រាជធានីភ្នំពេញ ៖ សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន បុរសជនជាតិនេប៉ាល់ចំនួន ៣នាក់ ទី១មានឈ្មោះ GURUNG BINAYA ទី២ ឈ្មោះ TUMROK SAIN និងទី៣ ឈ្មោះ SAPKOTA MOHAN ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ។
ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចកម្ពុជាស្រាវជ្រាវរកឃើញថា បានបន្លំខ្លួនជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចី ប្រើប្រាស់ទីតាំងក្នុងបុរីដឺព្រីមៀ ស្ថិតក្នុង ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានគោលដៅទៅកាន់ប្រទេសផ្សេងៗ ចាប់ពីអំឡុងខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ។
លេខាធិការដ្ឋានគ.ប.ឆ.ប. សូមបញ្ជាក់ជូនថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន៣៦ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន១៧១ នាក់ ។
ជាមួយគ្នានេះ សមត្ថកិច្ចបាន និងកំពុងបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញអង្គការចាត់តាំងដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ។
ជាក់ស្តែង អាជ្ញាធរកម្ពុជា បានស្រាវជ្រាវស៊ីជម្រៅរហូតឈានដល់បានកំណត់មុខសញ្ញាមេខ្លោងនៃការប្រព្រឹត្តការឆបោក ហើយបានសហការជាមួយសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបញ្ជូនឧក្រិ.ដ្ឋជនឈ្មោះ ចេន ហ្ស៊ី ដើម្បីឱ្យផ្តន្ទាទោសតាមច្បាប់ ។ សម្រាប់រាល់ករណីអំពើល្មើសដែលត្រូវបានស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវច្បាស់លាស់ និងភស្តុតាងជាក់ស្តែងរហូតដល់នីតិវិធីបញ្ជូនដល់ដៃតុលាការនេះបានបង្ហាញពីភាពម៉ឺងម៉ាត់របស់សមត្ថកិច្ចកម្ពុជា ក្នុងការអនុវត្តច្បាប់ និងបទបញ្ជាដែលរាជរដ្ឋាភិបាលបានដាក់ចុះក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ។
របាយការណ៍របស់លេខាធិការដ្ឋានគ.ប.ឆ.ប. បានបង្ហាញថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ខែមករា ឆ្នាំ២០២៦ នេះ ក្រោមការសម្របសម្រួល និងចង្អុលបង្ហាញពីលេខាធិការដ្ឋានគ.ប.ឆ.ប. គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត បានបន្តចុះប្រតិបត្តិការបង្ក្រាបការឆបោកអនឡាញនៅទីតាំងផ្សេងគ្នាសរុបចំនួន ៧កន្លែងក្នុងរាជធានីភ្នំពេញ (ចំនួន ៦ ទីតាំង) និងក្នុងខេត្តសៀមរាប (ចំនួន ១ ទីតាំង) ។
ប្រតិបត្តិការបង្ក្រាបទាំងនេះ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេសសរុបចំនួន៣៩នាក់ មានជនជាតិកូរ៉េខាងត្បូងចំនួន ៣២នាក់, ចិនចំនួន ៤នាក់ និងនេប៉ាល់ចំនួន ៣នាក់ និងបានរឹបអូសសម្ភារៈជាវត្ថុតាងដូចជា កុំព្យូទ័រលើតុចំនួន ៤គ្រឿង, កុំព្យូទ័រយួរដៃចំនួន ៦២គ្រឿង, ទូរសព្ទដៃចំនួន៣២គ្រឿង ។
គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបង្កើតឡើង និងដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចុះបទបញ្ជាដើម្បីជំរុញការអនុវត្តវិធានការជាក់ស្តែងទូទាំងប្រទេស រាប់បញ្ចូលយន្តការស្រាវជ្រាវ ស៊ើបអង្កេត ប្រតិបត្តិការអនុវត្តច្បាប់ នីតិវិធីតុលាការ និងទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ ហើយបន្តបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសកម្ពុជា និងរួមចំណែកក្នុងកិច្ចខិតខំក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាសកល។
សូមរំលឹកជូនថាក្នុងរយៈពេល៦ខែចុងក្រោយឆ្នាំ២០២៥ យន្តការថ្នាក់ជាតិនេះបានរឹតបន្តឹងការអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋាន, តុលាការ និងអយ្យការគ្រប់ជាន់ថ្នាក់, ពង្រឹងការគ្រប់គ្រងជនបរទេស ពិសេសអ្នកចូលមកកម្ពុជាដោយខុសច្បាប់ ដើម្បីធានាថាគ្មានសកម្មភាពល្មើស អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬទម្រង់នៃការជួញដូរមនុស្ស/ផ្លូវភេទណាមួយ កើតឡើងជាដាច់ខាត ខណៈបន្តសហការជាមួយបណ្តាប្រទេសដៃគូលើពិភពលោក ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប និងទប់ស្កាត់អំពើល្មើសច្បាប់គ្រប់ទម្រង់៕
ចែករំលែកព័តមាននេះ