ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​គណៈ​កម្ម​ធិ​ការ​ទី​៩ ​នៃ​រដ្ឋសភា និង​មូលនិធិ​សប្បុរសធម៌​សាលា​ប៊ែ​ល​ធី ប្រគល់​ជូន​រដ្ឋបាល​ខេត្តពោធិ៍សាត់ ដើម្បី​ផ្គត់ផ្គង់​ដល់​ជនភៀសសឹក និង​វី​រ​កងទ័ព​ជួរ​មុខ

7 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ គណៈកម្មការ​ទី​៩​ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោក​ជំទាវ និ​ន សា​ផុ​ន…

ខេត្តពោធិ៍សាត់ ៖ ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ គណៈកម្មការ​ទី​៩​ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោក​ជំទាវ និ​ន សា​ផុ​ន ប្រធាន​គណៈកម្មការ បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ​ និង​ថវិកា មក​ប្រគល់​ជូន​រដ្ឋបាល​ខេត្តពោធិ៍សាត់ ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ប្រជា​ជនភៀសសឹក ដែល​រត់គេច​ពី​សង្គ្រាម និង​វី​រ​កងទ័ព​ជួរ​មុខ ដែល​កំពុង​ប្រយុទ្ធ​ត​ទាំង​ជាមួយ​ចោរ​សៀម​ឈ្លានពាន​ទឹកដី​។

លោក​ជំទាវ និ​ន សា​ផុ​ន បាន​ពាំនាំ​ នូវ​ការ​ផ្ដាំផ្ញើរ​សួរសុខទុក្ខ ពី​សំណាក់​សម្ដេច​មហារដ្ឋ​សភាធិបតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គោរព​អរគុណ ដឹងគុណ ចំពោះ​បងប្អូន​វី​រកងទ័ព​ជួរ​មុខ ដែល​កំពុង​ជាប់ដៃ​ប្រយុទ្ធ តតាំង​ជាមួយ​ចោរ​សៀម​ឈ្លានពាន​ទឹកដី បង្ក​ឲ្យ​បាត់បង់​អាយុជីវិត​កងទ័ព​ និង​ប្រជាជន​ស្លូតត្រង់ ព្រមទាំង​បំផ្លាញ​សម្បត្តិ​បិ​តិក​ភ័​ណ្ឌ​ពិភពលោក ដែល​ជា​ប្រាសាទ​ដូនតា​ខ្មែរ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត ដូច​ជា​សាលារៀន វត្ត​អារាម មន្ទីរពេទ្យ អគារ​ពាណិជ្ជកម្ម ផ្លូវថ្នល់ ស្ពាន និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​ ។

គណៈកម្មការ​ទី​៩​ នៃ​រដ្ឋសភា ដែល​ជា​សមរភូមិ​ក្រោយ ក្នុង​នាម​ឈាមជ័រ​ជា​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រលាញ់​សន្តិភាព ស្អប់​ណាស់​សង្គ្រាម បាន​នាំ​យក​អំណោយ​មួយ​ចំនួន ក្នុង​នោះ​សម្រាប់​វី​រ​កងទ័ព រួម​មាន ​៖ អង្ករ​០៥​តោន ត្រីខ ៥០០​យួរ មី​ជាតិ​៥០០​កែស អំបុក​៥០០​ដប ទឹកបរិសុទ្ធ​៥០០​កែស ឆៃ​ពៅ​៥០០​គ​ក្រ និង​ថវិកា​៦០​លាន​រៀល​ ។

សម្រាប់​ប្រជា​ជនភៀសសឹក​ចំនួន​៩០០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ​១០​គ​ក្រ ទឹកបរិសុទ្ធ​០១​កែស ថវិកា​៥០.០០០​រៀល និង​ឃី​ត​មួយ​ស្បោង ដែល​ក្នុង​នោះ​មាន​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើ​ម​មុខ​ទៀត​។

លោក ខូ​យ រី​ដា អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះប្រតិភូ​គណៈកម្មការ​ទី​៩ ​នៃ​រដ្ឋសភា និង​មូលនិធិ​សប្បុរសធម៌​ប៊ែ​ល​ធី ដែល​បាន​នាំ​យក​នូវ​គ្រឿង​ឧបភោគបរិភោគ សម្ភារៈ​ប្រើប្រាស់ និង​ថវិកា មក​ប្រគល់​ជូន​រដ្ឋបាល​ខេត្ត សម្រាប់​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​ប្រជា​ជនភៀសសឹក និង​វី​រ​កងទ័ព​ជួរ​មុខ​របស់​យើង ដែល​មាន​ស្មារតី​អង់អាច​ក្លាហាន មុះ​មុត ខិតខំ​តស៊ូ​ការពារ​បូរណភាព​ទឹកដី ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន​ថៃ ដែល​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា បងប្អូន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ បាន​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ក្លាយជា​ខឿន​ការពារ​ជាតិ គឺ​សមរភូមិ​ក្រោយ​ជួយ​សមរភូមិ​មុខ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​ជម្លៀស​ខ្លួន​មក​កាន់​មណ្ឌល​សុវត្ថិភាព​នានា​ ។

លោក​អភិបាលខេត្ត​បាន​សន្យា​ថា សម្ភារៈ​ និង​ថវិកា​ទាំង​អស់នេះ រដ្ឋបាល​ខេត្តពោធិ៍សាត់ នឹង​រៀបចំ​ចាត់ចែង​ជូន​ដល់​ប្រជា​ជនភៀសសឹក និង​វី​រ​កងទ័ព​ជួរ​មុខ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត មិន​ឲ្យ​សប្បុរសជន​មានការ​ថ្នាំងថ្នាក់​នោះ​ឡើយ​ ។

លោកសូម​បួងសួង​ដល់​គុណព្រះរតនត្រ័យ​កែវ​ទាំង​បី សូម​ព្រះ​អង្គ​ជួយ​ប្រោះព្រំ ប្រសិទ្ធពរ​ជ័យ បវរ​សួស្តី មហាប្រសើរ ជួយ​ថែរក្សា​ដល់​សប្បុរសជន​ទាំងអស់ ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ​ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លាងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com