រាជធានីភ្នំពេញ ៖ ស្មៅនិងជាតិជ័រទុកចោលក្នុងដីឡូត៍មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្មានតែឆេះស្ថានីយប្រេងសាំង ដែល ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ មករា ឆ្នាំ២០២៦ នៅខាងលិចបុរីពិភពថ្មីឈូកវ៉ា១ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីដីឡូត៍មួយកន្លែងយ៉ាងសន្ធោសន្ធៅ និងមានផ្សែងខ្មៅខ្មួលខ្មាញ់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ភ្លាមៗនោះ ក៏មានអ្នករាយការណ៍តាមតេឡេក្រាមតាមគ្រុបថចអគ្គិភ័យថាមានភ្លើងឆេះស្ថានីយ៍ប្រេង។

ខណៈនោះ សមត្ថកិច្ចបានទាក់ទងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍ ។ ក្រោយមក នគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុក៏បានបញ្ជាក់ថា ឆេះស្មៅ និងជាតិជ័រចាស់ៗ សំណល់ពីរោងចក្រដែលបានរុះរើទុកចោល ។

ទាក់ទិននឹងការកើតមានអគ្គិភ័យនេះ តាមព័ត៌មានឲ្យដឹងថា គឺបណ្ដាលមកពីដុតស្មៅហើយឆេះរាលដាលទៅទុយោជ័រខ្មៅ និងជាតិជ័រចាស់ទុកចោល ។ ទោះបីជាយ៉ាងណា ភ្លើងពុំបាន ឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ ដោយមានរថយន្តចេញពន្លត់ទប់ស្កាត់ទាន់ពេល ៕


ចែករំលែកព័តមាននេះ