ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ភៀស​សឹក​​ជាង​៤៧​ម៉ឺន​នាក់​ហើយ​ដែល​បាន​វិល​ត្រឡប់​ទៅកាន់​លំនៅ​ឋាន​វិញ​

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦ ​មាន​ពលរដ្ឋ​ភៀស​សឹក​​ជាង​៤៧​ម៉ឺន​នាក់​​ហើយ​ដែល​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​​​ក្នុង​ចំណោម​ជនភៀសសឹក​សរុប​ជាង​៦៤​ម៉ឺន​នាក់​ ។ ដូច្នេះ ចំនួន​ពលរដ្ឋ​ភៀស​សឹក​ដែល​បន្ត​ស្នាក់​នៅ​ក្នុង​ជំរុំ​បាន​ថយ​ចុះ​នៅ​ត្រឹម​ជាង​១៧​ម៉ឺន​នាក់​ប៉ុណ្ណោះ ហើយ​អាជ្ញាធរ​កំពុង​សម្របសម្រួល…

រាជធានី​ភ្នំពេញ​ ៖ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦ ​មាន​ពលរដ្ឋ​ភៀស​សឹក​​ជាង​៤៧​ម៉ឺន​នាក់​​ហើយ​ដែល​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​​​ក្នុង​ចំណោម​ជនភៀសសឹក​សរុប​ជាង​៦៤
​ម៉ឺន​នាក់​ ។ ដូច្នេះ ចំនួន​ពលរដ្ឋ​ភៀស​សឹក​ដែល​បន្ត​ស្នាក់​នៅ​ក្នុង​ជំរុំ​បាន​ថយ​ចុះ​នៅ​ត្រឹម​ជាង​១៧​ម៉ឺន​នាក់​ប៉ុណ្ណោះ ហើយ​អាជ្ញាធរ​កំពុង​សម្របសម្រួល ដើម្បី​ឱ្យ​ពួក​គេ​វិល​ទៅ​កាន់​ភូមិឋាន​របស់​ខ្លួន​វិញ​ជា​បន្តបន្ទាប់ ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​ដល់​ជីវភាព សុវត្ថិភាព និង​សុខុមាលភាព​របស់​ពលរដ្ឋ​ភៀស​សឹក​ទាំងនោះ​ ។ ​នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ក្នុង​ស​ន្និសីទ​សារព័ត៌​មាន នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​ខែមករា ឆ្នាំ​២០២៦ ​ថា សាលារៀន​៩៧៥​ក្នុង​ខេត្ត​៤ ​គឺ​ព្រះ​វិហារ ឧត្តរមានជ័យ បន្ទាយ​​មាន​ជ័យ និង​ពោធិ៍សាត់ បាន​បើក​ដំណើរការ​ឡើង​វិញ ខណៈ​ដែល​សាលារៀន​ចំនួន​១១៦ ផ្សេង​ទៀត​នៅ​បន្ត​បិទទ្វារ​នៅឡើយ​ ។

ក្រៅពី​នោះ មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​ស្ថាប័ន​ផ្តល់​សេវា​សាធារណៈ​ជា​ច្រើន​ក៏​បាន​បើក​ដំណើរការ​ឡើង​វិញ​ដែរ​ ។ សូម​បញ្ជាក់​ជូន​ថា ការ​វិល​ត្រឡប់​របស់​ពលរដ្ឋ​ភៀស​សឹក​មាន​ចែង​ក្នុង​ចំណុច​ទី​៤ នៃ​សេចក្តី​ប្រកាស​រួម​ដែល​មាន​សេចក្តី​ថា ភាគី​ទាំង​ពីរ​ឯកភាព​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល​រស់នៅ​ក្នុង​តំបន់​ព្រំដែន​ដែល​រង​ផល​ប៉ះពាល់​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង និង​ប្រកប​ជីវភាព​រស់នៅ​ធម្មតា​របស់​ពួក​គេ​វិញ ក្នុង​ពេល​ឆាប់​ៗ​បំផុត ដោយ​គ្មាន​ការ​រារាំង និង​ដោយ​មាន​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ នៅ​ក្នុង​តំបន់​រៀង​ៗ​ខ្លួន​ ។

ទោះជា​យ៉ាងនេះ​ក៏​ដោយ មាន​ជនភៀសសឹក​ជា​ច្រើន​ដែល​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​បាន​នៅឡើយ​ទេ ដោយសារ​ការ​បន្ត​រក្សា​វត្តមាន​យោធា ព្រមទាំង​សកម្មភាព​ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល និង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​វិល​ត្រឡប់​របស់​ជន​ភៀស​សឹក​ចូល​ទៅ​ក្នុង​តំបន់​ទាំងនោះ​វិញ​ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​តែងតាំង​សមាសភាព​ក្រុមការងារ​ចំពោះ​កិច្ច​មួយ​កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ ដែល​មាន​ភារកិច្ច​រៀបចំ​និង​គ្រប់គ្រង​ការ​ស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយ​គ្រាប់បែក​របស់​ភាគី​ថៃ​ ។ នេះ​ សបញ្ជាក់​​អំពី​ការ​យកចិត្តទុកដាក់​គ្រប់​ជ្រុងជ្រោយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​ប្រជាពលរដ្ឋ​យើង​កំពុង​ជួប​ប្រទះ​ ។

បច្ចុប្បន្ន ក្រុមការងារ​ចំពោះ​កិច្ច​នេះ ​កំពុង​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ដែល​រង​ផល​ប៉ះពាល់ ដើម្បី​វាយតម្លៃ​អំពី​ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល ក៏​ដូច​ជា​ផល​ប៉ះពាល់​លើ​ជីវភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​រាជរដ្ឋាភិបាល​ចាត់វិធានការ​ដោះស្រាយ​។ ទន្ទឹម​នឹង​នេះ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ក៏​បាន​ចុះ​ទៅ​ពិនិត្យ និង​វាយតម្លៃ​ការ​ខូចខាត​ជាក់ស្តែង​ក្នុង​តំបន់​រង​គ្រោះ​ផង​ដែរ​។

គួរ​រម្លឹក​ជូន​ថា នៅ​ក្នុង​សារ​ផ្ញើ​ជូន​វីរ​កងទ័ព វីរ​កង​នគរបាល​ជាតិ និង​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា សម្តេច​បាន​ណែនាំ​ដល់​ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ចាត់ចែង​កំណត់​ទីតាំង​ដែល​មាន​សុវត្ថិភាព​គ្រប់គ្រាន់ និង​រៀប​ចំការ​សម្របសម្រួល​ដើម្បី​បងប្អូន​ជនភៀសសឹក​របស់​យើង អាច​វិល​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​វិញ​ឱ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ ។ ចំពោះ​តំបន់​ដែល​មិន​ទាន់​មាន​ភាព​អំណោយផល​សម្រាប់​ការ​វិល​ត្រលប់​ដោយ​សុវត្ថិភាព រាជរដ្ឋាភិបាល​នឹង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​មុខ​សម្រាប់​បងប្អូន​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​។

គួរ​កត់សម្គាល់​ដែរ​ថា ប្រជាពលរដ្ឋ​ភៀស​សឹក​ បាន​ទទួល​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​អាជ្ញាធរ​ដែនដី និង​ក្រុមការងារ​ពាក់ព័ន្ធ​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ក្នុង​នោះ ក្រសួងសុខា​ភិបាល​ក៏​បាន​ដាក់​ភ្នាក់ងារ​សុខាភិបាល​ជា​ប្រចាំ​នៅ​នឹង​កន្លែង ដើម្បី​ជួយ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ពួក​គេ​ដោយ​ផ្ទាល់ និង​ត្រៀម​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ករណី​ចាំបាច់ ខណៈ​ដែល​សប្បុរសជន​នានា​ក៏​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ជួយ​ដល់​បងប្អូន​ជនភៀសសឹក​។

ឆ្លៀតឱកាស​នេះ រាជរដ្ឋាភិបាល​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ទាំង​ឡាយ​ដែល​បាន​ចំណាយ​កម្លាំងកាយ​ចិត្ត និង​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​សម្រាល​ការ​លំបាក​របស់​ពលរដ្ឋ​ភៀស​សឹក​ ។ ស្មារតី​មហា​សាមគ្គី​ខ្មែរ​ជួយ​ខ្មែរ​ដែល​តែងតែបាន​ផុស​ឡើង​គ្រប់ពេលវេលា ជា​ពិសេស​ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ ។ សូម​បងប្អូន​ជនរួមជាតិ​និង​សប្បុរសជន​គ្រប់​ទិស​ទី​បន្តសកម្មភាព​សប្បុរសធម៌​នេះ​តទៅ​ទៀត ដើម្បី​បង្ហាញ​ពី​ប្រពៃណី​សាមគ្គី​ជួយ​គ្នា​ក្នុង​គ្រា​ជួប​ការ​លំបាក ដែល​ជា​កម្លាំង​ស្នូល​នៃ​សង្គម​ខ្មែរ​។

ការ​វិល​ត្រឡប់​វិញ​របស់​ពលរដ្ឋ​ភៀស​សឹក​ជា​បន្តបន្ទាប់​នា​ពេល​នេះ គឺជា​លទ្ធផល​មួយ​ក្នុង​ចំណោម​លទ្ធផល​សំខាន់​ដែល​បាន​កើត​ពី​សេចក្តី​ប្រកាស​រួម​ថ្ងៃ​២៧ ខែធ្នូ ឆ្នាំ​២០២៥ បន្ទាប់​ពី​ការ​អនុ​វត្តបទ​ឈប់​បាញ់​ដែល​ចូល​ជា​ធរមាន​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ និង​ការ​ដោះ​លែង​យោធិន​កម្ពុជា​១៨​នាក់ កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ ដែល​យើង​ទន្ទឹងរង់ចាំ​អស់​រយៈពេល​១៥៥​ថ្ងៃ​ ។

លទ្ធផល​ជា​វិជ្ជមាន​ទាំងនេះ​ កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​ ថ្នាក់ដឹកនាំ​នៃ​យើង​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា
​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​នយោបាយ​ការទូត​ដ៏​សកម្ម​ដើម្បី​បង្កើត​ឱ្យ​មាន​បទ​ឈប់​បាញ់ ហើយ​ងាក​ទៅ​រាក​ការ​ចរចា​តាម​ផ្លូវ​ការទូត និង​ច្បាប់​អន្តរជាតិ​វិញ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​ភាគី​អន្តរជាតិ​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​សូម​បញ្ជាក់​ជូន​ជា​ថ្មី​ថា ក្នុង​នាម​ប្រទេស​ស្រឡាញ់​សន្តិភាព កម្ពុជា​គោរព​ និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ​និង​ស្មោះត្រង់​បំផុត​នូវ​បទ​ឈប់​បាញ់ ក៏​ដូច​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ រួម​ទាំង​កិច្ចព្រមព្រៀង​ដែល​បាន​ធ្វើ​កាលពី​ពេល​កន្លង​មក​។

កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោល​ការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជា​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ ដែល​កើត​ចេញពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះ​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ