី​ផលិត​រួច​ចំនួន ៨២០ គីឡូក្រាម ដែល​ក្រោយមក​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​សារធាតុ​គីមី​បន្ថែម​ដែល​បង្ក​គ្រោះថ្នាក់​។

ការ​ស៊ើបអង្កេត​បាន​បង្ហាញ​ថា លោក ទួន ជា​មេខ្លោង​នៅ​ពីក្រោយ​ប្រតិបត្តិការ​នេះ ដោយ​ដឹកនាំ​ក្រុមការងារ​ដែល​មាន​ជំនាញ​ផលិត​មី​មាន​សារធាតុ​គីមី បន្ទាប់​មក​ត្រូវ​បាន​លក់​ទៅ​លើ​ទីផ្សារ និង​ភោជនីយដ្ឋាន​នានា​ទូ​ទាំង​ទីក្រុង​។ លោក ទួន បាន​ទទួលស្គាល់​ថា​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ គាត់​បាន​ប្រើ​សារធាតុ​ខុសច្បាប់​ជា​ច្រើន​ប្រភេទ រួម​ទាំង បូ​រ៉ា​ក់ (Borax), សូ​ដា (Soda) និង​សូ​ដ្យូ​ម​ស៊ី​លី​ត (Sodium Silicate) ដើម្បី​ឱ្យ​មី​ស្អិត ទន់ និង​មាន​ពណ៌​ទាក់ទាញ​។ សារធាតុ​គីមី​ទាំងនេះ ត្រូវ​បាន​ហាមឃាត់​ក្នុង​ការ​ផលិត​ម្ហូបអាហារ ដោយសារ​តែ​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​ដល់​អ្នក​ទទួលទាន​។

តាម​ប៉ូលិស រោងចក្រ​របស់​លោក ទួន បាន​ផលិត​មី​មាន​សារធាតុ​គីមី​ប្រហែល ៦០០ ទៅ ៧០០ គីឡូក្រាម​ជា​រៀងរាល់ថ្ងៃ​។ នៅ​ក្នុង​រយៈពេល ៣ ឆ្នាំ​មកនេះ មី​ដែល​មាន​ជាតិ​គីមី​ប្រហែល ៨០០ តោន ត្រូវ​បាន​លក់​ក្នុង​ទីផ្សារ ហើយ​ក្នុង​រយៈពេល​១០​ឆ្នាំ ចំនួន​សរុប​នៃ​មី​មាន​សារធាតុ​គីមី​ហាមឃាត់​ដែល​បាន​ចរាចរ​លើ​ទីផ្សារ​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ចំនួន​ដ៏​ច្រើន​។

បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​តែ​បន្ត​បង្កើន និង​ពង្រីក​ការ​ស៊ើបអង្កេត​របស់​ខ្លួន ដើម្បី​កំណត់​ការ​ចូលរួម​របស់​បុគ្គល​ផ្សេង​ទៀត ដែល​ជាប់​ទាក់ទង​នឹង​ប្រតិបត្តិការ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ