អាមេរិក-វេណេស៊ុយអេឡា ៖ ជាវិធីធ្វើឲ្យកាន់តែតានតឹងថែមទៀតដល់ទំនាក់ទំនងជាមួយវេណេស៊ុយអេឡា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ប្រកាសកាលពីថ្ងៃទី១០ ធ្នូ ថា អាមេរិកបានចាប់នាវាដឹកប្រេងដ៏ធំមួយគ្រឿងក្នុងដែនទឹកវេណេស៊ុយអេឡា ។
ប្រធានាធិបតីអាមេរិកអះអាងថា យើងទើបចាប់នាវាដឹកប្រេងមួយគ្រឿង ក្នុងដែនទឹកវេណេស៊ុយអេឡា ដែលជានាវាដឹកប្រេងដ៏ធំបំផុត មិនធ្លាប់ដែលចាប់ ។ លោកមិនបានផ្ដល់ភាពលម្អិតពីនាវានោះឡើយ ទាំងម្ចាស់របស់វាទាំងទិសដៅដែលត្រូវទៅ ។ លោកលើកឡើងថា នាវានេះត្រូវចាប់ដោយសារហេតុផលត្រឹមត្រូវបំផុត ។ លោកបន្តថា អាមេរិកមានបំណងរក្សាទុកប្រេងដែលដឹកក្នុងនាវានោះ ។
ក្រោយមក រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោកស្រីប៉ាមបុនឌីអះអាងតាមតាមបណ្ដាញសង្គមXថា នាវាដែលចាប់នោះដឹកប្រេង ដែលស្ថិតក្រោមទណ្ឌកម្មមកពីវេណេស៊ុយអេឡា និងអ៊ីរ៉ង់ ។ លោកស្រីថ្លែងថា ចាប់តាំងពីច្រើនឆ្នាំមកហើយ នាវាដឹកប្រេងនោះ ស្ថិតក្រោមទណ្ឌកម្មរបស់ហរដ្ឋអាមេរិក មកពីចូលរួមក្នុងបណ្ដាញដឹកប្រេងខុសច្បាប់ ដែលជួយទ្រទ្រង់ដោយបណ្ដាអង្គការភេរវកម្មបរទេស ។
លោកស្រីបញ្ជាក់ថា ប្រតិបត្តិការនោះ ធ្វើឡើងជាពិសេស ដោយFBI ជាមួយការជួយទ្រទ្រង់ របស់ក្រសួងការពារប្រទេស ដែលចេញផ្សាយវីដេអូមួយដោយគេឃើញកងយោធាប្រដាប់ដោយអាវុធលោតចុះពីឧទ្ធម្ភាគចក្រមកលើនាវានោះ ។ ប្រធានាធិបតីវេណេស៊ុយអេឡា លោកនីកូឡាស់ម៉ាឌូរ៉ូ ទាមទារឲ្យបញ្ឈប់ការជ្រែតជ្រែក ដោយខុសច្បាប់ និងដោយកម្រោលរបស់សហរដ្ឋអាមេរិក ដែលដាក់ពង្រាយកងទ័ពដ៏ច្រើន ក្នុងតំបន់ការ៉ាអ៊ីបចាប់តាំងពីខែសីហាមក ។
ក្នុងបាតុកម្មមួយដែលរៀបចំធ្វើនាថ្ងៃប្រគល់ពានរង្វាន់នូបែលសន្តិភាពនៅក្រុងអូស្លូ ដែលជ័យលាភីពានរង្វាន់នោះ ជាមេដឹកនាំប្រឆាំងវេណេស៊ុយអេឡា លោកស្រីម៉ារីយ៉ាកូរីណាម៉ាឆាដូ មិនអាចទៅទទួលបានដោយកូនស្រីជាអ្នកទទួលជំនួស ។ លោកម៉ាឌូរ៉ូលើកឡើងពីវេណេស៊ុយអេឡាថា យើងស្នើនិងទាមទារឲ្យបញ្ចប់ ការជ្រៀតជ្រែកដោយខុសច្បាប់ និងសាហាវរបស់រដ្ឋាភិបាលអាមេរិកចំពោះវេណេស៊ុយអេឡា និងអាមេរិកឡាទីន ។
រដ្ឋាភិបាលអាមេរិកបានបង្កើនវិធានការសេដ្ឋកិច្ចនិងយោធាប៉ុនប៉ងផ្ដួលរំលំមេដឹកនាំវេណេស៊ុយអេឡាលោកម៉ាឌូរ៉ូ ។ លោកត្រាំវាយតម្លៃថា បណ្ដាថ្ងៃចុងក្រោយរបស់លោកម៉ាឌូរ៉ូកំពុងរាប់។ ពិសេសបំផុតអាមេរិកបានបង្កើនការវាយប្រហារ ប្រឆាំងបណ្ដានាវាដែលចោទប្រកាន់ថា ដឹកគ្រឿងញៀនក្នុងសមុទ្រការ៉ាអ៊ីប ៕
ចែករំលែកព័តមាននេះ