ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​កម្ពុជា​នៅ​ UN ​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ទាមទារ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ថៃ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ឈ្លានពាន​ប្រដាប់​អាវុធ​ដោយ​ខុសច្បាប់​មក​លើ​កម្ពុជា

11 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូ​វ​យ៉​ក ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ «​ទាមទារ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ថៃ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ឈ្លានពាន​ប្រដាប់​អាវុធ​ដោយ​ខុសច្បាប់​មក​លើ​កម្ពុជា​” ​។ នៅ​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ​ ៖ តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូ​វ​យ៉​ក ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ «​ទាមទារ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ថៃ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ឈ្លានពាន​ប្រដាប់​អាវុធ​ដោយ​ខុសច្បាប់​មក​លើ​កម្ពុជា​” ​។

នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម កែវ ឈា តំណាង​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូ​វ​យ៉​ក បាន​ផ្ញើ​លិខិត​ជូន​ឯកឧត្តម Samuel Žbogar តំណាង អចិន្ត្រៃយ៍​នៃ​សាធារណរដ្ឋ​ស្លូ​វេ​នី​ប្រចាំ​អង្គការសហប្រជាជាតិ និង​ជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ (UNSC) ដោយ​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឱ្យ​យកចិត្តទុកដាក់ និង ចាត់ការ​ជា​បន្ទាន់ និង​ម៉ឺងម៉ាត់​បំផុត ចំពោះ​សកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធ ដោយ​គ្មាន​ការ​ញុះញង់​ជា​មុន គ្មាន​ហេតុផល និង​ខុសច្បាប់ ដែល​កំពុង​បន្ត​ប្រព្រឹត្ត​ទៅ​កាន់តែ​ខ្លាំង​ឡើង​ពី​សំណាក់​កម្លាំងយោធា​ថៃ ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ មក​ ។

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បាន​ជម្រាប​ជូន​ប្រធាន UNSC ថា «​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ វេលា ម៉ោង ១៤:១៥​នាទី កងកម្លាំង​យោធា​ថៃ បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ទីតាំង​កម្ពុជា​ដោយ​អាវុធ​ធុន​ធ្ងន់ បន្ត​រហូត​ដល់​ម៉ោង ១៤:៣២​។ នៅ​យប់​ថ្ងៃ​ដដែល ចាប់ពី​ម៉ោង ២០:០២​នាទី ដល់​ម៉ោង ២០:៥០​នាទី យោធា​ថៃ​បាន​បាញ់កាំភ្លើង​ត្បាល់​មក​លើ​ទីតាំង​ជា​ច្រើន​កន្លែង​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា​។ នៅ​ថ្ងៃ ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ចាប់ពី​វេលា​ម៉ោង ០៥:០៤​នាទី​ព្រឹក យោធា​ថៃ​បាន​បង្កើន​ការ​វាយលុក ដោយ​ប្រើ កាំភ្លើងត្បាល់ រថក្រោះ កាំភ្លើង​ធុន​ធ្ងន់ យន្តហោះ​គ្មាន​មនុស្ស​បើក យន្តហោះ​ចម្បាំង និង​បាញ់​ផ្សែង​ពុល មក​លើ​តំបន់​ជា​ច្រើន​តាម​ព្រំដែន​ក្នុង​ខេត្តព្រះវិហារ និង​ខេត្តឧត្តរមានជ័យ​។ ការ​វាយប្រហារ​ដោយ​ប្រើប្រាស់ យន្តហោះ​ចម្បាំង​របស់​ប្រទេស​ថៃ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ឃោរឃៅ គ្មាន​រើសមុខ ដោយ​មិន​ខ្វល់ខ្វាយ​ពី អាយុជីវិត​ប្រជាជន​ស៊ី​វិល​ស្លូតត្រង់ និង គ្មាន​ការ​គោរព​ទាល់តែ​សោះ​ដល់​បទដ្ឋាន​មនុស្សធម៌​អន្តរជាតិ​» ។

ឯកឧត្តម កែវ ឈា បាន​បន្ថែម​ថា មក​ដល់​ពេល​នេះ «​យោធា​ថៃ​បាន ខ្លួន​ទៅ​កាន់​តំបន់​ដែល​មាន​ប្រជាជន​ស៊ី​វិល​រស់នៅ និង​មិនមែន​ជាទី​តាំង​សមរភូមិ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ដោយ​រំលោភ​លើ​កិច្ចព្រមព្រៀងទ្វេភាគី និង​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាពរ​បាន ដោយ​ចៀសវាង​ការ​គំរាម​ប្រើប្រាស់​កម្លាំង ឬ​ការ​ប្រើប្រាស់​កម្លាំង​។​… យោធា​ថៃ បាន​បន្ត​ពង្រីក​ការ​វាយប្រហារ​របស់​ខ្លួន​ទៅ​តំបន់​មិនមែន​ជា​សមរភូមិ និង​ជា​លំនៅ​ដ្ឋា​ន​របស់​ប្រជាជន​ស៊ី​វិល ក្នុង​ខេត្ត​ចំនួន​ពីរ ផ្សេង​ទៀត​របស់​កម្ពុជា គឺ​ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង​…​បណ្តាល​ឱ្យ​មានការ​បាត់បង់​ជីវិត និង​របួស ជា​ច្រើន​នាក់ រួម​ទាំង​ជន​ស៊ី​វិល​ស្លូតត្រង់ ការ​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ប្រជាជន ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​ប្រា
ង្គ​ប្រាសាទ​បេតិកភណ្ឌ​ជាតិ រួម​ទាំង​ប្រាសាទព្រះវិហារ​ផង​ដែរ​។ ការ​ផ្តោត​គោលដៅ​វាយប្រហារ​លើ តំបន់​ស៊ី​វិល​ដោយ​ចេតនា ដោយ​ឥត​រើសមុខ ពី​សំណាក់​កម្លាំងយោធា​ថៃ គឺជា​ការ​រំលោភ​បំពាន​យ៉ាង ធ្ងន់ធ្ងរ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ជា​ពិសេស​ចំពោះ​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការ​បែងចែក​ឱ្យ​ច្បាស់​រវាង គោលដៅ​ស៊ី​វិល និង​គោលដៅ​យោធា ព្រមទាំង​ការ​ហាមឃាត់​មិន​ឱ្យ​មានការ​វាយប្រហារ​លើ​ជន​ស៊ី​វិល​»។

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បាន​គូសបញ្ជាក់​ថា ទោះជា​ត្រូវ​រង​ការ​រំលោភ​បំពាន​ដ៏​ធ្ងន់ធ្ងរ និង​ការ វាយប្រហារ​ជា​បន្តបន្ទាប់ ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​ស្ថានភាព​ផុយ​ស្រួយ និង​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ “​កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​កាតព្វកិច្ច​របស់​ខ្លួន តាម​សេចក្តី​ចែង​នៃ​ធម្មនុញ្ញ​អង្គការ​សហ ប្រជាជាតិ ក្នុង​មាត្រា ២ (៣) ស្តី​ពី​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​មាត្រា ២(៤) ស្តី​ពី​ការ​ហាម​ប្រើ កម្លាំង​…​។ កម្ពុជា​មិន​ចង់ឱ្យ​ត្រូវ​បង្ខំចិត្ត​ធ្វើការ​ឆ្លើយ​តប​តាម​វិធី​ណាមួយ​ផ្សេង​ក្រៅពី​ផ្លូវ​ការទូត និង​ការ សន្ទនា​គ្នា​នោះ​ឡើយ ដើម្បី​ការពារ​ជីវិត​ប្រជាជន និង​បូរណភាព​ទឹកដី​របស់​ខ្លួន​…​។ កងកម្លាំង​កម្ពុជា បាន​អត់ធ្មត់​ជា​អតិបរិមា និង​មិន​បាន​ធ្វើការ​ឆ្លើយ​តប​រយៈពេល ២៤​ម៉ោង​។​… ទោះជា​យ៉ាងនេះ​ក្តី កម្ពុជា រក្សា​សិទ្ធិ​ការពារ​ខ្លួន ដោយ​ផ្អែក​លើ​មាត្រា ៥១ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​​”។

ទាក់ទង​នឹង​យន្តការ ក៏​ដូច​ជា​កិច្ចព្រមព្រៀង​មាន​ស្រាប់ ដែល​ថៃ និង​កម្ពុជា​សុទ្ធតែ​ជា​រដ្ឋ​ភាគី រួម​ទាំង​គោលការណ៍​ច្បាប់​អន្តរជាតិ​ស្តី​ពី​ការ​មិន​កែប្រែ​ព្រំដែន ដែល​បន្សល់​ទុក​ពី​សម័យ​អាណានិគម (uti juris possidetis)» ឯកឧត្តម កែវ ឈា បាន​គូសបញ្ជាក់​ថា «​សកម្មភាព​របស់​ថៃ គឺជា​ការ​រំលោភ យ៉ាង​ពិតប្រាកដ ម្តង​ហើយ​ម្តងទៀត​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួ ដែល​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥​។ ភាគី​ថៃ បាន​ប្រកាស​ផ្អាក​អនុវត្ត​ជា​ឯកតោភាគី និង​បាន​បំផ្លាញ​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួ តាម​រយៈ​ការ​បើក​ប្រតិបត្តិការ​យោធា​ឆ្លង​ព្រំដែន ដោយ​ផ្អែក​លើ​ផែនទី​ដែល​គូស​ជា​ឯកតោភាគី ដែល​គឺ​ផែនទី​មាន​មាត្រដ្ឋាន ១/២០០.០០០ ដែល​ជា លទ្ធផល​នៃ​ការងារ​របស់​គណៈកម្មការ​ចំរុះ​ខណ្ឌសីមា​ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម តាម​អនុសញ្ញា​ឆ្នាំ ១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ រវាង​បារាំង និង​សៀម ដែល​ទទួលស្គាល់​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​ត្រូវ​បាន​បញ្ជាក់​ឡើង​វិញ​ដោយ​កម្ពុជា និង​ថៃ នៅ​ក្នុង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក ចុះ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០០០ (MOU 2000)… ។ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​ត្រូវ​បាន​ភាគី​ថៃ​យក​ទៅ​ចុះបញ្ជី​នៅ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១១ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​បញ្ជី​សន្ធិសញ្ញា​របស់​អង្គការសហប្រជាជាតិ​។

ដោយ​មើលឃើញ​ថា យោធា​ថៃ​នៅ​តែ​បន្ត​រំលោភ​បំពាន​យ៉ាង​គឃ្លើន​ដល់​វឌ្ឍនភាព​ដ៏​ធំធេង ដែល​ស​ធ្ងន់ធ្ងរ​ឡើង​នៅ​សមរភូមិ​ជាក់ស្តែង ក៏​ដូច​ជា​ការ​មើលឃើញ​ពី​ភាព​ចាំបាច់​ជា​បន្ទាន់​ក្នុង​ការ​ទប់ស្កាត់​កុំឱ្យស្ថានការណ៍​នេះ​កាន់តែ​អាក្រក់​ថែម​ទៀត ដោយ​ផ្អែក​លើ​មាត្រា ៣៤ និង ៣៥(១) នៃ​ធម្មនុញ្ញ​អង្គការ សហប្រជាជាតិ និង​ដោយ​គោរព​លើ​សិទ្ធិ​អំណាច​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក្រោម មាត្រា ៩៩, តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​បាន​ស្នើ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ចាត់វិធានការ​ដូច​ខាងក្រោម​៖

១. «​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ឈ្លានពាន​ដោយ​កម្លាំងយោធា​ថៃ​ដោយ​គ្មាន​ការ ញុះញង់​ជា​មុន ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ការ​រំលោភ​លើ​មាត្រា ២(៤) នៃ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ​។

២. “​ទាមទារ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​វាយប្រហារ​ដោយ​យោធា​ថៃ រួម​ទាំង​ការ​បាញ់​ផ្លោង​ដោយ កាំភ្លើង​ធំ និង​ប្រតិបត្តិការ​យន្តហោះ​ចម្បាំង ដែល​រំលោភ​អធិបតេយ្យ និង​បូរណភាព​ទឹកដី របស់​កម្ពុជា​។

៣. «​ទាមទារ​ឱ្យ​យោធា​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ឈ្លានពាន​ដោយ​ខុសច្បាប់​លើ​កម្ពុជា បញ្ឈប់​ការ ប៉ុនប៉ង​វាយលុក ឬ​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា តាម​រយៈ​ការ​ប្រើ ប្រាស់​ផែនទី​ដែល​គូស​ដោយ​ឯកតោភាគី ហើយ​ត្រូវ​គោរព​យ៉ាង​ពេញលេញ​នូវ​ខ្សែបន្ទាត់​ព្រំដែន ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ និង​លិ​ខិ​តូប​ករ​ណ៍​នានា​ដែល​មាន​កាតព្វកិច្ច​ផ្លូវច្បាប់​»។

៤. «​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​រាល់​ការ​រំលោភច្បាប់​មនុស្សធម៌​អន្តរជាតិ រួម​ទាំង​ការ​វាយប្រហារ លើ​តំបន់​ស៊ី​វិល និង​គោលដៅ​ស៊ី​វិល ហើយ​ត្រូវ​គោរព​យ៉ាង​ពេញលេញ​នូវ​គោលការណ៍​មនុស្ស ជាតិ ការ​ញែក​ឱ្យ​ដាច់​ពី​គ្នា​លើ​គោលដៅ​វាយប្រហារ និង​ភាព​សមាមាត្រ​គ្នា ព្រមទាំង​គោរព យ៉ាង​ពេញលេញ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​​”។

៥. “​បញ្ជូន​បេសកកម្ម​ស្វែងរក​ការ​ពិតជា​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ ដើម្បី​បញ្ជាក់​ពី​ការ ពិត​នៅ​ទីតាំង​ជាក់ស្តែង ស៊ើបអង្កេត​លើ​ការ​រំលោភច្បាប់​អន្តរជាតិ​ពី​សំណាក់​ប្រទេស​ថៃ និង កំណត់​ការ​ទទួលខុសត្រូវ​របស់​ថៃ ចំពោះ​ការ​ស្លាប់ និង​រង​របួស​របស់​ជន​ស៊ី​វិល និង​ការ​បំផ្លិច បំផ្លាញ​ទ្រព្យសម្បត្តិ​។

បន្ទាប់​ពី​បាន​អំពាវនាវ​ជា​បន្ទាន់​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឱ្យ​ចាត់វិធានការ យ៉ាង​ម៉ឺងម៉ាត់ ឯកឧត្តម កែវ ឈា បាន​បញ្ជាក់​ជា​ថ្មី​ថា “​កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ការ សន្ទនា​ដោយ​សន្តិវិធី វិធីសាស្ត្រ​ការទូត និង​ការ​គោរព​ច្បាប់​អន្តរជាតិ​… និង​ការ​អនុវត្ត​កិច្ចព្រមព្រៀង ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ឱ្យ​បាន​ពេញលេញ​។ ទោះជា​យ៉ាងនេះ​ក្តី កម្ពុជា មិន​អាច ហើយ​ក៏​មិន​គួរ​បន្ត​ការ​អត់ធ្មត់​ដោយ​គ្មាន​ពេល​កំណត់​ឡើយ ចំពោះ​ការ​ឈ្លានពាន ឥត​ឈប់​ឈរ ដោយ​ខុសច្បាប់​”៕

Screenshot
Screenshot
Screenshot

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ