ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​​បង្ក្រាប​​ការ​ដឹក​លៀស​ខុស​ច្បាប់​ជិត​៣០​តោន​

2 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ត្រី សឿ​ន សេន ស្នងការ​រង​នគរបាល​ខេត្ត ទទួលផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចបានឱ្យ​ដឹង​តាម​តេ​ឡេ​ក្រាម​ថា កាលពី​វេលា​​ម៉ោង​ប្រមាណ​៧​ និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែមក​រា…

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ត្រី សឿ​ន សេន ស្នងការ​រង​នគរបាល​ខេត្ត ទទួលផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចបានឱ្យ​ដឹង​តាម​តេ​ឡេ​ក្រាម​ថា កាលពី​វេលា​​ម៉ោង​ប្រមាណ​៧​ និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែមក​រា ឆ្នាំ​២០២៦ ​កន្លង​ទៅ លោក​បាន​ដឹកនាំ​កម្លាំង​ផែន​ការងារ​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​កម្លាំង​នគរ​បាល​ស្រុក ដោយ​មានការ​សម្រប​សម្រួល​​នីតិវិធី​ពី​ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​រថយន្ត​ដឹក​ជញ្ជូន​លៀស​គ្មាន​លិខិតអនុញ្ញាត​ចំនួន​២​ករណី រួច​ប្រគល់​ឱ្យ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ ។

ក្រោយ​ពី​ការ​ចាប់​ឃាត់​រថយន្ត​ដឹក​លៀស​ទាំង​២​គ្រឿង ព្រមទាំង​ជនសង្ស័យ​ម្នាក់់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​ជលផល ។  ការ​ឃាត់​រថយន្ត​ដឹក​លៀស​នេះ បាន​ធ្វើ​ឡើងនៅ​ព្រែក​ឃ្លាំង មុខ​វត្ត​ស្តី ភូមិ​ព្រែក​ស្រមោច និងភូមិ​តា​ច្រនៀង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម  ។

សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជន​ម្នាក់ ឈ្មោះ ភី សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នក​ដឹក​ជញ្ជូនលៀស​ដោយ​គ្មាន​លិខិត​អនុ​ញ្ញ​ត ជាមួយនឹង​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​បៃតង ពាក់​ផ្លា​ក​លេខភ្នំពេញ ២H-៣៤៦០ ដឹក​លៀស​ចំនួន ១៥០​បាវស្មើនឹង ៧ ៥០០​គីឡូក្រាម ។ ជន​នេះ​រស់នៅ​ក្នុងភូមិ​ក្រចាប់ សង្កាត់​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ ចំណែក​ជន​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់     បើកបររថយន្ត អ៊ី​ស៊ុ​យ​ហ្ស៊ុយ ពណ៌​ផ្ទៃមេឃ ពាក់​ផ្លា​កលេខ ចង្កូត​ស្តាំ KCHH.០០៥៦ ដឹក​លៀសគ្មាន​លិខិតអនុញ្ញាត​ចំនួន ២១ ២៥០​គីឡូក្រាម​។

រថយន្ត​នេះ​ មាន​ផ្លា​ក​លេខ​មិន​ប្រក្រតី​មួយគូទៀត​នៅ​លើ​រថយន្ត ភ្នំពេញ ៣B-០៩៣០ ។ ជា​សរុប លៀស​ដែល​ត្រូវ​បាន​ចាប់​ឃាត់​ទាំង​២​រថយន្ត​មាន​ទម្ងន់ ២៨ ៧៥០​គីឡូក្រាម ត្រូវ​បាន​ចាក់​ចូល​ទៅ​ក្នុង​បឹង​ទន្លេសាប​វិញ នៅ​ព្រែក​ឃ្លាំង​មុខ​វត្ត​ស្តី ភូមិ​ព្រែក​ស្រមោច និង​ភូមិតា​ច្រនៀង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ