ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ ៖ ​រាជរដ្ឋាភិបាល​កំពុង​ដុតដៃដុតជើង​យ៉ាង​ខ្លាំង ដើម្បី​ជួយ​ដល់​បងប្អូន​ជនភៀស​សឹក​នៅ​តាម​បណ្តា​យ​ព្រំដែន

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​​ស្ថា​ប័ន​ពាក់ព័ន្ធ​នានា​ជា​សេនាធិការ បាននិងកំពុង​ដុតដៃដុតជើង​យ៉ាង​ខ្លាំង ដើម្បី​ជួយ​ដល់​បងប្អូន​ជនភៀសសឹក​នៅ​តាម​បណ្តា​យ​ព្រំដែន​ ។ ឯកឧត្តម ប៉ែន បូ​ណា…

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​​ស្ថា​ប័ន​ពាក់ព័ន្ធ​នានា​ជា​សេនាធិការ បាននិងកំពុង​ដុតដៃដុតជើង​យ៉ាង​ខ្លាំង ដើម្បី​ជួយ​ដល់​បងប្អូន​ជនភៀសសឹក​នៅ​តាម​បណ្តា​យ​ព្រំដែន​ ។

ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរ​ដ្ឋា​ភិ​បាល​បាន​លើក​ឡើង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៦ ​នៅ​ទីស្តីការ​គណៈ​មន្ត្រី​ថា​ សម្រាប់​ពលរដ្ឋ​ភៀស​សឹក​​ដែល​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​បាន អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ជួយ​ជ្រោម​ជ្រែង ​និង​សម្រួល​ពួក​គាត់​ឱ្យ​បាន​វិល​ត្រឡប់​ទៅ​កាន់​ភូមិដ្ឋាន​វិញ ឱ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ​ដោយ​គិតគូរ​យ៉ាង​ហ្មត់ចត់​អំពី​សុវត្ថិភាព ជីវភាព និង​សុខុមាលភាព​របស់​ពួក​គេ ​។

ចំណែក​អ្នក​ដែល​មិន​ទាន់​អាច​វិល​ទៅ​កាន់​លំនៅ​ឋាន​វិញ​បាន​នៅឡើយ ក៏​ទទួល​បានការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល​ក្នុង​ការ​មើលថែ​ពួក​គាត់​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​ ។  អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ម្សិលមិញ (១១ មក​រា ២០២៦) មាន​ពលរដ្ឋ​ភៀស​សឹក​ប្រមាណ​ជា​៤៨​ម៉ឺន​នាក់​ហើយ​ ដែល​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ហើយ ក្នុង​ចំណោម​ជនភៀសសឹក​សរុប​ជាង៦៤​ម៉ឺន​នាក់​។

ដូច្នេះ នៅ​សល់​ជនភៀសសឹក​ជាង១៦​ម៉ឺន​នាក់​ទៀត​កំពុង​បន្ត​ស្នាក់​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​នៅឡើយ ហើយ​អាជ្ញាធរ​កំពុង​សម្របសម្រួល ​ដើម្បី​ឱ្យ​ពួក​គេ​វិល​ទៅ​កាន់​ភូមិឋាន​របស់​ខ្លួន​វិញ​ជា​បន្តបន្ទាប់​​ ។ ទន្ទឹម​នឹង​នោះ សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​ស្ថាប័ន​ផ្តល់​សេវា​សាធារណៈ​នានា​ក៏​បាន​បើក​ដំណើរការ​ឡើង​វិញ​ជា​បន្តបន្ទាប់ ​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ទាំងនោះ​។

ឯកឧត្តម​ក៏​បញ្ជាក់​ជូន​ថា ការ​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​របស់​ពលរដ្ឋ​ភៀស​សឹក​មាន​ចែង​ក្នុង​ចំណុច​ទី​៤​នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​មាន​សេចក្តី​ថា ភាគី​ទាំង​ពីរ​ឯកភាព​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល​រស់នៅ​ក្នុង​តំបន់​ព្រំដែន​ដែល​រង​ផល​ប៉ះពាល់ វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​ និង​ប្រកប​ជីវភាព​រស់នៅ​ធម្មតា​របស់​ពួក​គេ​វិញ​ក្នុង​ពេល​ឆាប់​ៗ​បំផុត​ដោយ​គ្មាន​ការ​រារាំង និង​ដោយ​មាន​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ នៅ​ក្នុង​តំបន់​រៀង​ៗ​ខ្លួន​។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​តែងតាំង​សមាសភាព​ក្រុមការងារ​ចំពោះ​កិច្ច​មួយ​កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥  ដែល​មាន​ភារកិច្ច​រៀបចំ​និង​គ្រប់គ្រង​ការ​ស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​ភាគី​ថៃ​ ។

បច្ចុប្បន្ន ក្រុមការងារ​ចំពោះ​កិច្ច​នេះ​ កំពុង​ចុះ​វាយតម្លៃ​ស្ថានភាព​ជាក់ស្តែង​ នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ដែល​រង​ផល​ប៉ះពាល់ ដើម្បី​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល ក៏​ដូច​ជា​ផល​ប៉ះពាល់​ជាក់ស្តែង​លើ​ជីវភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​រាជរដ្ឋាភិបាល​ចាត់វិធានការ​អន្តរាគមន៍​ស្តារ​ឡើង​វិញ​​នូវ​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ក៏​ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​ដែល​រង​ការ​ខូចខាត ​។

នៅ​ក្នុង​សារ​ផ្ញើ​ជូន​ប្រជាពលរដ្ឋ​ កាលពី​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៦ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​តាម​រយៈ​ក្រុមការងារ​ចំពោះ​កិច្ច​កំពុង​សិក្សា​និង​វាយតម្លៃ​លើ​ផល​ប៉ះពាល់​សំខាន់​៣ គឺផល​ប៉ះពាល់​លើ​ផលដំណាំ ស្ថានភាព​បំណុល និង​ការ​ស្តារ​ឡើង​វិញ​ជា​បន្ទាន់​​នូវ​សេវា​សាធារណៈ​ចាំបាច់ ដូច​ជា ទឹក​ស្អាត អគ្គិសនី និង​ទូរគមនាគមន៍​ជាដើម​ ។

ក្រៅពី​នោះ ការ​បោសសម្អាត​កាក​សំណល់​ និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ក៏​ជា​កិច្ចការ​ដ៏​សំខាន់​មួយ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ភៀស​សឹក មុន​នឹង​អនុ​ញ្ញាត​ឱ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​។ ភ្នាក់ងារ​សុខាភិបាល​ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​នឹង​កន្លែង ដើម្បី​ជួយ​ពិនិត្យ​សុខភាព​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ភៀស​សឹក​ផង​ដែរ​ ។

ក្រៅពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក៏​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​បណ្តា​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ​និង​អន្តរជាតិ វិស័យ​ឯកជន និង​សប្បុរសជន​នានា​តាម​រយៈ​ការ​ផ្តល់​ថវិកា សម្ភារៈ ដើម្បី​ជួយ​ដល់​បងប្អូន​ជនភៀសសឹក​និង​វីរ​កងទ័ព និង​វីរ​កង​នគរបាល​ជួរ​មុខ​ ។

ឆ្លៀតឱកាស​នេះ រាជរដ្ឋាភិបាល​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ និង​សប្បុរសជន​ទាំងឡាយ​ដែល​បាន​ចំណាយ​កម្លាំងកាយ​ចិត្ត និង​បាន​បរិច្ចាគ​​ធនធាន​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​គ្រា​ដ៏​លំបាក​នេះ​។

អ្នកនាំពាក្យ​ក៏​ស្នើ​សូម​បងប្អូន​ជនរួមជាតិ​ និង​សប្បុរសជន​គ្រប់​ទិស​ទី​បន្តសកម្មភាព​សប្បុរស​ធម៌​នេះ​ តទៅ​ទៀត​ ដើម្បី​បង្ហាញ​ពី​ប្រពៃណី​សាមគ្គី​ជួយ​គ្នា​ក្នុង​គ្រា​ជួប​ការ​លំបាក​ដែល​ជា​កម្លាំង​ស្នូល​នៃ​សង្គម​ខ្មែរ និង​ក៏​ជា​ការ​បង្ហាញ​ពី​ស្មារតី​គាំទ្រ​សន្តិភាព និង​លើកទឹកចិត្ត​ដល់​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ពីព្រោះ​សង្គ្រាម​តែង​បង្ក​វិនាសកម្ម និង​ទុក្ខសោក​គ្រប់​បែប​យ៉ាង​សម្រាប់​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​ដូចដែល​យើង​ធ្លាប់​បាន​ហែល​ឆ្លងកាត់​រួច​មក​ហើយ​ ។

ក្នុង​ន័យ​នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូម​បញ្ជាក់​ជូន​ជា​ថ្មី​ថា ក្នុង​នាម​ប្រទេស​ស្រឡាញ់​សន្តិភាព និង​តែងតែ​តម្កល់​សន្តិភាព​ជា​អាទិភាព​ខ្ពស់​បំផុត​មួយ កម្ពុជា​គោរព​និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​និង​ស្មោះត្រង់​បំផុត​នូវ​បទ​ឈប់​បាញ់ គោរព​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ រួម​ទាំង​កិច្ចព្រមព្រៀង​នានា​ដែល​បាន​ធ្វើ​កាលពី​ពេល​កន្លង​ទៅនិង​ជា​និច្ចកាល​ប្រកាន់​គោល​ជំហរ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។

ជាមួយ​គ្នា​នោះ​ដែរ ​ឯកឧត្តម​ក៏​បាន​អះអាង​ថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូ​ចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈ​កម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជា​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ