រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិបានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ធ្នូ ឆ្នាំ២០២៥ទាហានថៃបានបាញ់ប្រហារ បណ្តាលឲ្យជនស៊ីវិលកម្ពុជាបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន១០នាក់ (ទារក១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន៦០នាក់ ។
ក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នេះ ជនស៊ីវិលបានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន១០នាក់ (ទារក១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន៦០នាក់ ។
ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ ។
កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។
ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ៕
ចែករំលែកព័តមាននេះ