ខេត្តសៀមរាប ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ ជាពិសេសក្នុងថ្ងៃឈប់សម្រាក ឬពិធីបុណ្យទាននានា តែងចូលមកទស្សនារមណីយដ្ឋានអង្គរ ខណៈទេសចរជាតិបានស្ងើចសរសើរអំពីការថែទាំ និងរៀបចំ នៅតែមានភាពទាក់ទាញ ។ នេះបើយោងតាមផេកក្រសួងព៏ត៌មានបានប្រកាសនារសៀលថ្ងៃទី១២ ខែមករានេះ ។
លោក ស៊ាន ផល្លា អតីតមគ្គទេសក៍ទេសចរណ៍មួយរូប បានលើកឡើងថា នៅដើមឆ្នាំ២០២៦នេះ លោកសង្កេតឃើញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជាពិសេស គឺភ្ញៀវទេសចរឥណ្ឌាយ៉ាងច្រើនកុះករ បានដើរកម្សាន្តតាមប្រាសាទនានា ជាពិសេសប្រាសាទអង្គរវត្ត ។ លោកថា វត្តមាននៃទេសចរឥណ្ឌាមកកាន់ទឹកដីអង្គរនេះពិតជាល្អប្រសើរ ។
លោកបានសម្ដែងនូវក្ដីរំភើបនៅពេលបានឃើញមានភ្ញៀវទេសចរអន្ដរជាតិគ្រប់ជាតិសាសន៍ជាច្រើន ពួកគាត់បានទៅទស្សនានៅប្រាសាទអង្គរវត្ដប្រកបដោយស្នាមញញឹម និងរីករាយបំផុត ។ លោកបន្ថែមថា អ្នកទេសចរអន្ដរជាតិ ជាពិសេស អ្នកទេសចរឥណ្ឌា ពេញចិត្តយ៉ាងខ្លាំងចំពោះរមណីយដ្ឋានអង្គរ ព្រោះពួកគាត់យល់ឃើញថា ប្រាសាទអង្គរវត្ដ ជាសក្ដានុពលវិស័យទេសចរណ៍វប្បធម៌ អរិយធម៌ និងប្រវត្ដិសាស្ដ្រនៃសាសនា។
លោកបន្ដថា កំណើនភ្ញៀវទេសចរគ្រប់ជាតិសាសន៍នេះបង្ហាញថា កម្ពុជាមានសុខសុវត្ថិភាពលើវិស័យទេសចរណ៍ ។ សម្រាប់ថ្ងៃនេះ សង្កេតឃើញថា មានភ្ញៀវជាតិ និងអន្តរជាតិមកច្រើន និយាយរួម គឺច្រើនមែនទែនដើរមកមុននេះ កន្លែងខ្លះស្ទើរតែយើងពិបាកនឹងថតទៀត អីចឹងជារឿងមួយ ដែលយើងសប្បាយរីករាយទាំងអស់គ្នា ដែលសប្បាយរមណីយដ្ឋានអង្គរយើងសម្បូរភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា ។
ជាពិសេស ខ្ញុំចាប់អារម្មណ៍ត្រង់ការរៀបចំ ការរៀបចំបានស្អាត បានច្រើនជាងមុនច្រើនមែនទែន ទាំងការរៀបចំកន្លែងថតលម្អផង កន្លែងទូទៅផង ជាពិសេសការថែទាំសួនបានល្អហើយខៀវគ្រប់រដូវកាលតែម្តង ។
ភ្ញៀវទេសចរឥណ្ឌា ឃើញថាមកច្រើន ហើយខ្ញុំឃើញរូបភាពកន្លងមកតាមហ្វេសប៊ុកហ្នឹង ឃើញជាក្រុមធំៗ ដល់ជាក់ស្តែងឃើញគាត់មែន នេះជារឿងដ៏ប្រសើរមួយ ។ សូមអរគុណបងប្អូនទេសចរឥណ្ឌា ដែលគាំទ្រ និងបន្តមកទស្សនាកម្ពុជា ជាជាងទៅប្រទេសមួយដែលមិនឱ្យតម្លៃ លើព្រហ្មញ្ញសាសនា ក៏ដូចជា សាសនាឥណ្ឌាផ្ទាល់ ហើយកម្ពុជាតែងគោរព ដល់សាសនាព្រះពុទ្ធ និងព្រហ្មញ្ញសាសនារួមបញ្ជូលគ្នាតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ ។
សូមជម្រាបថា ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមលក្ខណៈជាស្រេច ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌាដែលរំពឹងនឹងកើនឡើងបន្ថែមទៀត នាឆ្នាំ២០២៦ តាមរយៈការហោះហើរត្រង់មកកាន់ខេត្ដសៀមរាប ជាពិសេសបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ដូចជា បងប្អូនបង្កើតរួមវប្បធម៌អរិយធម៌ និងប្រវតិ្តសាស្ត្រគ្នារាប់ពាន់ឆ្នាំមកហើយ ៕
ចែករំលែកព័តមាននេះ