ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ថង សា​វុន ដឹកនាំ​ក្រុមការងារ​នាំ​យក​អំណោយ​មនុស្សធម៌ ចែក​ជូន​គ្រួសារ​ភៀស​សឹក​​ជិត​២០០​គ្រួសារ​ក្នុង​ខេត្តព្រះវិហារ

3 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​ ៖ ក្នុង​ស្មារតី​មនុស្សធម៌ «​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់​ៗ​គ្នា ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល» នា​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម…

ខេត្តព្រះវិហារ​ ៖ ក្នុង​ស្មារតី​មនុស្សធម៌ «​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់​ៗ​គ្នា ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល» នា​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម ថង សា​វុន ប្រធាន​គណៈ​កម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បាន​ដឹកនាំ​សហការី រួម​មាន​អនុប្រធាន ហិ​រ​ញ្ញិ​ក លេខាធិការ សមាជិក​គណៈកម្មាធិការ​សាខាយុវ​ជន​កាកបាទក្រហម និង​ក្រុមការងារ​អនុ​សាខា​ស្រុក ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​សង្គ្រោះ​បន្ទាន់ ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ភៀស​សឹក​ចំនួន ១៩៥​គ្រួសារ​ ។

ពិធី​សំណេះសំណាល និង​ចែក​អំណោយ​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​មណ្ឌល​សុវត្ថិភាព ស្ថិត​ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ​ ។ ក្នុង​ឱកាស​នោះ ឯកឧត្តម ថង សា​វុន បាន​នាំ​នូវ​ប្រសាសន៍​សាកសួរ​សុខទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល សម្ដេច​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក និង​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ ។

ឯកឧត្តម​ប្រធាន បាន​សម្ដែង​នូវ​ការ​សោកស្ដាយ និង​ចូលរួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​បងប្អូន​ដែល​រង​ផល​ប៉ះពាល់​ពី​ស្ថានភាព​សឹក ហើយ​បាន​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ខិតខំ​ថែរក្សា​សុខភាព និង​មាន​ក្តី​សង្ឃឹម​ក្នុង​ជីវិត​។

គ្រួសារ​នីមួយ​ៗ​ទទួល​បាន​នូវ «​ឃី​ត​មនុស្សធម៌​»​ ដែល​រួម​មាន​គ្រឿង​ឧបភោគបរិភោគ​ចាំ​បាច់ និង​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព​បាន​មួយ​កម្រិត ក្នុងអំឡុង​ពេល​ស្នាក់​នៅ​មណ្ឌល​សុវត្ថិភាព​។​សកម្មភាព​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​សក្ខីភាព​នៃ​ការ​សាមគ្គីភាព​រវាង​​ខេត្ត និង​ខេត្ត ក្នុង​នាម​ជាម​ហា​គ្រួសារ​ខ្មែរ​តែ​មួយ ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​កាកបាទក្រហមកម្ពុជា​ ។

បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​អំណោយ បាន​សម្ដែង​នូវ​ក្ដី​រំភើប និង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដែល​មិន​បាន​បោះបង់​ពួក​គេ​ចោល​ក្នុង​គ្រា​ដ៏​លំបាក​នេះ​ឡើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ