រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ២នាក់ ជាជនជាតិឥណ្ឌា និងចិន ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារមរណភាពរបស់ជនរងគ្រោះ (ធ្លាក់ពីលើជាន់ទី១ ស្លាប់) ។
ជនសង្ស័យរូបនោះ ៖ ១. ឈ្មោះ JATLA SIDDARTHA ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែន និង២.ឈ្មោះ LI FANG ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន ។
បើតាមនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានអោយដឹងថា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានបានទទួលព័ត៌មានពីឈ្មោះ LAI QINGXIONG ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន រាយការណ៍ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០និង២៧នាទីរំលងអាធ្រាត្រ កូនស្រីរបស់ខ្លួនឈ្មោះ LAI YUQING ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិចិន បានធ្លាក់ពីលើផ្ទះ (ជាន់ទី០១) ស្ថិតនៅក្រុមទី០១ ភូមិ១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដើម្បីសម្រាកព្យាបាល ដោយសង្ស័យករណីឃាតកម្ម រហូតមកដល់វេលាម៉ោងប្រហែល១៧និង០០នាទី ឈ្មោះ LAI YUQING បានទទួលមរណភាព នៅមន្ទីរពេទ្យ ។
តាមនគរបាលបានឲ្យដឹងទៀតថា ក្រោយទទួលពាក្យបណ្ដឹង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងស្រាវជ្រាវលើករណីនេះ ។
ក្រោយមក កម្លាំងជំនាញ ក៏បាននាំជនសង្ស័យទាំងពីរនាក់ មកកាន់នាយកដ្ឋាន ដើម្បីការសាកសួរ និងឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យចំនួន២នាក់ខាងលើ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ