ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ក្រុមហ៊ុន​ប្រេង​អា​មេ​រិ​ក​ទទួលផល​ចំណេញ​ក្រាស់ក្រែល ក្រោយ​ការ​ចាប់ខ្លួន​លោក ម៉ា​ឌូ​រ៉ូ

1 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ភាគហ៊ុន​ក្នុង​បណ្តា​ក្រុមហ៊ុន​ប្រេង​អា​មេ​រិ​កបាន​កើនឡើង ខណៈ​ដែល​វិនិយោគិន​ជឿ​ថា ការ​ចាប់ខ្លួន​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ (Nicolás Maduro)…

សហរដ្ឋអាមេរិក ៖ ភាគហ៊ុន​ក្នុង​បណ្តា​ក្រុមហ៊ុន​ប្រេង​អា​មេ​រិ​កបាន​កើនឡើង ខណៈ​ដែល​វិនិយោគិន​ជឿ​ថា ការ​ចាប់ខ្លួន​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ (Nicolás Maduro) ដោយ​សហរដ្ឋអាមេរិក នឹង​បើកឱកាស​ដើម្បី​បូម​យក​ប្រេង​បម្រុង​ដ៏​មហាសាល​របស់​ប្រទេស​នៅ​អា​មេ​រិ​ក​ខាង​ត្បួ​ង​មួយ​នេះ​។

យោង​តាម​ប្រភព​ពី BBC បាន​រាយការណ៍​ថា ភាគហ៊ុន​ក្រុមហ៊ុន Chevron បាន​បើក​ការ​ជួញដូរ​ខ្ពស់​ជាង ៤% បន្ទាប់​ពី​បាន​កើនឡើង​ដល់​ជាង ៧% ក្នុង​ការ​ជួញដូរ​មុន ខណៈ​ដែល​ក្រុមហ៊ុន​ផ្សេង​ទៀត រួម​ទាំង ConocoPhillips និង Exxon ក៏​ឃើញ​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ ចំណែក​តម្លៃ​មាស​អន្តរជាតិ ព្រមទាំង​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​អាវុធ​អា​មេ​រិ​ក​ក៏​បាន​កើនឡើង​ផង​ដែរ​។

សញ្ញា​នេះ បាន​បង្កើន​ការ​ព្រួយបារម្ភ​របស់​បណ្តា​វិនិយោគិន​អំពី​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​។
គិត​ត្រឹម​ម៉ោង ១០ ព្រឹក​ថ្ងៃ​ទី​៦ ខែមករា (​ម៉ោង​នៅ​កម្ពុជា​) តម្លៃ​មាស​អន្តរជាតិ បាន​កើនឡើង​ប្រហែល ២,៨% នៅ​ក្នុង​តម្លៃ ៤ ៤៥៥ ដុល្លារ​ក្នុង​១​អោន ឬ ៥ ៣៦៧ ដុល្លារ​ក្នុង​១​តម្លឹង​។ តម្លៃ​មាស​ត្រូវ​បាន​ចាត់ទុកជា​ទ្រព្យសកម្ម​ដ៏​មាន​សុវត្ថិភាព ជា​រឿយ​ៗ​កើនឡើង​ក្នុង​គ្រា​នៃ​ភាព​មិន​ប្រាកដប្រជា​ភូមិសាស្ត្រ​នយោបាយ​។ តម្លៃ​មាស​បានឃើញ​ការ​កើនឡើង​ប្រចាំឆ្នាំ​ដ៏​ល្អ​បំផុត​របស់​ខ្លួន កាលពី​ឆ្នាំ​មុន ចាប់តាំងពី​ឆ្នាំ ១៩៧៩ ដោយ​បាន​កើនឡើង​ជាង ៦០% និង​ឈាន​ដល់​តម្លៃ​ខ្ពស់​បំផុត​គ្រប់ពេល ៤ ៥៤៩ ដុល្លារ​/​អោន ឬ ៥ ៤៨០ ដុល្លារ​/​តម្លឹង កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥​។

ការ​កើនឡើង​ទាំងនោះ​ត្រូវ​បាន​ជំរុញ​ដោយ​កត្តា​ជា​ច្រើន​រួម​ទាំង ការ​រំពឹង​ទុក​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​បន្ថែម​ទៀត ដោយ​ធានា​គារ​កណ្តាល​អា​មេ​រិ​ក (Fed) ការ​សម្រុក​ទិញ​មាស​ស្តុក​ទុក​ដោយ​បណ្តា​ធនាគារកណ្តាល​លើ​ពិភពលោក និង​ការ​ព្រួយបារម្ភ​របស់​បណ្តា​វិនិយោគិន​អំពី​ភាព​តានតឹង​សកល និង​ភាព​មិន​ប្រាកដប្រជា​ផ្នែក​សេដ្ឋកិច្ច​។

ដោយឡែក បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់​ចុះ នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ ខណៈ​ដែល​ពាណិជ្ជករ​បាន​ថ្លឹងថ្លែង​ពី​ការ​រំពឹង​ទុក​នៃ​ផលិតកម្ម​ប្រេង​ឆៅ​របស់​វេ​ណេ​ស៊ុ​យ​អេ​ឡា​ខ្ពស់​ជាង​មុន បន្ទាប់​ពី​ការ​ចាប់ខ្លួន​លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ដែល​បន្ថែម​ទៅ​លើ​ការ​រំពឹង​ទុក​នៃ​ការ​ផ្គត់ផ្គង់​សកល​ដ៏​ច្រើន​នៅ​ឆ្នាំ​នេះ ចំ​ពេល​មាន​កម្សោយ​តម្រូវការ​។

គិត​ត្រឹម​ម៉ោង ១០ ព្រឹក​ថ្ងៃ​ទី​៦ ខែមករា (​ម៉ោង​នៅ​កម្ពុជា​) កិច្ចសន្យា​ប្រេង​ឆៅ​នា​ពេល​អនាគត​របស់ Brent បាន​ធ្លាក់​ចុះ ០.៤% នៅ​ត្រឹម ៦១,៤៨ ដុល្លារ​ក្នុង​១​បារ៉ែល ខណៈ​ដែល​ប្រេង​ឆៅ​អា​មេ​រិ​ក West Texas Intermediate (WTI) តម្លៃ ៥៨ ដុល្លារ​/​បារ៉ែល ពោល​ធ្លាក់​ចុះ ០.៥%​។

ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump ) បាន​សន្យា​រួច​ហើយ​ថា​នឹង​ទាញ​យក​ផលប្រយោជន៍​ពី​ប្រេង​បម្រុង​ដ៏​ច្រើន​មហាសាល​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា (​បច្ចុប្បន្ន​ជា​ប្រទេស​មាន​ប្រេង​បម្រុង​ច្រើន​ជាងគេ​លើ​ពិភពលោក​) បន្ទាប់​ពី​ការ​ចាប់ខ្លួន​លោក ម៉ា​ឌូ​រ៉ូ ហើយ​លោក​ក៏​បាន​ថ្លែង​ផង​ដែរ​ថា សហរដ្ឋអាមេរិក​នឹង​គ្រប់គ្រង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា រហូត​ដល់​មានការ​ផ្លាស់​ប្តូរ​ប្រកបដោយ​សុវត្ថិភាព ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​បណ្តា​ក្រុមហ៊ុន​អា​មេ​រិ​ក នឹង​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​វិនិយោគ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​វេ​ណេ​ស៊ុ​យ​អេ​ឡា ដែល​បាត់បង់​សមត្ថភាព ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ ២០០០៕ ប្រភព ៖ BBC និង Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ