រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឯកទេសបច្ចេកវិទ្យាឌីជីថលចំនួន ៥០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ កម្មវិធីនេះមានគោលបំណងបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយជាគ្រូឧទ្ទេសឆ្នើម ដើម្បីជំរុញរដ្ឋាភិបាលឌីជីថលកម្ពុជា។
បើតាមក្រសួងប្រៃសណីយ៍ បេក្ខជនជ័យលាភីនឹងទទួលបានការសិក្សាឥតគិតថ្លៃដែលមានតម្លៃប្រមាណ ៨,០០០ ដុល្លារ រួមជាមួយប្រាក់ឧបត្ថម្ភស្នាក់នៅ និងហូបចុកប្រចាំខែ។ ក្រៅពីការសិក្សាលើជំនាញទំនើបៗដូចជា AI, សន្តិសុខសាយបរ និងវិទ្យាសាស្ត្រទិន្នន័យ និស្សិតក៏មានឱកាសបន្តការសិក្សា ឬចុះកម្មសិក្សានៅបរទេស ហើយនឹងត្រូវទទួលបានការងារជាគ្រូឧទ្ទេសផ្នែកឌីជីថលរយៈពេល ៧ ឆ្នាំក្រោយបញ្ចប់ការសិក្សា។
ចំពោះលក្ខខណ្ឌជ្រើសរើស បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រផ្នែកកុំព្យូទ័រ ឬជំនាញពាក់ព័ន្ធដែលមានកម្រិតពិន្ទុ GPA យ៉ាងតិច ៣.០ ហើយត្រូវឆ្លងកាត់ការប្រឡងវិញ្ញាសាឯកទេស និងភាសាអង់គ្លេសតាមប្រព័ន្ធកុំព្យូទ័រ ព្រមទាំងការសម្ភាសផ្ទាល់។
សម្រាប់អ្នកដែលចាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈគេហទំព័រ https://go.gov.kh/mptc/master26 រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦៕
ចែករំលែកព័តមាននេះ