ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​អភិបាលខេត្ត ទទួលភ្ញៀវ​ទេសចរ​នាវា DIAMOND PRINCESS

3 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រ​សួងទេសចរណ៍ និង​ឯកឧត្តម…

ខេត្តព្រះសីហនុ ៖ នាព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រ​សួងទេសចរណ៍ និង​ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិ​​បាលខេត្ត​ បានអញ្ជើញ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស ដែល​អញ្ជើញ​មក​តាម​នាវា DIAMOND PRINCESS ដែល​បាន​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជិត ៣ ០០០​នាក់ ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ច្រក​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​ខេត្ត​ព្រះ​សីហ​នុ ។

តាម​មន្ត្រីនគរបាល​អន្តោ​ប្រ​វេសន៍​​​​​ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​​ឱ្យ​ដឹង​ថា នាវា​
ទេសចរណ៍ DIAMOND PRINCESS សញ្ជាតិ BERMUDA បាន​ចូល​​​សំចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​៧​ព្រឹក ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន ២ ៨៥០​នាក់(ស្រី ១ ៥៦៦​នាក់) ស្មើនឹង ៥២​សញ្ជាតិ និង​មាន​នា​វិក​សរុប​ចំនួន ១ ០៥៩​នាក់(ស្រី ២៤៥​នាក់) ស្មើនឹង ៥៩​សញ្ជាតិ ។

នាវា DIAMOND PRINCESS មាន​បណ្តោយ ២៨៨,៣៣​ម៉ែត្រ ទទឹង ៣៧,៥០​ម៉ែត្រ ជម្រៅ​ទឹក ៨,៥​ម៉ែត្រ បាន​នាំ​ភ្ញៀវ​ទេស​​​ចរ​មក​ពី​ប្រទេស​វៀតណាម ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ វេលា​ម៉ោង​៧ព្រឹកថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០២៥ ។ នា​វានេះមាន​គម្រោង​ចាក​ចេញពី​ដែនទឹក​នៃ​រះរាជាណាចក្រ​កម្ពុជានៅវេលា​ម៉ោង​៤រសៀលថ្ងៃដដែល ឆ្ពោះទៅ​កាន់​ប្រទេស​ថៃ ។ ភ្ញៀវ​ទេស​ចរ​​ដែល​មាន​សញ្ជាតិ​ច្រើន​ជាងគេ​មាន​ដូច​ជា អូស្ត្រាលី ៨២៤​នាក់សហរដ្ឋអាមេរិក​ ៧៩៧​នាក់ ក្រៅពី​នោះ​មាន​សញ្ជាតិ​ផ្សេង​ទៀត ក្នុង​នោះភ្ញៀវ​មក​ពី​ខេត្តសៀមរាប ចេញ​តាម​នាវា​មាន​ចំនួន ៤​នាក់ (ស្រី ២​នាក់) ស្មើ ២​សញ្ជាតិ ។

ឯកឧត្តមរដ្ឋ​មន្ត្រី ហួត ហាក់ មាន​ប្រសាសន៍​ថា ការ​ចូល​ចត​របស់​នាវា DIAMOND PRINCESS ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា និង​រាជរដ្ឋាភិបាល​កំពុង​រៀប​​​ចំ​ប្រារព្ធ​ទិវា​សន្តិភាពដែល​ជា​ខួប​លើក​ទី​២៧​ឆ្នាំ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​បច្ចុប្បន្នជា​ប្រធាន​ព្រឹទ្ធសភា ​កាលពី​២៨​ឆ្នាំ​មុន សម្តេច​តេ​ជោបាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ឈ្នះ​ ​ឈ្នះ ។ ​

ប្រតិបត្តិ​ករ​ទាំងអស់ ដែល​​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ បានរួម​គ្នា​អនុវត្ត​គោលនយោបាយ​ទទួល​បាន​ជោគជ័យ ធ្វើ​ឱ្យ​​​​រទេស​កម្ពុជា​មាន​សុខ​សន្តិភាព ស្ថិរ​ភាព​នយោបាយ​ពេញ​ផ្ទៃ​ប្រទេស ។ យើង​មានឱកាស​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជាលើ​គ្រប់​វិស័យ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បន្តវេន​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រក្សា​សន្តិភាព ស្ថិរ​ភាព​នយោបាយ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​​លើ​គ្រប់​វិស័យ ឆ្ពោះទៅ​កាន់​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ជា​ប្រទេស​ដែល​មាន​ចំណូល​កម្រិត​ខ្ពស់ ។

ការ​ចូល​ចត​របស់​នាវា DIAMOND PRINCESS ថ្ងៃនេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ គឺជា​ដំណើរ​មួយ​ ដែល​ជា​សារនិង​រូប​ភាព​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​ថា ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព ស្ថិរ​ភាព​នយោបាយ ។ ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រោម​ព្រះ​បូជ​នីយ​កិច្ច​របស់​ព្រះមហាក្សត្រ​ខ្មែរ ធ្វើ​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​ផ្តល់​ឱកាស ផ្តល់​សុវត្ថិភាព​ដល់​​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគ​ិនបរទេស ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​​​​ថា ​ការ​ចូល​ចត​នៃនាវា DIAMOND PRINCESS នា​ពេល​នេះ ដែល​មាន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជាង៥០​សញ្ជាតិ និងមាន​ភ្ញៀវ​ជិត ៣ ០០០​នាក់ សបញ្ជា​ក់ថា ប្រទេស​កម្ពុជា​មាន​សន្តិភាព និង​ស្ថិរ​​​​ភាព​នយោបាយ ។ ជា​ពិសេស​សក្តានុពល​ទេស​ចរណ៍​របស់​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​សក្តានុពល​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​មក​កាន់​កម្ពុជា ជួយ​ដល់​សេដ្ឋ​កិច្ច​​ប្រទេស​ជាតិ សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះ​សីហ​នុ និង​សេដ្ឋកិច្ច​គ្រួសារ ព្រោះ​នេះ​ជា​ផលប្រយោជន៍​សេដ្ឋកិច្ច​ជា​ច្រើន​សម្រាប់​កម្ពុជា ។

ក្នុង​ឱកាស​នោះ ឯកឧត្តម ម៉ាង ស៊ី​ណេ​តអភិបាលខេត្ត​ ​បានថ្លែង​​ថា ខេត្ត​ព្រះ​សីហ​នុ ក៏​ជា​ខេត្ត​ដែល​មាន​សក្តានុពល​ខាង​វិស័យ​ទេសចរណ៍ ហើយមិន​ត្រឹមតែ​វិស័យ​ទេសចរណ៍​មួយ​មុខ​ប៉ុណ្ណោះ​ទេ ។ ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និង​ការ​ដឹក​ជញ្ជូន ។ ជា​ពិសេស​ កំពង់​ផែ​ស្វយ័ត​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ ដែល​រាជរដ្ឋាភិបាល​កំពុងធ្វើការ​អភិវឌ្ឍ​កំពង់​ផែ​ទឹក​ជ្រៅ​ជា៣​ដំណាក់កាល ចាប់ពី​ឆ្នាំ​២០២៤​ដល់​ឆ្នាំ​២០៣០ ឱ្យ​មាន​ជម្រៅ​ទឹក​រហូត​ដល់១៧,៥០​ម៉ែត្រ អាច​ឱ្យ​នាវា​​នៅ​លើ​ពិភពលោក​ចូល​ចត​នៅ​ទី​នេះ​បាន ។

និយាយ​ជា​រួម ខេត្ត​ព្រះ​សីហ​នុ ជា​តំបន់​ប៉ូ​ល​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​កំពុង​រៀបចំ​ផែនការមេ​ អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ។ ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ថ្ងៃនេះ បញ្ជាក់​ឱ្យ​ឃើញ​ថា ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ព្រះរាជាណាចក្រ​កម្ពុជាទាំង​មូល គឺ​មាន​សុខ​សន្តិភាព ស្ថិរ​ភាព​នយោបាយ​ល្អ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com