ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំថ្លែងថាលោកនឹងមិនបញ្ជូនកងទ័ពទៅចាប់ខ្លួនលោកពូទីនដូចករណីលោកម៉ាឌូរ៉ូនៅប្រទេសវេណេហ្ស៊ូអេឡាទេ។ លោកថ្លែងដូច្នេះដើម្បីឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលចង់ឱ្យលោកបញ្ជាក់អំពីរឿងនេះ។ ការថ្លែងដូច្នេះចំពេលដែលនយោបាយការបរទេសរបស់អាមេរិកក្រោមការដឹកនាំរបស់លោកត្រាំចាប់ផ្ដើមប្រែប្រួលច្រើន។

ក្រៅពីវាយប្រហារប្រទេសវេណេហ្ស៊ូអេឡា និងចាប់ខ្លួនលោកម៉ាឌូរ៉ូយកទៅកាត់ទោសនៅញូយ៉ករួច លោកត្រាំក៏កំពុងបង្កភាពចលាចលមិនតិចទេនៅក្នុងចំណោមក្រុមសម្ព័ន្ធមិត្តនៅអឺរ៉ុប និងអង្គការណាតូបន្ទាប់ពីលោកប្រកាសថាត្រៀមបញ្ជូនកងទ័ពទៅវាយយកកោះហ្គ្រីនលែនមកគ្រប់គ្រង។ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោកត្រាំប្រកាសពីការចាប់ខ្លួនលោកម៉ាឌូរ៉ូ និងប្រពន្ធរបស់គាត់ក្រោយការបើកប្រតិបត្តិការសឹកទ្រង់ទ្រាយធំ។

ទន្ទឹមនឹងនោះ លោកក៏កំពុងខិតខំធ្វើជាអ្នកសម្របសម្រួលដោះស្រាយបញ្ហាអ៊ុយក្រែនផងដែរ។ ការជជែកដេញដោលគ្នាអំពីអន្តរាគមន៍យោធា និងបញ្ហាទំនាក់ទំនងអាមេរិក-រុស្ស៊ីពិតជាមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងព្រោះយោធា និងសេដ្ឋកិច្ចគឺជាឧបករណ៍ដែលគេប្រើប្រាស់ដើម្បីកែប្រែស្ថានការណ៍ពិភពលោក។ ការចាត់វិធានការចាប់មេដឹកនាំបរទេសដូចករណីចាប់ខ្លួនលោកម៉ាឌូរ៉ូធ្វើឱ្យគេចោទសួរអំពីភាពស្របច្បាប់, យុទ្ធសាស្ត្រការទូត និងការប្រើប្រាស់ឥទ្ធិពលរបស់អាមេរិកនៅបរទេស។

អ្នកសារព័ត៌មានរបស់ទូរទស្សន៍ហ្វក់ (Fox) បានស្នើសុំឱ្យលោកត្រាំធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការថ្លែងរបស់ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី កាលពីពេលថ្មីៗនេះ។ លោកហ្សេឡិនស្គីថាលោកពូទីននឹងធ្វើអ្វីដោយប្រយ័ត្នប្រយែងនៅក្នុងបញ្ហាអ៊ុយក្រែនបើសិនអាមេរិកបញ្ជូនយោធាទៅចាប់សម្ព័ន្ធមិត្តរបស់គាត់។ លោកត្រាំឆ្លើយតបថាគ្មានការចាំបាច់ដើម្បីធ្វើដូច្នេះទេ។ លោកមានទំនាក់ទំនងល្អជាមួយលោកពូទីន។ លោកខកចិត្តខ្លាំងមែនទែនដែលដោះស្រាយបញ្ហាអ៊ុយក្រែនមិនចេញ។

លោកបានជួយដោះស្រាយបញ្ចប់សង្គ្រាមចំនួន៨ហើយ។ មុនដំបូង លោកគិតថាបញ្ហាអ៊ុយក្រែនប្រហែលជាអាចដោះស្រាយចប់មុនសង្គ្រាមដទៃទៀត។ លោកថ្លែងបន្តទៀតថាកាលពីខែមុន អ៊ុយក្រែន និងរុស្ស៊ីបាត់បង់ជីវិតយុទ្ធជន៣,១ម៉ឺននាក់។ រុស្ស៊ីស្លាប់ច្រើនជាងអ៊ុយក្រែន ហើយសេដ្ឋកិច្ចរុស្ស៊ីក៏ធ្លាក់ចុះផងដែរ។ ក្រោយពេលចាប់ខ្លួនលោកម៉ាឌូរ៉ូ លោកហ្សេឡិនស្គីថ្លែងថាអាមេរិកដឹងច្បាស់ហើយថាត្រូវចាប់ខ្លួនមេដឹកនាំផ្ដាច់ការណាទៀត។ នេះបើយោងតាមការផ្សាយរបស់ញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ