រាជធានីភ្នំពេញ៖ យោងតាមការព្យាករណ៍ធាតុអាកាស ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តជាប់តំបន់ខ្ពង់រាប និងជួរភ្នំ ត្រូវត្រៀមលក្ខណៈទប់ទល់នឹងអាកាសធាតុចុះត្រជាក់ខ្លាំង។ ក្នុងអំឡុងពេលនេះ សីតុណ្ហភាពអប្បបរមានៅតំបន់ខ្ពង់រាបនឹងធ្លាក់ចុះទាបបំផុតរហូតដល់ ១៤អង្សាសេ ខណៈសីតុណ្ហភាពអតិបរមាមានត្រឹម ២៨អង្សាសេប៉ុណ្ណោះ។
ស្ថានភាពនេះបណ្តាលមកពីឥទ្ធិពលខ្យល់មូសុងឦសាន ដែលបក់មកក្នុងល្បឿនមធ្យម ៦ ម៉ែត្រក្នុងមួយវិនាទី។ បណ្តាខេត្តដែលត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខភាពរួមមាន ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង រួមទាំងតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញផងដែរ។
ទោះបីជាអាកាសធាតុចុះត្រជាក់ខ្លាំងយ៉ាងណាក្តី ប៉ុន្តែនៅក្នុងតំបន់ទាំងនេះនឹងពុំមានភ្លៀងធ្លាក់នោះទេ៕
ចែករំលែកព័តមាននេះ