ដោយសាររោងចក្រដុតកង់ឡានចំរាញ់យកប្រេង ស្នើអាជ្ញាធរជួយទៅហិតក្លិនផង
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋចំនួន៤ភូមិ ក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានលើកគ្នាសុំឱ្យអាជ្ញាធរឃុំស្រង់ ជាពិសេស លោក ហន ពិសិដ្ឋ…
ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋចំនួន៤ភូមិ ក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានលើកគ្នាសុំឱ្យអាជ្ញាធរឃុំស្រង់ ជាពិសេស លោក ហន ពិសិដ្ឋ…
ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋចំនួន៤ភូមិ ក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានលើកគ្នាសុំឱ្យអាជ្ញាធរឃុំស្រង់ ជាពិសេស លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកគងពិសី ជួយហិតក្លិន និងអន្តរាគមន៍ ពាក់ព័ន្ធករណីរោងចក្រដុតកង់ឡាន ចម្រាញ់យកប្រេងមួយកន្លែង ដែលមានទីតាំង នៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី កំពុងបង្កផលប៉ះ ពាល់ដល់ការរស់នៅ និងសុខភាពរបស់ពួកគាត់។
លោក ហន ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកគងពិសីបានឲ្យដឹងថា ករណីនេះអាជ្ញាធរមូលដ្ឋានឃុំនិងស្រុកបានចុះពិនិត្យរួចរាល់ម្ដងហើយ ហើយនិងកំពុងរង់ចាំមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺរួមនិងអាជ្ញាធរចុះពិនិត្យម្ដងទៀត ដើម្បីវាយតម្លៃផលប៉ះពាល់ឱ្យបានច្បាស់លាស់។មានន័យថា មិនទាន់មានលទ្ធផលយ៉ាងណា ចំពោះពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជុំវិញបញ្ហាប៉ះពាល់បរិស្ថានការរស់នៅរបស់ពួកគាត់នោះនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋច្រើនគ្រួសាររស់នៅក្នុង ភូមិថ្មស,ភូមិបេង, ភូមិអណ្តូងចុះ, ភូមិស្រង់ ស្ថិតនៅក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានធ្វើលិខិតដាក់ពាក្យប្តឹងទៅលោកមេឃុំស្រង់ លោកអភិបាលស្រុកគងពិសី ដោយសារតែរោងចក្រដុតសំបកកង់ឡានចម្រាញ់យកប្រេងមានទីតាំងស្ថិតនៅខាងលិចផ្លូវលេខ ៤១ប្រហែល១៥០ម៉ែត្រ ចន្លោះបង្គោលគីឡូលេខ២៧ ស្ថិតនៅក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ប្រជាពលរដ្ឋរៀបរាប់ក្នុងពាក្យបណ្ដឹងនោះថា ដំបូងឡើយ មានរោងចក្រមួយបានមកបោះទីតាំងខាងលើ រួចធ្វើសកម្មភាពដុតសំបកកង់ឡានចំរាញ់យកប្រេង ដែលការដុតកង់ឡាននោះមានលាយជាមួយអ្វីម្យ៉ាង ដែលបានបំភាយក្លិនអាក្រក់តាមខ្យល់ហើរគ្របដណ្តប់ លើភូមិឋានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ធ្វើឱ្យមានក្លិនឈ្ងៀម ក្លិនស្អុយពិបាកដកដង្ហើម,ពិបាកគេង,វិលមុខឈឺក្បាល..! ភ័យព្រួយ ខ្លាចកើតជំងឺផ្សេងៗ។ ជាពិសេសគ្រួសារ ដែលមាន កូនខ្ចី,កូនង៉ែត ក្មេងតូចៗ និងចាស់ជរា មានការប៉ះ ពាល់ខ្លាំងព្រោះកំលាំងខ្សោយ ប្រជាពលរដ្ឋខ្លះពាក់ម៉ាស់ហើយ តែនៅតែមិនបាត់ក្លិនទៀត។ មួយវិញទៀត ដោយការដុតបង្កក្លិនស្អុយឆួល ឈ្ងៀមកៅស៊ូកាវគ្មានការកោតក្រែងរអែងដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ នោះបន្តិចសោះ។ សូមបញ្ជាក់ថា ការដុតបង្កក្លិនស្អុយនោះ ភាគច្រើនដុតប្រហែលចាប់ពីម៉ោង៧យប់ទៅ ។
ស្ត្រីម្នាក់បាននិយាយថា ក្រុមហ៊ុនដោយមិនមានយីហោ(ស្លាកឈ្មោះ)បានដុតជ័រកៅស៊ូពីសំបកកង់ឡានចាស់ៗ ធ្វើឲ្យមានក្លិនឈ្ងៀមឆួលពិបាកទ្រាំ។ គាត់បាននិយាយថា វាបានប៉ះពាល់សុខភាពខ្លាំងណាស់ ហើយឃើញសំបកកង់ឡានចាស់ៗត្រូវបានគេដឹកចូលទាំងឡានធំៗ។ ក្លិន ស្អុយឈ្ងៀមនៅពេលគេដុតសំបកកង់ឡាននោះ ធ្វើឲ្យពិបាកទ្រាំនិងពិបាកក្នុងការរស់នៅ។ ស្ត្រីខាងលើបន្តថា ពួកគាត់ឃើញមានរថយន្តដឹកសំបកកង់ឡានចាស់ៗ ចូលក្នុងរោងចក្រខាងលើនោះជាញឹកញាប់ធ្វើឱ្យពួកគេព្រួយចិត្តណាស់ ។
ប្រជាពលរដ្ឋមិនដឹងថា តើក្រុមហ៊ុនកែច្នៃសំបកកង់ឡានធ្វើជាប្រេងនោះជារបស់អ្នកណាឲ្យប្រាកដទេ។ អ្វីដែលគេដឹងនោះគឺបញ្ហានេះ បានអូសបន្លាយពេលជា យូរមកហើយ ប៉ុន្តែអាជ្ញាធរហាក់ដូចជាមិនបានយក ចិត្តទុកដាក់ដោះស្រាយអំពីផលប៉ះពាល់ នៃការរស់នៅរបស់ប្រជាពលរដ្ឋនោះឡើយ។ ប្រជាពលរដ្ឋទាំង៤ភូមិខាងលើសង្ឃឹមថា លោកមេឃុំ លោកអភិបាលស្រុកគងពិសី នឹងចាត់វិធានការចំពោះបញ្ហានេះ។
ការរង់ចាំអស់រយៈពេលជាយូរមកនោះ ប្រជាពលរដ្ឋមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ ដូច្នេះអ្នកភូមិសំណូមពរឲ្យក្រសួងបរិស្ថានចាត់កម្លាំងមន្ត្រីជំនាញចុះពិនិត្យដោយផ្ទាល់ទើបបានទទួលលទ្ធផលចាប់រហ័ស ។
មានអ្នកមាត់ដាចខ្លះនិយាយថា គួរតែអញ្ជើញមន្ត្រីមានអំណាចធំៗក្នុងខេត្តទៅជួយហិតក្លិនផង ទើបស្គាល់រសជាតិ…ហេ! ហេ! ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕









ចែករំលែកព័តមាននេះ