សហរដ្ឋអាមេរិក ៖ យន្តហោះយោធាអាមេរិកដែលត្រូវបានស្គាល់ថា «Doomsday» ឬ យន្តហោះនៃថ្ងៃវិនាស ត្រូវបានគេប្រទះឃើញកាលពីថ្មីៗនេះ នៅអាកាសយានដ្ឋានអន្តរជាតិ Los Angeles (LAX) ទីក្រុងឡូសអាន់ជ័រលេស រដ្ឋកាលីហ្វ័រញ៉ា (California) បង្កឱ្យមានភ្ញាក់ផ្អើល និងក្តីបារម្ភយ៉ាងខ្លាំង ចំពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយសកលបច្ចុប្បន្ន។ នេះបើតាមប្រភពពីសារព័ត៌មាន Los Angeles Times, NDTV និង Firstpost ចេញផ្សាយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។

ទិន្នន័យតាមដានការហោះហើរបានបង្ហាញថា យន្តហោះ Boeing E-4B Nightwatch ដែលត្រូវបានស្គាល់ថា Doomsday នៅក្នុងយោធាអាមេរិកនោះ កំពុងហោះហើរចេញពីមូលដ្ឋានទ័ពអាកាស Offutt ទៅកាន់តំបន់ Camp Springs រដ្ឋម៉ារីលែន (Maryland) ដែលជិតទីក្រុងវ៉ាស៊ីនតោន មុនពេលបន្តដំណើរទៅអាកាសយានដ្ឋានអន្តរជាតិ LAX នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក)។
យន្តហោះនេះ ត្រូវបានរចនាឡើងជាផ្លូវការសម្រាប់ប្រើប្រាស់ អំឡុងពេលមានអាសន្នជាតិ ហើយក៏ផលិតឡើងដើម្បីទប់ទល់នឹងការវាយប្រហារនុយក្លេអ៊ែរ និងធានាបាននូវប្រសិទ្ធភាពនៃប្រតិបត្តិការរដ្ឋាភិបាលអាមេរិក ដូច្នេះហើយទើបវាត្រូវបានដាក់ឈ្មោះហៅក្រៅថា «Doomsday»។ លើសពីនេះ យន្តហោះនេះត្រូវបានរចនាឡើងដើម្បីជៀសវាងការមើលឃើញជាសាធារណៈ ដូច្នេះការបង្ហាញខ្លួនក្នុងស្រុកដ៏កម្រកាលពីពេលថ្មីៗនេះ បង្កការភ្ញាក់ផ្អើល និងចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់បណ្តាសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមពិភពលោក ជាពិសេសអំឡុងពេលមានភាពតានតឹងសកលបច្ចុប្បន្ន ហើយនេះក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រប្រតិបត្តិការរយៈពេល ៥១ ឆ្នាំរបស់យន្តហោះ Doomsday ដែលបង្ហាញខ្លួនជាសាធារណៈបែបនេះ។

យ៉ាងណាមិញ ក្រោយមកក្រសួងសង្គ្រាមអាមេរិក (ក្រសួងការពារជាតិ) បានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ស្ថិតនៅក្នុងយន្តហោះ Doomsday នៅពេលដែលចុះចតនៅទីក្រុងឡូសអាន់ជ័រលេស ជាផ្នែកមួយនៃដំណើរទស្សនកិច្ចត្រូវបានហៅថា «Arsenal of Freedom» (ឃ្លាំងអាវុធនៃសេរីភាព) របស់លោក ដែលជាគំនិតផ្តួចផ្តើមក្នុងគោលបំណងលើកកម្ពស់មូលដ្ឋានការពារជាតិអាមេរិក និងលើកទឹកចិត្តដល់ការជ្រើសរើសយោធាទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយពីកាសែត New York Post។
ទោះជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណមិនទាន់បានផ្តល់ការពន្យល់ជាផ្លូវការណាមួយអំពីមូលហេតុដែល Doomsday ត្រូវបានប្រើប្រាស់ជំនួសយន្តហោះរដ្ឋាភិបាលស្តង់ដារ ដែលជាទូទៅប្រើប្រាស់សម្រាប់កិច្ចការជាតិនោះទេ។

តើ Doomsday ជាអ្វី?
យន្តហោះ Doomsday ដែលមានឈ្មោះផ្លូវការថា Boeing E-4B Nightwatch បម្រើជាមជ្ឈមណ្ឌលប្រតិបត្តិការអាកាសចរណ៍ជាតិអាមេរិក (NAOC) ឬជាប៉ុស្តិ៍បញ្ជាការហោះហើរដែលត្រូវបានរចនាឡើងដើម្បីការពារប្រធានាធិបតីសហរដ្ឋអាមេរិក និងមេដឹកនាំយោធាកំពូលៗ ក៏ដូចជាធានាបាននូវប្រសិទ្ធិភាពនៃប្រតិបត្តិការរបស់រដ្ឋាភិបាល អំឡុងពេលមានអាសន្នជាតិ ដូចជាសង្គ្រាមនុយក្លេអ៊ែរជាដើម។
Doomsday កើតចេញពីយន្តហោះ Boeing 747 ដែលឆ្លងកាត់កំណែយោធាជាពិសេស ការពារប្រឆាំងដែនអេឡិចត្រូម៉ាញ៉េទិច (EMP) និងកំដៅនៃការវាយប្រហារនុយក្លេអ៊ែរ ដោយវាមានប្រព័ន្ធទំនាក់ទំនងទំនើបៗបំផុត ដើម្បីរក្សាទំនាក់ទំនងរវាងមេបញ្ជាការ បើទោះបីជាប្រព័ន្ធនៅខាងក្រោមត្រូវបានបំផ្លាញក៏ដោយ។ កងទ័ពអាកាសអាមេរិកមានយន្តហោះនេះយ៉ាងហោចណាស់១គ្រឿង ដែលត្រៀមរួចជាស្រេចគ្រប់ពេលវេលាទាំងអស់ក្នុងករណីមានអាសន្នជាតិ៕
ចែករំលែកព័តមាននេះ