ខេត្តពោធិ៍សាត់៖ ក្រៅពីជួយឧបត្ថម្ភជាស្បៀង គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ដល់រដ្ឋបាលសាលាខេត្ត សម្រាប់ជួយដល់វីរៈកងទ័ពជួរមុខនិងជនភៀសសឹក ឥឡូវនេះមានក្រុមអាជីវករមួយក្រុម បាននាំគ្នាធ្វើអំបុកបាក់យ៉ុង សម្រាប់ជួយដល់កងទ័ពបន្ថែមទៀត ព្រោះវាងាយស្រួលសម្រាប់កងទ័ព ក្នុងការបុកព្រៃ។
លោកស្រី ហួត ផាវី ជាអាជីវករម្នាក់បានឲ្យដឹងថា ការធ្វើអំបុកបាក់យ៉ុងជូនកងទ័ពនេះ ផ្ដើមឡើងដោយប្អូនប្រុសឈ្មោះ វ៉ាន់ ហ៊ាង និងប្អូនប្រុសឈ្មោះ អ៊ុន ទាហេង ជាអាជីវករលក់ក្រណាត់ លក់អង្ករ និងលក់គ្រឿងសំណង់ រួមជាមួយអាជីវករផ្សារពោធិ៍សាត់មួយចំនួនទៀត ដែលមានស្មារតីនិងទឹកចិត្តស្រលាញ់កងទ័ព។ អំបុកទាំងនេះធ្វើនៅផ្ទះចុងភៅអ៊ីណាគ្រី ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលមានវត្ថុធាតុដើម អំបុកស្រូវថ្មីចំនួន១៤៥គក្រ និងសាច់មាន់ចំនួន១០គក្រ។ ក្រុមអាជីវករបាននាំគ្នាធ្វើដោយក្ដីរីករាយ ក្នុងទឹកចិត្តផុសចេញពីបេះដូងពិតៗ ហើយអំបុកបានលីងជាមួយសាច់ផាត់(សាច់មាន់)យ៉ាងស្រួយខ្ញោក និងមានរសជាតិឈ្ងុយឆ្ងាញ់ រួចហើយបានច្រកក្នុងដបទឹកសុទ្ធ សរុបបានចំនួនមួយពាន់ដបផងដែរ។
ទង្វើរបស់ក្រុមអាជីវករខាងលើនេះ ជាគម្រូមួយដ៍ល្អនិងមានទឹកចិត្តស្រលាញ់កងទ័ព ក្នុងនាមឈាមជ័រខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ គឺមិនចង់ឲ្យខ្មាំងសត្រូវណា មករំលោភឈ្លានពានទឹកដីរបស់ខ្លួនបានឡើយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន បិតាសន្តិភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ដែលជាថ្នាក់ដឹកនាំដ៍ឈ្លាសវៃ ម៉ឺងម៉ាត់ ច្បាស់លាស់ មានភាពទទួលខុសត្រូវ ដែលប្រជាពលរដ្ឋខេត្តពោធិ៍សាត់ គោរពស្រលាញ់គ្រប់គ្នាសព្វថ្ងៃនេះ ៕





ចែករំលែកព័តមាននេះ