ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ អាជ្ញាធរ និង​ប្រជាពលរដ្ឋ នៅ​ស្រុក​សាមគ្គី​មាន​ជ័យ ធ្វើ​ពិធីបួងសួង សុំ​សេចក្តីសុខ​សន្តិភាព

3 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖​ ក្រោម​ការ​ដឹកនាំ​កម្មវិធី ដោយ​ព្រះ​វិសាល​សីលគុណ ឩម អៀន ព្រះ​គ្រូ​អនុគណ លោក ឈួ​ន ចាន់​ណា…

ខេត្តកំពង់ឆ្នាំង ៖​ ក្រោម​ការ​ដឹកនាំ​កម្មវិធី ដោយ​ព្រះ​វិសាល​សីលគុណ ឩម អៀន ព្រះ​គ្រូ​អនុគណ លោក ឈួ​ន ចាន់​ណា អភិបាល​នៃ​គណៈ​អភិបាលស្រុក​សាមគ្គី​មាន​ជ័យ និង​ព្រះ​គ្រូ​សិរី​វឌ្ឍនៈ​សៀង សំណាង ព្រះ​គ្រូ​ចៅអធិការ​វត្ត​ក្បាលកោះ ហៅ​វត្ត​បឹង នៅ​យប់​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៥ ក្នុង​បរិវេណ​វត្ត​ក្បាលកោះ ហៅ​វត្ត​បឹង ស្ថិត​ក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង មន្ត្រីរាជការ ព្រះ​ស​ង្ឈ និង​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជា​ច្រើន​អង្គ​/​នាក់ នៅ​ក្នុងស្រុក​សាមគ្គី​មាន​ជ័យ នៃ​ខេត្តកំពង់ឆ្នាំង បាន​រៀបចំ​ធ្វើ​ពិធីបួងសួង សុំ​សេចក្តីសុខ​សន្តិភាព និង​ផ្សាយ​មេត្តាធម៌ សមាធិចិត្ត បង្សុកូល​ជូន​វី​រៈ​កងទ័ព វី​រៈ​នគរបាល​ដែល​បាន​ពលី​ក្នុង​សមរភូមិ ដើម្បី​ការពារ​ជាតិ ។

ព្រះ​គ្រូ​សិរី​វឌ្ឍនៈ​សៀង សំណាង ព្រះ​គ្រូ​ចៅអធិការ​វត្ត​ក្បាលកោះ ហៅ​វត្ត​បឹង មាន​ស​ង្ឈ​ដីកា​ថា ពិធីបួងសួង​សុំ​សុខ​សន្តិភាព​នេះ គឺជា​និមិត្តរូប​នៃ​ការ​គោរព​បូជា​ទៅ​តាម​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ ដើម្បី​ឧទ្ទិស​ដល់​វីរភាព​របស់​បុព្វបុរស ដែល​បានការ​ពារ​ជាតិ​មាតុភូមិ​ឱ្យ​បាន​សន្តិភាព ពី​ការ​ឈ្លានពាន​។ ជា​ពិសេស ផ្សាយ​មេត្តាធម៌ សមាធិចិត្ត បង្សុកូល​ជូន​វី​រៈ​កងទ័ព វី​រៈ​នគរបាល ដែល​បាន​ពលី​ក្នុង​សមរភូមិ ដើម្បី​ការពារ​ជាតិ ពី​ការ​ឈ្លានពាន​របស់​បច្ចាមិត្ត សារៈសំខាន់​នៃ​ពិធី​នេះ មិន​ត្រឹមតែ​ជា​ការ​គោរព​បូជា​បុព្វបុរស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​ផ្សារ​ភ្ជាប់​ស្មារតី​ស្នេហា​ជាតិ ឱ្យ​ប្រជាពលរដ្ឋ​ចង​ចាំ​ពី​វីរភាព​របស់​វីរបុរស​ជាតិ និង​រួម​គ្នា​ការពារ​បូរណភាព​ទឹកដី​។

លោក​ឈួ​ន ចាន់​ណា អភិបាលស្រុក​សាមគ្គី​មាន​ជ័យ មាន​ប្រសាសន៍​ថា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​សូម​ឲ្យ​ប្រជាពលរដ្ឋ​យើង​ត្រូវ​ជឿជាក់​លើ​រាជរដ្ឋាភិបាល ដែល​មាន​សម្ដេច​តេ​ជោ និង​សម្ដេច​មហា​បវរ​ធិ​បតី ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​យើង​ឱ្យ​មាន​សុខ​សន្តិភាព ដែល​លោក​តែងតែ នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ជា​និច្ច មិន​ដែល​បោះបង់​ចោល​ជាតិ​មាតុភូមិ និង​ប្រជា​ព​រដ្ឋ​គ្រប់​មួយ​ជំហាន​ណា​ឡើយ​ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។

លោក​អភិបាលស្រុក​បាន​បន្ថែម​ទៀត​ថា ក្រោម​ការ​យកចិត្តទុកដាក់​របស់​ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង អាជ្ញាធរ​ស្រុក​សាមគ្គី​មាន​ជ័យ​បាន​ត្រៀម​រួច​ជា​ស្រេច សម្រាប់​ទីតាំង​ផ្ដល់​ជូន​ជនភៀសសឹក​ស្នាក់​នៅ​ទី​អារាម​ចំនួន​៣ ដែល​មាន​បន្ទប់ទឹក​គ្រប់គ្រាន់ ទីធ្លា​ធំ​ទូលាយ មាន​ម្លប់ឈើ​ត្រជាក់ ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ​។

ក្នុង​នោះ​អាជ្ញាធរ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្នុង​ខេត្តកំពង់ឆ្នាំង តែងតែ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ចំពោះ​បងប្អូន​ជនភៀសសឹក និង​គ្រួសារ​កងទ័ព​សមរភូមិ​មុខ បើ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ឯកសារ ផ្លាស់​ប្ដូរ​ទីលំនៅ ការ​ស្នាក់​នៅ​ឬ​មាន​ផល​លំបាក​អ្វី​ផ្សេង​ៗ សូម​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ភូមិ​/​ឃុំ ដើម្បី​ជួយ​ដោះស្រាយ​ទាន់​ពេលវេលា​។ និង​សូម​ថ្លែងអំណរគុណ​ដល់ ក្រុម​គ្រួសារ​កងទ័ព ដែល​បាន​លះបង់​ប្ដី លះបង់​ឪពុក កូន និង​ក្មួយ​ទៅ​ធ្វើ​ទាហាន ទប់ទល់​ការ​ឈ្លានពាន​នៅ​សមរភូមិ​មុខ ដែល​នេះ​ជា​ការ​លះបង់​យ៉ាង​ធំធេង​បំផុត​មិន​អាច​បំភ្លេច​បាន​។

ជា​ពិសេស​ក៏​សួរ​អំពាវនាវ​ទៅ​ដល់​ក្រុម​គ្រួសារ​វីរជន​កងទ័ព វីរជន​កងកម្លាំង​នគរបាល ដែល​នៅ​មូលដ្ឋាន​សុខ​សាមគ្គី​មាន​ជ័យ ជួប​ទុក្ខ​លំបាក​សូម​ទំនាក់ទំនង​តាម​រយៈ​ភូមិ​ឃុំ​និង​ស្រុក យើង​នឹង​ធ្វើការ​ដោះស្រាយ​រាល់​ការងារ​លំបាក​ឲ្យ​បាន​ទាន់​ពេលវេលា​។

ជាមួយ​គ្នា​នេះ លោក ឈួ​ន ចាន់​ណា ក្នុង​នាម​អាជ្ញាធរ​សូម​អំពាវនាវ​បន្ថែម ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ បន្ត​ចូលរួម​ឩ​ប​ត្ថ​ម្ភ​ជា​សម្ភារៈ ថវិកា ដើម្បី​គាំទ្រ វីរភាព​អង់អាច​ក្លាហាន វី​រៈ​កងទ័ព វី​រៈ​នគរបាល និង​ជនភៀសសឹក ជា​បន្ត​ទៀត​អោយ​កាន់តែ​ផុលផុស គឺជា​ការ​បង្ហាញ​នូវ សកម្មភាព សាមគ្គីភាព​ជាតិខ្មែរ មាន​ភាពរឹងមាំ ជា​ធ្លុង​មួយ មាន​ស្មារតី​ជាតិនិយម ដើម្បី​បង្ហាញ​ទៅ​អន្តរជាតិ​ថា ប្រជាជន​កម្ពុជា ត្រូវការ​សន្តិភាព​យ៉ាង​ពិត​ប្រក​ដ និង យូរអង្វែង​ជា​និរន្ត​និ៍​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com