ប្រទេសវៀតណាម ៖ ប៉ូលិសប្រទេសវៀតណាមបានចាប់ខ្លួននាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតអាហារកំប៉ុងឈ្មោះ Halong Canned Food ឬ Halong Canfoco បន្ទាប់ពីបានរកឃើញសាច់ជ្រូកមានជំងឺជាង ១៣០ តោន ប្រើប្រាស់នៅក្នុងការផលិតម្ហូបអាហារ។ នេះបើតាមប្រភពពីសារព័ត៌មាន VnExpress និង Vietnam News ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។
ប៉ូលិសទីក្រុងហៃហ្វុង (Hai Phong) កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានអះអាងថា លោក ទ្រឿង ស៊ី ទួន (Truong Sy Toan) អាយុ ៥៧ ឆ្នាំ គឺជានាយកប្រតិបត្តិក្រុមហ៊ុនខាងលើ ត្រូវបាននាំទៅឃុំខ្លួនជាបន្ទាន់ ដើម្បីស៊ើបអង្កេតលើការប្រមូល និងរក្សាទុកសាច់ជ្រូកមានជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ឬ ប៉េស្តជ្រូកអាហ្វ្រិក នៅឃ្លាំងបង្កករបស់ក្រុមហ៊ុន។ មន្ត្រីស៊ើបអង្កេតបានឱ្យដឹងថា នាយកប្រតិបត្តិរូបនេះមានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការសម្រេចចិត្តគ្រប់គ្រង និងប្រតិបត្តិការទាក់ទងនឹងការដោះស្រាយសាច់ជ្រូក ដែលមិនបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារជាតិ។
នៅថ្ងៃដដែលនោះ ប៉ូលិសក៏បានឃុំខ្លួនបុគ្គលិក ៣ នាក់មកពីនាយកដ្ឋានគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុនខាងលើ ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យវត្ថុធាតុដើមនាំចូល។ អាជ្ញាធរបានកំណត់ថា ពួកគេមានតួនាទីក្នុងការវាយតម្លៃគុណភាពសាច់ជ្រូក មុនពេលត្រូវបានអនុញ្ញាតសម្រាប់ការរក្សាទុក និងកែច្នៃ។
ករណីនេះបានលេចចេញជារូបរាងក្នុងខែកញ្ញា ឆ្នាំ ២០២៥ នៅពេលនាយកដ្ឋានប៉ូលិសសេដ្ឋកិច្ចទីក្រុងហៃហ្វុងបានស្ទាក់ចាប់រថយន្ត ២ គ្រឿង ដឹកសាច់ជ្រូកមិនស្គាល់ប្រភពដើមចំនួន ១,២ តោន ដែលក្រោយមក ការធ្វើតេស្តបានបញ្ជាក់ថា សាច់ទាំងនោះមានផ្ទុកមេរោគគ្រុនផ្តាសាយជ្រូកអាហ្វ្រិក។ ទោះយ៉ាងណា នៅពេលដែលការស៊ើបអង្កេតបានពង្រីក អាជ្ញាធរក៏បានរកឃើញសាច់ជ្រូកកកមានផ្ទុកជំងឺប្រហែល ១៣០ តោនដែលរក្សាទុកនៅឃ្លាំងរបស់ក្រុមហ៊ុន Halong Canfoco ។
ប៉ូលិសបានបញ្ជាក់ថា សាច់ដែលមានមេរោគ ក្រុមហ៊ុនបានកែច្នៃទៅជាប៉ាតេរួចរាល់ជាង ១,៧ តោនរួចហើយ ដែលស្មើនឹងប្រហែល ១៤ ០០០ កំប៉ុង នៅថ្ងៃទី ៦-៧ ខែកញ្ញា ឆ្នាំ ២០២៥។ ផលិតផលជាច្រើនទៀតក៏បានធ្វើតេស្តវិជ្ជមានជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិកផងដែរ រួមទាំងសាយ៉រ (Crispy Spring Roll) ជាង ៤ ០០០ គីឡូក្រាម និងសាយ៉រ ពិសេសជាង ៣ ០០០ គីឡូក្រាម។ លើសពីនេះ ការតេស្តមន្ទីរពិសោធន៍បានរកឃើញស្បែកជ្រូកកកជាង ១៣ ០០០ គីឡូក្រាម និងស្បែកមាន់កកជាង ៨ ០០០ គីឡូក្រាមផ្ទុកមេរោគសាល់ម៉ូណេឡា (Salmonella) ដែលជាទូទៅបង្កជំងឺក្រពះពោះវៀន។
អាជ្ញាធរបន្ថែមថា សាច់ជ្រូកមានជំងឺមានប្រភពមកពីអ្នកផ្គត់ផ្គង់នៅក្នុងខេត្តហុង យ៉េន (Hung Yen) មានព្រំប្រទល់ជាប់នឹងទីក្រុងហៃហ្វុង និងខ្វះឯកសារផ្លូវច្បាប់។ បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេល ៤ ខែ ប៉ូលិសក្រុងហៃហ្វុងបានចាប់ផ្តើមដំណើរការនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងជនសង្ស័យម្នាក់ និងបក្ខពួកប្រាំ ៣ នាក់ពីបទរំលោភបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ។ សាច់ និងផលិតផលពាក់ព័ន្ធទាំងអស់ដែលមានមេរោគត្រូវបានបំផ្លាញចោលនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។
ទោះយ៉ាងណា ប៉ូលិសបានអះអាងថា ការស៊ើបអង្កេតកំពុងតែបន្ត ខណៈដែលពួកគេបន្តបញ្ជាក់ពីការទទួលខុសត្រូវរបស់បុគ្គលពាក់ព័ន្ធនឹងក្រុមហ៊ុន ក៏ដូចជាពង្រីកសំណុំរឿងនេះស្របតាមច្បាប់។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ VnExpress កាលពីពេលថ្មីៗនេះបានរាយការណ៍ថា ផ្សារទំនើបជាច្រើននៅក្នុងប្រទេសវៀតណាម រួមទាំងនៅទីក្រុងហាណូយ និងហូជីមិញ ផងនោះ បានដកផលិតអាហារកំប៉ុងផលិតដោយក្រុមហ៊ុន Halong Canfoco ចេញធ្នើរតាំងទំនិញ បន្ទាប់ពីអាជ្ញាធរបានរកឃើញថាសាច់រក្សាទុកដោយក្រុមហ៊ុននេះធ្វើតេស្តវិជ្ជមានមេរោគគ្រុនផ្តាសាយជ្រូកអាហ្វ្រិក។ ស្របពេលដែលវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ឬគេហទំព័រលក់អនឡាញជាច្រើន ក៏បានដកផលិតផលរបស់ក្រុមហ៊ុននេះ ចេញពីបញ្ជីលក់របស់ពួកគេផងដែរ៕

ចែករំលែកព័តមាននេះ