ទីក្រុងស៊ីដនី៖ ថ្ងៃនេះ ភ្នាក់ងារអគ្គិភ័យអូស្ត្រាលីរាប់ពាន់នាក់កំពុងតែខិតខំពន្លត់ភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍។ ភ្លើងនេះបានដុតបំផ្លាញផ្ទះរបស់ប្រជាជន ធ្វើឱ្យមនុស្សរាប់ពាន់គ្រួសារដាច់ភ្លើង និងដុតបំផ្លាញព្រៃគុម្ពោតអស់ជាច្រើន។ ភ្លើងឆេះព្រៃបានឆេះរាលដាលនៅលើផ្ទៃដីជាង៣សែនហិចតារ និងកើតឡើងចំពេលដែលរលកកម្ដៅកំពុងបោកបក់នៅរដ្ឋវីកថូរៀ (Victoria) ។ នៅទូទាំងរដ្ឋនេះមានភ្លើងឆេះព្រៃធំៗចំនួនដប់កន្លែងកំពុងកើតឡើងដំណាលគ្នា។
បើគេក្រឡេកទៅមើលស្ថានការណ៍នៅរដ្ឋញូសោសវេល (New South Wales) ដែលនៅក្បែរនោះ គេឃើញថាភ្លើងឆេះព្រៃក៏កើតឡើងជាច្រើនកន្លែងផងដែរនៅត្រង់ចំណុចព្រំប្រទល់រវាងរដ្ឋនេះ និងរដ្ឋវីកថូរៀ។ ពោលគឺភ្លើងឆេះលើកនេះឈានដល់កម្រិតប្រកាសអាសន្ន។ សីតុណ្ហភាពកើនឡើងដល់៤៥អង្សា។ សំណង់អគារជាង១៣០ខ្នងរួមទាំងផ្ទះរបស់ប្រជាជនជាច្រើនខ្នងផងដែរត្រូវបានភ្លើងឆេះព្រៃដុតបំផ្លាញ។
ក្រៅពីនេះ ផ្ទះស្នាក់នៅ និងផ្ទះអាជីវកម្ម៣,៨ម៉ឺនខ្នងដាច់ភ្លើង។ សម្រាប់រដ្ឋវីកថូរៀ ភ្លើងឆេះព្រៃលើកនេះមានសភាពធំធេងមិនធ្លាប់មានគិតចាប់តាំងអំឡុងឆ្នាំ២០១៩-២០២០។ អភិបាលរដ្ឋវីកថូរៀថ្លែងថានៅទីតាំងណាដែលយើងអាចធ្វើទៅបាន យើងនឹងខិតខំទប់ស្កាត់ភ្លើងមិនឱ្យឆេះរាលដាល។ ភ្នាក់ងារអគ្គិភ័យរាប់ពាន់នាក់នៅតែបន្តខិតខំបំពេញការងារនៅកន្លែងកើតហេតុនៅឡើយទេ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកអាល់បានីស ថ្លែងថាប្រទេសជាតិកំពុងជួបប្រទះបញ្ហាឡើងកម្ដៅដ៏ខ្លាំង និងដ៏គ្រោះថ្នាក់ដោយសារភ្លើងឆេះព្រៃ ជាពិសេសនៅរដ្ឋវីកថូរៀ។ អារម្មណ៍របស់លោកនៅដិតជាប់នឹងប្រជាជនអូស្ត្រាលីដែលរស់នៅទាំងលំបាកនៅលើទីតាំងកើតមានភ្លើងឆេះព្រៃ។ ភ្លើងឆេះព្រៃដ៏ធំមួយកំពុងកើតឡើងក្បែរទីក្រុងឡងវូត (Longwood) ចម្ងាយ១១២គីឡូម៉ែត្រពីទីក្រុងមើលប៊ន និងដុតព្រៃឈើអស់១,៣សែនហិចតា។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ