ប្រទេសអូស្រា្តលី ៖ ក្រោយការបាញ់ប្រហារដ៏បង្ហូរឈាមមួយ កាលពីថ្ងៃទី១៤ ធ្នូ ក្នុងពិធីសាសនាជ្វីហ្វមួយនៅតំបន់ក្រុងស៊ីដនី បណ្ដាលឲ្យមនុស្សស្លាប់ដល់១៦នាក់ នាំឲ្យមានការក្ដុកក្ដួលយ៉ាងខ្លាំងនៅអូស្ត្រាលី ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានថ្កោលទោសដ៏ម៉ឺងម៉ាត់បំផុត ដោយលោកចាត់ទុកថា នោះជាការវាយប្រហារប្រឆាំងជ្វីហ្វANTISEMITE សុទ្ធសាធ ។

លោកដូណាល់ត្រាំស្នើដល់បណ្ដាមេដឹកនាំពិភពលោកទាំងមូល ឲ្យថ្កោលទោសការវាយប្រហារភេរវកម្មនោះ ដែលកើតមាននៅកន្លែងកម្សាន្តមាត់សមុទ្រBONDI BEACH ដែលក្រៅពីអ្នកស្លាប់មនុស្សច្រើនសិបនាក់ទៀតរងរបួស។ អាជ្ញាធរអូស្ត្រាលីចាត់ទុកការវាយប្រហារនោះថា ជាអំពើភេរវកម្មហើយនាយករដ្ឋមន្ត្រីប្រទេសនេះ លោកANTHONY ALBANESE និយាយថា ជាការវាយប្រហារANTISEMITISME បែបបិសាច។
នៅសេតវិមាននាឱកាសព្រឹត្តិការណ៍ណូអែលមួយលោកត្រាំថ្លែងថានោះជាការវាយប្រហារដ៏ទារុណនិងANTISEMITE សុទ្ធសាធ។ លោកត្រាំក៏លើកដែរពីការបាញ់ប្រហារនាពេលមុននេះ នៅសាកលវិទ្យាល័យBROWN ក្រុងប្រូវីដង់រដ្ឋរ៉ូដអ៊ីស្លង់អាមេរិកដែលបណ្ដាលឲ្យមនុស្សស្លាប់២នាក់និងរបួស៩នាក់។
ការបាញ់ប្រហារនៅតំបន់ក្រុងស៊ីដនីនោះ ដែលបណ្ដាលឲ្យមនុស្សស្លាប់ដល់១៦នាក់និង៤០នាក់ទៀតរងរបួស ជាការវាយប្រហារដ៏បង្ហូរឈាមបំផុតនៅអូស្ត្រាលី ពុំធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៦មក ក្នុងប្រទេសមួយដែលច្បាប់ស្ដីពីការត្រួតពិនិត្យអាវុធគឺម៉ត់ចត់បំផុត។ នាយករដ្ឋមន្ត្រីអូស្ត្រាលីសន្យាលុបបំបាត់ចោលបណ្ដាឧក្រិដ្ឋកម្ម ដោយការចងកំហឹងនៅក្នុងប្រទេស។ ក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី១៤ធ្នូនោះ លោកថ្លែងថា គ្មានកន្លែងសម្រាប់ អំពើហិង្សាចងកំហឹងនិងភេរវកម្មបែបនេះ ក្នុងប្រទេសយើងទៀតឡើយ។ យើងនឹងលុបបំបាត់ចោលឲ្យអស់។

ក្នុងការវាយប្រហារនេះមានជនសង្ស័យ២នាក់គឺឪពុកអាយុ៥០ឆ្នាំនិងកូនប្រុសអាយុ២៤ឆ្នាំ ដោយម្នាក់បានត្រូវបាញ់ស្លាប់ហើយម្នាក់ទៀតត្រូវរបួសធ្ងន់ធ្ងរ។ ប៉ូលិសរដ្ឋNOUVELLE -GALLSខាងត្បូង បានទទួលសេចក្ដីរាយការណ៍ពីការបាញ់ប្រហារនោះ នាវេលាម៉ោង១៩ម៉ោងក្នុងស្រុក ។ បណ្ដាសាក្សីឃើញផ្ទាល់ភ្នែកនិយាយថា ការបាញ់ប្រហារនោះបណ្ដាលឲ្យមានការជ្រួលច្របល់ ដោយមនុស្សម្នានាំគ្នារត់់រកកន្លែងជ្រកគេចគ្រាប់។
បណ្ដារូបភាពវីដេអូបង្ហាញ បុរស២នាក់ប្រដាប់ដោយកាំភ្លើងវាយលុក បាញ់ប្រហារស្រោចមកលើមហាជន ដែលកំពុងជ្រួលច្របល់។ ចំណែកបុរសម្នាក់គេឃើញកំពុងតែប្រវាយប្រតប់ជាមួយខ្មាន់កាំភ្លើងម្នាក់ដើម្បីដណ្ដើមកាំភ្លើងពីគេ។ ប៉ូលិសបានបានសរសើរដល់ភាពអង់អាចក្លាហានរបស់បុរសនោះ ដែលមានឈ្មោះថាអាហ៍មេដអាល់អាមេដអាយុ៤៣ឆ្នាំ ដែលរូបគេក៏រងរបួសដែរ។
ពិធីបុណ្យHANOUCCA ជាពិធីបុណ្យសំខាន់មួយរបស់ពួកជ្វីហ្វហើយបុណ្យនោះនាឆ្នាំនេះធ្វើនៅកន្លែងកម្សាន្តមាត់សមុទ្រល្បីមួយ មានមនុស្សចូលរួមប្រមាណជា១០០០នាក់៕
ចែករំលែកព័តមាននេះ