រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិបានគូសបញ្ជាក់ថា យោធាថៃបានបាញ់ផ្លោងចំនួន ៣គ្រាប់ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រសួងការពារជាតិបានលើកឡើងពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃអំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅម៉ោង៨:១៥នាទី យោធាថៃបានបាញ់ផ្លោងចំនួន៣គ្រាប់ ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រសួងបានលើកឡើងថា សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោលសាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។
ក្រសួងបានលើកឡើងថា កងកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត ។
ក្រសួងសូមបងប្អូនប្រជាពលរដ្ឋតាមដាន និងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ