រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបចំនួន ៤គ្រឿងព្រមទាំងអ្នកបើកបរចំនួន ៤នាក់ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមកធ្វើការអប់រំ និងណែនាំអោយដោះស៊ីរ៉ែននិងភ្លើងហ្វាចេញ ។ ការឃាត់រថយន្ត និងអ្នកបើកបរនេះបន្ទាប់ពីរថយន្តទាំងនោះបំពាក់ស៊ីរ៉ែនបើកជាក្បូនចេញពីរាជធានីភ្នំពេញ ទៅខេត្តកំពត ហើយថតបង្ហោះនៅក្នុងបណ្តាញសង្គមកាលពីម៉ោងប្រមាណ ៥ល្ងាចថ្ងៃទី ១១ ខែមករាឆ្នាំ ២០២៦ ។
តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលចរាចរណ៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារចរាចរណ៍ បានចាប់ឃាត់រថយន្តស៊េរីទំនើប ០៤គ្រឿង ដែលបានបំពាក់ភ្លើងសារ៉ែនរបស់សមត្ថកិច្ច ដោយគ្មានការអនុញ្ញាតខុសច្បាប់ ។ ការចាប់ឃាត់នេះ គឺដើម្បីធ្វើកិច្ចសន្យាអប់រំឲ្យម្ចាស់យាន្តទាំង០៤ ដែលគ្មានភារកិច្ចត្រូវបញ្ឈប់ការបំពាក់ភ្លើងសារ៉ែន ។
នៅក្នុងការឃាត់ខ្លួន លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារចរាចរណ៍ ក៍បានណែនាំអោយម្ចាស់រថយន្តដោះស៊ីរ៉ែន ភ្លើងហ្វាចេញដោយប្អូនៗគ្មានសិទ្ធទេ ។ ម្យ៉ាងទៀតនាំអោយមានការយល់ច្រឡំថា ជាក្បួនថ្នាក់ដឹកនាំ ។ ទន្ទឹមនោះម្ចាស់រថយន្តក៍បានសុំទោសជាសាធារណៈ និងសន្យាចំពោះសមត្ថកិច្ចឈប់ប្រព្រឹត្តនូវកំហុសតទៅទៀត និងសូមអ្នកលេងបណ្តាញសង្គមកុំយកគំរូតាម ៕



ចែករំលែកព័តមាននេះ