ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Goldman ព្យាករណ៍​ថា តម្លៃ​ប្រេង​ឆៅ​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ ដោយសារ​ការ​ផ្គត់ផ្គង់​កើនឡើង

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ធនាគារ​វិនិយោគ និង​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ​អា​មេ​រិ​ក Goldman Sachs កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦ បាន​ព្យាករណ៍​ថា…

សហរដ្ឋអាមេរិក ៖ ធនាគារ​វិនិយោគ និង​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ​អា​មេ​រិ​ក Goldman Sachs កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦ បាន​ព្យាករណ៍​ថា តម្លៃ​ប្រេង​ឆៅ​ទំនង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ ដោយសារ​ការ​ផ្គត់ផ្គង់​បង្កើត​អតិរេក​ទីផ្សារ ឬ​លើស​ពី​តម្រូវការ បើ​ទោះបីជា​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​ទាក់ទង​ទៅ​នឹង​ប្រទេស​រុ​ស្ស៊ី វ៉េ​ណេ​ស៊ុ​យ​អេ​ឡា និង​អ៊ី​រ៉​ង់ នឹង​បន្ត​ជំរុញ​ឱ្យ​មានការ​ប្រែប្រួល​តម្លៃ​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៦​។

ធនាគារ​វិនិយោគ​ដ៏​ល្បី​មួយ​នេះ បាន​រក្សា​ការ​ព្យាករណ៍​តម្លៃ​ជា​មធ្យម​ឆ្នាំ ២០២៦ របស់​ខ្លួន​នៅ​ចំនួន ៥៦ ដុល្លារ​ក្នុង​១​បារ៉ែល​សម្រាប់​ប្រេង​ស្តង់ដារ​ពិភពលោក Brent និង ៥២ ដុល្លារ​ក្នុង​១​បារ៉ែល​សម្រាប់​ប្រេង​អា​មេ​រិ​ក WTI ហើយ​រំពឹង​ថា​តម្លៃនឹង​ធ្លាក់​ចុះ​ដល់ ៥៤​ដុល្លារ​សម្រាប់ Brent និង ៥០ ដុល្លារ​សម្រាប់ WTI នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​។

Goldman Sachs បាន​បញ្ជាក់​ថា ការ​កើនឡើង​ស្តុក​ប្រេង​សកល និង​ការ​ព្យាករណ៍​អំពី​អតិរេក ២,៣ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​នៅ​ឆ្នាំ ២០២៦ បង្ហាញ​ថា ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ទីផ្សារ​ឡើង​វិញ ទំនងជា​តម្រូវ​ឱ្យ​មាន​តម្លៃ​ប្រេង​ទាប​នៅ​ឆ្នាំ​នេះ ដើម្បី​បន្ថយ​កំណើន​ផ្គត់ផ្គង់​របស់​ប្រទេស​មិនមែន​ជា​សមាជិក​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​គាំទ្រ​កំណើន​តម្រូវការ​សកល លើកលែងតែ​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ដ៏​ធំ​ណាមួយ ឬ​ការ​កាត់​បន្ថយ​ផលិតកម្ម​របស់ OPEC​។

គិត​ត្រឹម​ម៉ោង ១ និង ៥០ នាទី​រសៀល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​) កិច្ចសន្យា​ប្រេង​ឆៅ​នា​ពេល​អនាគត​របស់ Brent កំពុង​ជួញដូរ​ក្នុង​តម្លៃ ៦៣,៥២ ដុល្លារ​/​បារ៉ែល ខណៈ​ប្រេង​ឆៅ​អា​មេ​រិ​ក WTI រក្សា​បាន​តម្លៃ ៥៩,២៩ ដុល្លារ​/​បារ៉ែល​។ កាលពី​ឆ្នាំ​មុន ស​ន្ទ​ស្សន៍​តម្លៃ​ប្រេង​ឆៅ​ទាំង ២ បាន​បង្ហាញ​ពី​ដំណើរការ​ប្រចាំឆ្នាំ​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​ឆ្នាំ ២០២០ ដោយ​ធ្លាក់​ចុះ​ជិត ២០%​។

Goldman Sachs បាន​គូសបញ្ជាក់​ថា ហានិភ័យ​ចំពោះ​ការ​ព្យាករណ៍​តម្លៃ​ប្រេង​មាន​ភាព​លំអៀង​បន្តិចបន្តួច​ទៅ​រក​ការ​ធ្លាក់​ចុះ ដោយសារ​ការ​កើនឡើង​បន្ថែម​ទៀត​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ពី​ប្រទេស​មិនមែន​សមាជិក OPEC​។ Goldman រំពឹង​ថា​នឹង​មិន​មានការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​របស់ OPEC នោះ​ទេ បើ​ទោះបីជា​មាន​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​យ៉ាងណា​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ