រាជធានីភ្នំពេញ ៖ ដូចតាមការគ្រោងទុក របស់ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទចំនួន៣នាក់ ពាក់ពន្ធសំណុំរឿងឃាតកម្ម (រំលោភសេពសន្ថវៈបូក រួចសម្លាប់ជនរងគ្រោះ) ។
សាលក្រមសម្រេចផ្តន្ទាទោសជនជាប់ ៖
១.ផ្តន្ទាទោសឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជាជនដៃដល់ រំលោភ.សម្លាប់ជនរងគ្រោះ ដាក់ពន្ធនាគារអស់មួយជីវិត ។
២.ផ្តន្ទាទោសឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ “អនីតិជន” ដាក់ពន្ធនាគារកំណត់រយៈពេល ២០ឆ្នាំ ។
៣.ផ្តន្ទាទោសឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ “អនីតិជន” ដាក់ពន្ធនាគារកំណត់រយៈពេល ២០ឆ្នាំ និងរួមគ្នាសងជំងឺចិត្តទៅដើមបណ្តឹង ចំនួន ៣,០០០ដុល្លារអាមេរិក តាមការទាមទារពីអាណាព្យាបាលជនរងគ្រោះ ។
សូមជម្រាបថា ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានលើកយកសំណុំរឿងឃាតកម្ម ដោយអំពើឃោឃៅមួយ “រំលោភសេពសន្ថវៈបូក សម្លាប់ជនរងគ្រោះ” មកបើកសវនាការជំនុំជម្រះក្តី លើអង្គហេតុទាំងមូល ដើម្បីផ្តន្ទាទោសលើជនជាប់ចោទ។ សវនាការបានធ្វើការសាកសួរដេញដោលជនត្រូវចោទទាំង៣នាក់ រហូតដល់ទីបញ្ចប់ ទើបចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ លើកពេលប្រកាសសាលក្រមផ្តន្ទាទោសលើជនត្រូវចោទនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោកឆាយ ហុង ព្រះ រាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងឃាតកម្ម ដែលជនសង្ស័យជាយុវជនវ័យក្មេង ៣នាក់ ពាក់ពន្ធករណី.រំលោភសម្លាប់ក្មេងស្រីម្នាក់ នៅក្នុងបន្ទប់ទឹក ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទ.ឃាតកម្ម ដោយអំពើរំលោភសេពសន្ថវៈ តាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ ។
យោងតាមការចោទប្រកាន់លើមាត្រា២០៥ “បទឃាតកម្មដោយ មានទារុណកម្ម អំពើឃោឃៅ ឬអំពើរំលោភសេពសន្ថវៈ ឃាតកម្មដែលកើតក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោឃៅ ឬរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់ មួយជីវិត” ។
ក្រោយពីបញ្ចប់ការស៊ើបសួរ សំណុំរឿងជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំបើកសវនាការកាត់ទោសទៅតាមផ្លូវច្បាប់ ។
ឃាតករ វ័យក្មេង៣ នាក់នោះមាន ៖
១.ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជាអ្នករួមគំនិត ។
២.ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជាអ្នករួមគំនិត ។
៣.ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
សូមជម្រាបទៀតថា ករណីឃាតករ៣នាក់ ដែលបានចាប់រំលោភសេពសន្ថវៈ ហើយរឹតកសម្លាប់ក្មេងស្រីនៅក្នុងបន្ទប់ទឹកសាលាបឋម សិក្សាវត្តក្រួស ប្លន់យកខ្សែក និងទូរសព្ទ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួន និងធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈ កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ។
លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ បានឱ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋានខណ្ឌព្រែកព្នៅ សូមធ្វើការបង្ហាញមុខឃាតករចំនួន៣នាក់ នៅក្នុងករណីឃាកម្ម ដោយមានទារុណកម្មឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិជនរងគ្រោះ)។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២៧ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅ ក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តក្រួស ស្ថិតក្នុងវត្ដជេសដ្ឋាឧត្ត មហៅវត្តក្រួស ផ្លូវជាតិលេខ៥ ភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីកម្លាំងនគរបាល សហការបង្ក្រាបបានជាបន្តបន្ទាប់។ នៅទីបំផុត មិនដល់រយៈពេល១២ម៉ោងផង ឃាតករចាប់រំលោភសេពសន្ថវៈ និងរឹតកសម្លាប់ក្មេងស្រី ប្លន់យកទ្រព្យសម្បត្តិ នៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តក្រួស ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានរាជធានីភ្នំពេញ នវែកមុខ និងឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន៣នាក់ ។
អ្វីមួយដែល នឹកស្មានមិនដល់នោះ គឺឃាតករដ៏ឃោរឃៅនេះ ច្រើនជាក្មេងជំទង់ មានអាយុពី១៥ ឆ្នាំទៅ១៨ឆ្នាំ ។ ជនសង្ស័យទាំង៣នាក់ ជាមនុស្សធ្លាប់ស្គាល់ និងរាប់អានគ្នាជាមួយក្មេងស្រីរងគ្រោះ តាំងពីក្មេងៗមកម្ល៉េះ ម្ល៉ោះហើយ ទើបបានពួកគេ ទាក់ទង និងអូសទាយជនរងគ្រោះ នាំទៅរំលោភបូក រួចសម្លាប់ ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គភាពការពារកុមារ ហៅកាត់ថា CPU បានបំបែកសំណុំរឿងករណីឃាតកម្ម ដោយមានការធ្វើទារុណកម្មយ៉ាងឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈបូកបន្ទាប់ពីពួកគេបានយកថ្នាំងងុយដេក លួចដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភបូកបានសម្រេចគ្រប់គ្នា រួចសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ពិសេសខ្សែក ដែលនាងពាក់ ។
ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូត ទូរសព្ទដៃម៉ាក TECNO SPARK ១គ្រឿង ជារបស់ជនរងគ្រោះ ទូរស័ព្ទដៃម៉ាក អុបប៉ូ១គ្រឿង ខ្សែនីឡុងពណ៌ស ១ខ្សែ និងម៉ូតូស៊ុយហ្សុយគីនិច ពណ៌ខៀវ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ ១CL-១១៩០ ។
សូមបញ្ជាក់ទៀតថា ក្មេងស្រីរងគ្រោះមានឈ្មោះ វុទ្ធី លីណា អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ត្រូវបានឃាតករចាប់រំលោភ និងរឹតកសម្លាប់ នឹងខ្សែនីឡុង នៅក្នុងបន្ទប់ទឹក និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ខណៈអ្នកគ្រូម្នាក់ ចូលបន្ទប់ទឹក ហើយប្រទះឃើញសពក្មេងស្រី ដែលអាក្រាតកាយល្វែងក្រោម ។
តាមក្រុមគ្រួសារក្មេងស្រី បានឱ្យដឹងថា នាង វុទ្ធី លីណា បានឈប់រៀន ១ឆ្នាំ មកហើយដោ យសារតែជីវភាពគ្រួសារក្រីក្រ ។ បន្ទាប់ពីឈប់រៀន នាងបានទៅធ្វើការជាអ្នកមើលកូនឱ្យគេ ។ ដោយសារ ឮដំណឹងថា ឪពុកមិនស្រួលខ្លួន នាងក៏មកផ្ទះបានរយៈ៥ថ្ងៃ ឪពុកបានទិញខ្សែក ប្លាទីន ១ខ្សែតម្លៃជាង១០០ដុល្លារ ឱ្យនាងពាក់ ។ តាមក្រុមគ្រួសារបានឲ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ១២យប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ កូនស្រីបានចេញពីផ្ទះ តែពុំចាប់អារម្មណ៍ ព្រោះកន្លងមកនាង តែងតែទៅដេកនៅផ្ទះមិត្តភក្កិ ។ លុះព្រឹកឡើង ទើបមានការភ្ញាក់ផ្អើល នៅពេលអ្នកគ្រូម្នាក់ចូលទៅក្នុងបន្ទប់ទឹក ហើយប្រទះឃើញសពនាងនៅទីនោះ ។ បន្ទាប់ពីមានការភ្ញាក់ផ្អើល ខ្សែកប្លាទីន និងទូរសព្ទ ១គ្រឿង ក៏បាត់ដែរ ។ តាមព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោងជាង១២ អធ្រាត្រ មានមិត្តភក្តិនាង ទូរសព្ទហៅតាមគ្រុបហ្វេសប៊ុក ហើយឃើញនាងលើក និងនិយាយតបទៅវិញថា ខ្លួននៅផឹកស៊ី ជាមួយមិត្តភក្តិប្រុស២នាក់ ។ មិននឹកស្មានថា មិត្តភក្តិជាឃាតករ លួចដាក់ថ្នាំងងុយដេក ក្នុងភេសជ្ជៈឱ្យនាងផឹក ហើយចាប់នាងរំលោភ រួចរឹតកសម្លាប់បែបនេះឡើយ ។ ពិតជាឈាមស្រែកស្បែកហៅមែន ឃាតករ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ នៅវេលារសៀលថ្ងៃដដែលនោះ ៕









ចែករំលែកព័តមាននេះ