ខេត្តកំពង់ស្ពឺ ៖ ភ្នំខ្នងផ្សារ ឬជាឋានសួគ៌ធម្មជាតិប្រសព្វមុំបី ភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងខេត្តពោធិ៍សាត់ ភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា និងជាតំបន់មួយដែលមានវាលស្មៅដ៏ស្រស់ស្អាត និងទេសភាពដ៏ស្រស់ត្រកាលដែលប្តូរភាពលេចធ្លោររបស់ខ្លួនទៅតាមរដូវកាល ។ នៅសិសិររដូវនេះ វាលស្មៅមានលក្ខណៈក្រៀមងាប់ ប៉ុន្តែនៅពេលមានពន្លឺចាំងមកចំស្មៅ វាបានប្រែក្លាយទៅជាចែងចាំង ប្រៀបបានទៅនឹងកម្រាលព្រំដែលមានពណ៌មាស ។

យោងតាមមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា ទេសភាពព្រៃប្រឹក្សាអមទៅដោយសំឡេងសត្វទោចស្រែកបណ្តាក់គ្នា បានធ្វើឱ្យភ្ញៀវទេសចរ ដែលបានឡើងទៅដល់កំពូលភ្នំខ្នងផ្សារហើយ បាត់អស់ទុក្ខកង្វល់ រសាយអស់ជាមួយបរិយាកាសធម្មជាតិ ។ ខ្យល់បក់ប៉ះរាងកាយ សំលឹងមើលទៅឆ្ងាយបន្តិច ពពកហោះកាត់ព្រៃយ៉ាងក្រាស់ ជារសជាតិថ្មីមួយ រហូតត្រូវបានទេសចរដែលបានទៅកំសាន្តប្រសិទ្ធនាមថា«ឋានសួគ៌ក្រោមមេឃ»។

សម្រាប់អាហារ យើងត្រូវត្រៀមអាហារក្រៀមៗទុកបានយូរ និងមានទម្ងន់ស្រាល ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលើភ្នំ ។ គួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេសម្រាប់ជាអាហារពេលព្រឹក ។ សម្រាប់ទឹកសម្រាប់ដាំស្លឬបរិភោគ មិនចោទជាបញ្ហាទេ ដោយសារនៅទីនោះមានទឹកសមល្មមអាចប្រើប្រាស់បានទោះជារដូចប្រាំងក៏ដោយ។

មន្ទីរទេសចរណ៍បានបន្តទៀតថា នៅទីនោះក៏មានបន្ទប់ទឹក និងបង្គន់អនាម័យផងដែរ ដូច្នេះ ការបន្ទោរបង់ និងងូតទឹកសម្អាតខ្លួនលែងជាបញ្ហាធំទៀតហើយ។ ដើម្បីធ្វើដំណើរទៅកាន់ទីនោះ គឺយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង១គីឡូ យើងបត់តាមស្តុបតេលា (ច្បារមន) ទៅស្តាំប្រមាណ១គីឡូម៉ែត្រ យើនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅឱរ៉ាល់ ។

រួចហើយបត់ចូលតាមច្រកឱរ៉ាល់ តាមបណ្តោយផ្លូវជាតិលេខ៤៤ ប្រហែល ៥០គីឡូម៉ែត្រ នោះយើងនឹងដល់រង្វង់មូលផ្សារកន្តួតដែលមានរូបដំរីឈរ (ខាងលិចសាលាស្រុកឱរ៉ាល់) រួចហើយយើងបន្តដំណើទៅមុខ តាមផ្លូវលំប្រមាណជា៣៥គីឡូម៉ែត្រទៀត ដោយជិះកាត់ តំបន់ទេទឹកពុះ និងទំនប់តាសាល យើងនឹងទៅដល់ ភូមិរលាក់កងជើង ដែលជាមាត់ច្រកជិតជាងគេទៅកាន់កំពូលនៃភ្នំខ្នងផ្សារ (ឋានសួគ៌ក្រោមមេឃ) ហើយ៕






ចែករំលែកព័តមាននេះ